(ភ្នំពេញ)៖ ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងការអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅក្នុងប្រទេសចិន រយៈពេល៤ថ្ងៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជាប្រមុខដឹកនាំរបស់កម្ពុជា ទទួលបានផ្លែផ្កាខ្ពស់ ជាពិសេសការបន្តពូនជ្រំពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ជាមួយប្រទេសចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២លើពិភពលោក និងលំដាប់លេខ១នៅតំបន់អាស៊ី។
ក្រោយបញ្ចប់ដំណើរទស្សនកិច្ច និងបេសកកម្មការងាររយៈពេល៤ថ្ងៃ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូចាកចេញពីទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ហោះឆ្ពោះមកកម្ពុជាវិញហើយនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។
សូមរំលឹកថា តបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នា២០២៣។ នេះជាការចេញដំណើរទស្សនកិច្ចផ្លូវការលើកដំបូង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភាឱ្យដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មី។
បន្ទាប់ពីការហោះហើររយៈពេលប្រមាណជា៥ម៉ោង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ បានហោះដល់រដ្ឋធានីប៉េកាំង ប្រទេសចិន នាពេលរសៀលថ្ងៃទី១៤ ខែកញ្ញា។ ដំណើរអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិក្នុងរដ្ឋធានីប៉េកាំង សម្តេចធិបតិ និងលោកជំទាវ ទទួលបានការស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់របស់ចិន និងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន ក៏ដូចជាមន្ត្រីអមស្ថានទូតមួយចំនួនទៀត។
ពេលអញ្ជើញដល់ប្រទេសចិន សម្តេចធិបតី បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅស្តូបអនុស្សាវរីយ៍វីរបុរសចិន។ បន្ទាប់មកអញ្ជើញក្រាបបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលកំពុងគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង។
ការកៀរគរវិនិយោគ ជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋ។ ដូច្នេះដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់ប្រទេសចិននេះ ការទាក់ទាញការវិនិយោគក៏ជារបៀបវារៈដ៏ចាំបាច់មួយសម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។
ក្រោយពេលអញ្ជើញដល់ប្រទេសចិនភ្លាម មិនបានបង្អែបង្អង់នោះឡើយ ទោះបីចំណាយពេលលើយន្តហោះច្រើនម៉ោងយ៉ាងណាក្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយនឹងក្រុមវិនិយោគធំៗរបស់ចិនជាបន្តបន្ទាប់។ សម្តេចធិបតី បានជួបក្រុមហ៊ុនវិនិយោគធំៗរបស់ចិនចំនួន៤ រួមមាន៖ ក្រុមហ៊ុន SINOMACH Heavy Equipment Co., Ltd. ជាក្រុមហ៊ុនវិនិយោគផ្នែកថាមពលអគ្គសិនី, China Road and Bridge Corporation (CRBC) ជាក្រុមហ៊ុនវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ជាពិសេសកំពុងសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា, ក្រុមហ៊ុន China Huaneng Group ជាក្រុមហ៊ុនផ្នែកថាមពលអគ្គិសនី និងជាក្រុមហ៊ុនបានសាងសង់វារីអគ្គិសនីសេសានក្រោម២នៅកម្ពុជាផងដែរ និងក្រុមហ៊ុនមួយទៀត គឺក្រុមហ៊ុន Huawei Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន។
ក្នុងជំនួបជាមួយក្រុមហ៊ុនធំៗរបស់ចិនទាំង៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចអំពីគោលនយោបាយពាក់ព័ន្ធការវិនិយោគនៅកម្ពុជា ហើយក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនបន្តវិនិយោគនៅកម្ពុជា ព្រមទាំងបានស្នើឱ្យជួយបណ្តុះបណ្តាលផ្នែកអគ្គសិនី និងបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រីកសមត្ថភាពរបស់កូនខ្មែរលើជំនាញអគ្គិសនី និងបច្ចេកវិទ្យាឌីជីថល។ ក្នុងជំនួបជាមួយក្រុមហ៊ុន Huawei សម្តេចធិបតីនាយករដ្ឋមន្ត្រីចង់ឃើញក្រុមហ៊ុនមួយវិនិយោគលើការផលិតសម្ភារៈគ្រឿងបង្គំអេឡិចត្រូនិកនៅកម្ពុជាផងដែរ។
