(ណាននីង, ចិន)៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមក្នុង​ពិធី​បើកពិព័រណ៍ចិន-អាស៊ាន​លើកទី​២០ ជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង និង​មេដឹកនាំប្រទេសសមាជិកអាស៊ាន​មួយ​ចំនួនទៀត។ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើក​ទី២០ ដែលធ្វើឡើងក្រោម​ប្រធានបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយ​ភាព​សុខ​ដុម និងវាសនាតែមួយ» នោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញឡើងថ្លែង​សុន្ទរ​កថា​គន្លឹះផងដែរ។

ក្នុងសុន្ទរកថាគន្លឹះនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចពីបញ្ហាមួយចំនួនបង្ក​ឡើងជំងឺកូវីដ-១៩។ សម្រាប់សម្តេចធិបតី ជំងឺកូវីដ-១៩ បានធ្វើឱ្យពិភពលោកចលាចល ចលនាទាំងឡាយ របស់មនុស្សជាតិត្រូវបានធ្លាក់ចុះ។ បន្ថែមពីលើនោះ ក្នុងឆ្នាំ២០២១ និង២០២២ ពាណិជ្ជកម្មទំនិញបានកើនឡើងខ្ពស់ជាងកម្រិតមុនជំងឺកូវីដ-១៩ ផ្ទុះឡើង​ទៀត ដែលនេះបញ្ជាក់ពីតួនាទីដ៏សំខាន់នៃពាណិជ្ជកម្ម ក្នុងការធានាសន្តិសុខផ្នែក​សង្គម​-សេដ្ឋកិច្ច​របស់ប្រជាជនលើពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា បច្ចុប្បន្នពិភពលោកកំពុងតែជួប​ប្រទះនឹងបញ្ហាប្រឈមផ្សេងទៀត ដូចជាការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ, សន្តិសុខ​ស្បៀង និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាដើម។ ឆ្លើតតបនឹងបញ្ហាទាំងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចការធ្វើពាណិជ្ជកម្មដើរតួនាទីសំខាន់ ក្នុង​កា​រ​ចូលរួមដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយនេះ ដើម្បីធានាថា ការពឹងផ្អែក​ទៅ​វិញ​ទៅមក និងសកលភាវូបនីយកម្ម គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

សម្តេចធិបតីបន្តថា ការធ្វើពាណិជ្ជមិនគួរត្រូវបានប្រើប្រាស់ជាអាវុធ ដែលបំផ្លាញដល់សន្តិ​សុខ​​សេដ្ឋកិច្ចពិភពលោកនោះទេ។ ក្នុងន័យនេះ អាស៊ាន និងចិន គឺជាតួអង្គដ៏សំខាន់​ដែល​អាចបង្ហាញឧទាហរណ៍ដល់ពិភពលោក ពីផលប្រយោជន៍ដែលកើតចេញពីការពង្រឹង កិច្ច​សហប្រតិបត្តិការពហុភាគី ដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយម, ឯកតោភាគី​និយម ឬគំនិតជាតិនិយមសេដ្ឋកិច្ចនោះទេ។

ស​ម្តេចធិបតី បានសង្កត់ធ្ងន់ថា ក្នុងទិសដៅខាងមុខ អាស៊ាន និងចិន ត្រូវខិតខំពង្រឹង​កិច្ច​សហប្រតិបត្តិការ និងការពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្ដបើក​ច្រក​ទីផ្សារ, ការពង្រឹងការតភ្ជាប់, ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់, ការពង្រឹង​សមត្ថភាព​ផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់, ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងរួមគ្នាជំរុញ​សកម្ម​ភាព វិនិយោគទៅវិញទៅមក។ បន្ថែមពីនេះ ចិន និងអាស៊ានក៏ត្រូវពង្រឹងការគាំទ្រផ្នែក​បច្ចេក​ទេស ជាពិសេសទាក់ទងនឹងអនុលោមភាព នៃលក្ខខណ្ឌទីផ្សារ និងតម្រូវការទីផ្សារ ដែលការគាំទ្រទាំងនេះអាចធានាបានថា ប្រទេសកំពុងអភិវឌ្ឍអាចទាញផលប្រយោជន៍ បានដោយពិតប្រាកដពីការបើកចំហទីផ្សារ ដែលកើតចេញពីយន្តការពាណិជ្ជកម្មពហុភាគី៕