(ភ្នំពេញ)៖ លោក ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា បន្ទាប់ពីអគារសិក្សាកម្ពស់ ៩ជាន់ តម្លៃប្រមាណ ២លានដុល្លារ សម្ពោធដាក់ឲ្យប្រើប្រាស់ ធ្វើឲ្យកំណើននៃសមណនិស្សិត និងសិស្សនិស្សិត បានទៅចុះឈ្មោះចូលរៀន នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានកើនឡើងគួរឲ្យកត់សម្គាល់។

ក្នុងពិធីបើកនូវការប្រឡងជ្រើសរើសសមណនិស្សិត និងសិស្សនិស្សិត ចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៣-២០២៤ មានការចូលរួមពីផ្នែកពុទ្ធិកឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ងួន ស្ដេចភក្តី បានថ្លែងថា ការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល បានធ្វើឲ្យវិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់ ខណៈនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក៏មានការរីកចម្រើនផងដែរ ទាំងអគារសិក្សា ការពង្រីកនូវមុខវិជ្ជាសិក្សា និងចំនួនសាស្ត្រាចារ្យមានការកើនឡើង។

លោកបន្តថា ដោយស្របពេលដែលអគារសិក្សាថ្មី ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើឲ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានពង្រីកនូវបន្ទប់សិក្សា អាចទទួលសមណនិស្សិត និងនិស្សិតចូលសិក្សាបានច្រើន ពិសេសថ្មីៗនេះ ក៏បានបើកនូវថ្នាក់បណ្ឌិតលើកដំបូង សម្រាប់សាកលវិទ្យាល័យរដ្ឋ ផ្នែកព្រះពុទ្ធសាសនាផងដែរ ។

លោករដ្ឋលេខាធិការបានបន្ថែមថា ជាក់ស្ដែងនៅឆ្នាំសិក្សា២០២៣-២០២៤ មានបេក្ខជនសមណនិស្សិត និងសិស្សនិស្សិតចំនួន ២១៥អង្គ/នាក់ ចូលរួមប្រឡងចូលរៀនថ្នាក់អនុបណ្ឌិត លើជំនាញរដ្ឋបាលសាធារណៈ គ្រប់គ្រងទូទៅ អក្សរសាស្ត្រខ្មែរ និងអក្សរសាស្ត្រអង់គ្លេស ដែលចំនួននេះ គឺមានការកើនឡើងបើធៀបនឹងឆ្នាំមុនៗ។

លោក ងួន ស្ដេចភក្តី បានបញ្ជាក់ថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ គឺក្នុងមួយឆ្នាំៗ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក៏ផលិតបាននូវធនធានមនុស្សប្រមាណជាង ១ពាន់នាក់ ដោយនិស្សិតខ្លះបានប្រឡងជាប់ក្របខណ្ឌបម្រើការងារ ក្នុងវិស័យរដ្ឋផងដែរ ។

សូមជម្រាបជូនថា សកម្មភាពនៃការប្រឡង ក៏មានការនិមន្ត-អញ្ជើញចូលរួមពីលោក ងួន ស្តេចភក្តី ជាតំណាងបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រួមទាំងផ្នែកពុទ្ធិកឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ, លោក កាន់ សុខុម សាកលវិទ្យាធិការរងទទួលបន្ទុក ថ្នាក់បរិញ្ញាបត្រជាន់ខ្ពង់ខ្ពស់ លោកស្រី ប៉ែន ច័ន្ទចរិយា សាកលវិទ្យាធិការរងហិរញ្ញវត្ថុនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ សកម្មភាពប្រឡងជ្រើសរើសនេះ បានបញ្ចប់ដោយភាពរលូន ប្រកបដោយទឹកចិត្ត មេត្តា ករុណា បញ្ញា និងស្នាមញញឹមគួរជាទីមោទនៈយ៉ាងក្រៃលែង៕