នៅថ្ងៃទី១៥ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្តើមជាមួយមេដឹកនាំកំពូលៗរបស់ចិនទៅតាមរបៀបវារៈនៃដំណើរទស្សនកិច្ចដូចបានគ្រោងទុក។ សម្តេចធិបតី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារដំបូងគេ គឺលោក ស៊ី ជិនពីង ប្រធានាធិបតីចិន។
ក្នុងជំនួបនេះ លោកប្រធានាធិបតី ស៊ីន ជីនពីង បានស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយក្តីសោមនស្សរីករាយជាទីបំផុតចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាដំណើរទស្សនកិច្ចនៅប្រទេសជាមិត្តលើកដំបូងរបស់សម្តេចក្រោយឡើងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបនេះលោក ស៊ី ជីនពីង បានរំលឹកឡើងវិញនូវចំណងមិត្តដ៏ស្អិតល្មួតរវាងកម្ពុជា និងចិន។ លោក ស៊ី ជីនពីង ក៏បានរំលឹកផងដែរថា ពីអនុស្សាវរីយ៍ទាំងឡាយដែលធ្លាប់បានធ្វើជាមួយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ លោក បានចាត់ទុកសម្តេចតេជោ គឺជាមេដឹកនាំកម្ពុជាមួយរូប ដែលបានកសាងយ៉ាងរឹងមាំនូវចំណងមិត្តភាពរវាងកម្ពុជា-ចិន។
ក្រៅតែពីកិច្ចស្វាគមន៍ប្រកបដោយមេត្រីភាពយ៉ាងជ្រាលជ្រៅហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ស៊ី ជីនពីង ក៏បានពិភាក្សាលើកិច្ចការចាំបាច់មួយចំនួនផ្តោតទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីផ្តោតទៅលើបញ្ហានយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគផងដែរ។ ពាក់ព័ន្ធបញ្ហានយោបាយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរយ៉ាងមុតមាំក្នុងការបន្តនយោបាយចិនតែមួយដោយមិនមានការប្រែប្រួលនោះឡើយ។ បន្ថែមពីលើនោះប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសប្រឆាំងរាល់ការជ្រៀងជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ដោយឡែកលោកប្រធានាធិបតីចិន ក៏បានបង្ហាញជំហរដ៏មុតមាំក្នុងការបន្តគោរពរាល់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ លោកប្រធានាធិបតី ក៏បានប្តេជ្ញាចូលរួមជាមួយកម្ពុជាការពាររាល់បំណងជ្រៀតជ្រែកកិច្ចផ្ទៃក្នុងរបស់កម្ពុជា។ ជាពិសេសនឹងប្រឹងប្រែងការពារឱ្យបាននូវចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងចិន ដោយមិនឱ្យអំណាចណាមួយមកបំបែកបាននោះឡើយ ដើម្បីធានារក្សានូវអត្ថប្រយោជន៍រវាងប្រទេស និងប្រជាជនកម្ពុជា និងចិន។
សម្រាប់បញ្ហាតំបន់ និងពិភពលោក មេដឹកនាំកម្ពុជា-ចិន ប្តេជ្ញាបន្តគោរព និងអនុវត្តន៍តាមច្បាប់អន្តរជាតិដែលមានជាធរមាន។ ជាពិសេសនឹងប្រឹងប្រែងដោះស្រាយបញ្ហាទាំងឡាយ ដើម្បីរក្សាបានសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ ពិភពលោក ដែលជាបំណងប្រាថ្នាដ៏ចាំបាច់របស់មនុស្សជាតិ។
បន្ទាប់ពីជួបជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង ហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជួបជាមួយលោក ចាវ ឡឺជី ប្រធានសភាប្រជាជនចិន។ ក្នុងជំនួបនេះ លោក ចាវ ឡឺជី ក៏បានស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងក្តីសោមនស្សរីករាយចំពោះដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន។
ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ចាវ ឡឺជី ក៏បានពិភាក្សាទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ ហើយមានជំហរដូចគ្នាក្នុងការបន្តពូនជ្រំ និងជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ។
បន្ថែមពីលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ជាគំនិតឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងមេដឹកនាំសភារវាងប្រទេសទាំងពីរ ជាពិសេសសមាជិកសភាវ័យក្មេង ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា និងសភានៃប្រទេសទាំងពីរ។
បន្ទាប់ពីជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានាធិបតី និងប្រធានសភាប្រជាជនហើយនោះ នៅរសៀលថ្ងៃដដែលនោះ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ពិធីបដិសណ្ឋារកិច្ចជាផ្លូវការត្រូវបានធ្វើឡើងនៅមហាវិមានប្រជាជនចិន កម្រាលព្រំពណ៌ក្រហមដ៏វែងអន្លាយ ជាមួយកងកិត្តិយសជាច្រើនរូប ត្រូវបានរៀបចំទទួលបដិសណ្ឋារកិច្ចដំណើរបំពេញទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងប្រទេសចិន។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចប្រកបដោយមហាកិត្តិយសនោះទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី លី ឈាង បានជួបពិភាក្សាការងារទ្វេភាគី។ ក្នុងជំនួបពិភាក្សានោះ បានផ្តោតទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក លី ឈាង បានបន្តរក្សាយ៉ាងរឹងមាំ និងខ្លាំងក្លាថែមទៀត លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយ។ ជាពិសេសនឹងបន្តប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលជាប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេស និងប្រជាជន។
បន្ទាប់ពីកិច្ចពិភាក្សាការងារទ្វេភាគីនោះទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក លី ឈាង បានអញ្ជើញជាអធិបតីភាពរួមគ្នាក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗរហូតដល់ទៅ១៥។ ឯកសារទាំងនេះ ត្រូវបានចុះហត្ថលេខាដោយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ឯកសារទាំង១៥នោះ រួមមានផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន (២០២៤-២០២៨) និងកិច្ចសហប្រតិបត្តិការស្តីពី «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា», «ច្រករបៀងមច្ឆា និងអង្ករ», ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង ការត្រួតពិនិត្យ និងចត្តាឡីស័ក ព្រៃឈើ និងសត្វព្រៃ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។
ក្នុងដំណើរទស្សនកិច្ចនៅរដ្ឋធានីប៉េកាំងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមក្នុងកិច្ចសំណេះសំណាល និងពិសារអាហារសាមគ្គី ដែលរៀបចំដោយអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចចិន និងកម្ពុជា។ ក្នុងវេទិកានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញនយោបាយមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការវិនិយោគ ជាពិសេសរាជរដ្ឋាភិបាលផ្តល់កិច្ចគាំពារខ្ពស់ចំពោះវិស័យឯកជន ដែលរាជរដ្ឋាភិបាលចាត់ទុកជាដៃគូដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍន៍ជាតិ។
ក្នុងន័យនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចរបស់ចិន អញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចធិបតី បានធានាអះអាងថា ការវិនិយោគនៅកម្ពុជានឹងទទួលបានផ្លែផ្កា និងការរីកចម្រើន។
ដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ត្រូវបានបិទបញ្ចប់នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា។ លុះព្រឹកថ្ងៃទី១៦ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ ហោះតាមជើងយន្តហោះពិសេសរបស់កម្ពុជាលេខ០០១ ឆ្ពោះទៅកាន់ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០។
អញ្ជើញដល់ទីក្រុងណានីង សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបលោក លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តក្វាងស៊ី ដើម្បីសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន។
ក្នុងជំនួបនោះ លោកលេខាធិការបក្សតំបន់ស្វយ័តក្វាងស៊ី បានជម្រាបសម្ដេចធិបតី ហ៊ុន ម៉ាណែត អំពីសក្តានុពល ឧត្ដមភាព និងភាពខ្លាំងនៃតំបន់ស្វយ័តក្វាងស៊ី ព្រមទាំងអំពីកិច្ចសហប្រតិបត្តិការដែលតំបន់ស្វយ័ត បានធ្វើជាមួយប្រទេសកម្ពុជា និងកំពុងស្វែងរកលទ្ធភាពបន្ថែមផ្សេងទៀត។ លោក លាវ នីង បានបញ្ជាក់ថា បច្ចុប្បន្ននេះ តំបន់ស្វយ័តក្វាងស៊ី មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយប្រទេសកម្ពុជា នៅក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា ការអប់រំ កីឡា និងការបណ្តុះបណ្តាលធនធានមនុស្ស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះព័ត៌មានទាំងឡាយពាក់ព័ន្ធកិច្ចសហប្រតិបត្តិការដែលតំបន់ស្វយ័ត បានធ្វើជាមួយប្រទេសកម្ពុជា។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ ចំពោះការរីកលូតលាស់ និងការវិវឌ្ឍសេដ្ឋកិច្ចរបស់តំបន់ស្វយ័ត ដែលប្រៀបបីដូចជាចលករសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសចិន។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យតំបន់ស្វយ័តក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសពង្រឹង និងពង្រីកបន្ថែមលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ផ្ដល់ការគាំទ្រដល់ផលិតផលកសិកម្មកម្ពុជា ការផ្តល់សេវាថែទាំសុខភាពសាធារណៈ ជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ និងកីឡា ព្រមទាំងការបង្កើនជើងហោះហើរត្រង់រវាងតំបន់ស្វយ័តក្វាងស៊ី និងប្រទេសកម្ពុជា។
សម្តេចធិបតី ក៏ស្នើឱ្យលោកលេខាធិការបក្ស ពិនិត្យលទ្ធភាពពន្លឿនដំណើរការនៃការរៀបចំនីតិវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន (Cambodia-China Industrial Parks) ដែលនឹងផ្តោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល (digital economy) និងកសិកម្មវៃឆ្លាត (smart agriculture)។
តបនឹងអ្វីដែលសម្តេចធិបតីបានលើកឡើង, លោក លាវ នីង បានជម្រាបថា លោកនឹងពិនិត្យលទ្ធភាពបង្កើនជើងហោះហើរត្រង់ពីតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទៅកាន់ប្រទេសកម្ពុជា ដោយលោកនឹងចាប់ផ្តើមពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធទាំងនៅចិន និងទាំងនៅកម្ពុជា។
នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី២០ ជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង និងមេដឹកនាំប្រទេសសមាជិកអាស៊ានមួយចំនួនទៀត។ ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី២០ ដែលធ្វើឡើងក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និងវាសនាតែមួយ» នោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះផងដែរ។
ក្នុងសុន្ទរកថាគន្លឹះនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចពីបញ្ហាមួយចំនួនបង្កឡើងជំងឺកូវីដ-១៩។ សម្រាប់សម្តេចធិបតី ជំងឺកូវីដ-១៩ បានធ្វើឱ្យពិភពលោកចលាចល ចលនាទាំងឡាយ របស់មនុស្សជាតិត្រូវបានធ្លាក់ចុះ។ បន្ថែមពីលើនោះ ក្នុងឆ្នាំ២០២១ និង២០២២ ពាណិជ្ជកម្មទំនិញបានកើនឡើងខ្ពស់ជាងកម្រិតមុនជំងឺកូវីដ-១៩ ផ្ទុះឡើងទៀត ដែលនេះបញ្ជាក់ពីតួនាទីដ៏សំខាន់នៃពាណិជ្ជកម្ម ក្នុងការធានាសន្តិសុខផ្នែកសង្គម-សេដ្ឋកិច្ចរបស់ប្រជាជនលើពិភពលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា បច្ចុប្បន្នពិភពលោកកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមផ្សេងទៀត ដូចជាការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ, សន្តិសុខស្បៀង និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាដើម។ ឆ្លើតតបនឹងបញ្ហាទាំងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចការធ្វើពាណិជ្ជកម្មដើរតួនាទីសំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយនេះ ដើម្បីធានាថា ការពឹងផ្អែកទៅវិញទៅមក និងសកលភាវូបនីយកម្ម គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
សម្តេចធិបតីបន្តថា ការធ្វើពាណិជ្ជមិនគួរត្រូវបានប្រើប្រាស់ជាអាវុធ ដែលបំផ្លាញដល់សន្តិសុខសេដ្ឋកិច្ចពិភពលោកនោះទេ។ ក្នុងន័យនេះ អាស៊ាន និងចិន គឺជាតួអង្គដ៏សំខាន់ដែលអាចបង្ហាញឧទាហរណ៍ដល់ពិភពលោក ពីផលប្រយោជន៍ដែលកើតចេញពីការពង្រឹង កិច្ចសហប្រតិបត្តិការពហុភាគី ដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយម, ឯកតោភាគីនិយម ឬគំនិតជាតិនិយមសេដ្ឋកិច្ចនោះទេ។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា ក្នុងទិសដៅខាងមុខ អាស៊ាន និងចិន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងការពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្ដបើកច្រកទីផ្សារ, ការពង្រឹងការតភ្ជាប់, ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់, ការពង្រឹងសមត្ថភាពផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់, ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងរួមគ្នាជំរុញសកម្មភាព វិនិយោគទៅវិញទៅមក។ បន្ថែមពីនេះ ចិន និងអាស៊ានក៏ត្រូវពង្រឹងការគាំទ្រផ្នែកបច្ចេកទេស ជាពិសេសទាក់ទងនឹងអនុលោមភាព នៃលក្ខខណ្ឌទីផ្សារ និងតម្រូវការទីផ្សារ ដែលការគាំទ្រទាំងនេះអាចធានាបានថា ប្រទេសកំពុងអភិវឌ្ឍអាចទាញផលប្រយោជន៍ បានដោយពិតប្រាកដពីការបើកចំហទីផ្សារ ដែលកើតចេញពីយន្តការពាណិជ្ជកម្មពហុភាគី។
បន្ទាប់ពីបានអញ្ជើញបើកពិព័រណ៍ចិន-អាស៊ានលើកទី២០ហើយនោះ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញកាត់ខ្សែបូរសម្ពោធពន្លាជាតិកម្ពុជា និងទស្សនាសាលពិព័រណ៍ផលិតផលរបស់ខ្មែរ ដែលរៀបចំតាំងបង្ហាញនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង។
នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២០ ដែលបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ ផលិតផលរបស់ខ្មែរជាច្រើនត្រូវបានយកទៅតាំងបង្ហាញនៅក្នុងពិព័រណ៍នេះ មានដូចជា អង្ករ ម្រេច គ្រប់ស្វាយចន្ទីរ ស្រាផ្លែឈើ ស្ករត្នោតធម្មជាតិ កាហ្វេខ្មែរ គ្រឿងចម្លាក់ដោយដៃ គ្រឿងអលង្ការ ក្រណាត់ និងសម្លៀកបំពាក់ខ្មែរ និងផលិតផលកសិកម្មជាច្រើនទៀត។
ពិព័រណ៍ចិន-អាស៊ាន គឺជាឱកាសមួយក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្មែរ និងដើម្បីស្វែងរកដៃគូចិន ក្នុងការចែកចាយនៅទីផ្សារក្នុងប្រទេសចិន។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានក្តីរំភើបរីករាយ និងលើកទឹកចិត្តបងប្អូនពាណិជ្ជករ និងអ្នកវិនិយោគចូលរួមជំរុញការនាំចេញផលិតផលកសិកម្មខ្មែរឱ្យកាន់តែច្រើន ដើម្បីជួយដល់កសិកឱ្យមានជីវភាពកាន់តែប្រសើឡើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ និងអាជីវករ ដែលបានប្រឹងប្រែងក្នុងការរៀបចំ និងនាំយកផលិតផលរបស់កម្ពុជា មកតាំងបង្ហាញដល់សាធារណជនក្នុងកម្មវិធី «ពិព័រណ៍ចិន-អាស៊ានលើកទី២០»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តក្វាងស៊ី នៃតំបន់ស្វយ័តក្វាងស៊ី ដែលផ្តល់នូវបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់ចំពោះគណៈប្រតិភូកម្ពុជា ក៏ដូចជាសហការ និងសម្របសម្រួលសម្រាប់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំការនាំយកផលិតផលរបស់កម្ពុជា មកតាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អាស៊ាន-ចិន លើកទី២០ នេះប្រកបដោយភាពទាក់ទាញ និងសម្រេចបានលទ្ធផលល្អប្រសើរ។
សម្តេចធិបតី បានលើកឡើងថា កិច្ចការនេះ គឺជាការរួមចំណែកលើកកម្ពស់កិត្យានុភាព និងវប្បធម៌ជាតិ នៅលើឆាកអន្តរជាតិ តាមរយៈការតាំងបង្ហាញដល់ប្រជាជនបរទេស ឱ្យបានស្គាល់ផលិតផលខ្មែរ ក៏ដូចជាដើម្បីជំរុញសក្តានុពលវិនិយោគសម្រាប់កម្ពុជា។ មួយវិញទៀត ព្រឹត្តិការណ៍នេះ គឺពិតជាបានដើរតួនាទីសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្មចិន-អាស៊ាន ឱ្យកាន់តែមានសន្ទុះខ្ពស់ឡើង ជាពិសេសក្នុងបរិបទនៃការងើបឡើងចេញពីវិបត្តិនៃជំងឺកូវីដ-១៩។
បន្ទាប់ពីអញ្ជើញចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ានហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអនុញ្ញាតឱ្យ លោក ឡាន ធានលី (Lan Tianli) អភិបាលខេត្តក្វាងស៊ីខេត្តក្វាងស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។
មុននឹងអញ្ជើញដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ លើកទី៣ ដែលធ្វើឡើងនៅទីក្រុងណាននីង ខេត្តក្វាងស៉ីផងដែរ។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមប្រធានបទ «ការធ្វើសមាហរណកម្មក្នុងទីផ្សារ បើកទូលាយរបស់កិច្ចព្រមព្រៀងអាសិប និងការជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក»។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់កម្ពុជា កិច្ចព្រមព្រៀងអាសិប ពិតជាមានសារៈសំខាន់ និងជាការចូលរួមចំណែករបស់កម្ពុជា ក្នុងការងារជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដោយហេតុថាការចាប់ផ្តើមចរចា និងចូលជាធរមានរបស់អាសិប បានកើតឡើងក្នុងពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន ពោលគឺក្នុងឆ្នាំ២០១២ និង២០២២។ សម្រាប់ក្របខណ្ឌតំបន់ អាសិបនៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុត លើពិភពលោក ដែលមានលក្ខណៈទំនើប រស់រវើក គ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់។
សម្តេចធិបតី លើកឡើងដែរថា ជាមួយនឹងភាពមិនប្រាកដប្រជាសកលកាន់តែខ្លាំងក្លាឡើង នាពេលបច្ចុប្បន្ន តួនាទីរបស់អាសិប រឹតតែមានសារៈសំខាន់ក្នុងការពង្រឹងទំនុកចិត្ត លើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ និងការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ដើម្បីពង្រឹងតួនាទីអាសិបបន្ថែមទៀត សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈមួយចំនួន ដូចខាងក្រោម៖
ទី១៖ ខ្ញុំជឿជាក់ថា ប្រទេសសមាជិកទាំងអស់មានទស្សនៈរួមថា សេដ្ឋកិច្ចរបស់ចិនមានសារៈសំខាន់ ក្នុងការដឹកនាំកំណើនសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដូច្នេះអាស៊ាន និងចិន ចាំបាច់ត្រូវពង្រឹងភាពធន់នៃកិច្ចសហប្រតិបត្តិការ និងអន្តរកម្មសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីបង្ហាញប្រាប់ពិភពលោកថា ការជំរុញពាណិជ្ជកម្មពហុភាគី ដែលសេរីបើកចំហមានបរិយាប័ន្ន និងផ្អែកលើវិធានច្បាប់ នៅតែជាដំណោះស្រាយរួម ដែលសមស្របបំផុតសម្រាប់យើងទាំងអស់គ្នា។
ទី២៖ ក្រៅពីពាណិជ្ជកម្មទំនិញ យើងក៏គួរផ្តោតការយកចិត្តទុកដាក់លើការជំរុញពាណិជ្ជកម្មសេវាកម្ម និងពាណិជ្ជកម្មឌីជីថលផងដែរ។ ខ្ញុំមើលឃើញសក្តានុពលពីសហថាមពល រវាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងអាសិប ដើម្បីជំរុញបន្ថែមទៀតដល់ពាណិជ្ជកម្មទំនិញ និងសេវាកម្ម។ សម្រាប់ពាណិជ្ជកម្មឌីជីថល ក្នុងពេលដែលយើងចាប់ផ្តើមចរចាកិច្ចព្រមព្រៀង ក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ខ្ញុំយល់ថាយើងចាំបាច់ត្រូវប្រមើលពីតួនាទីរបស់អាសិបនៅក្នុងក្របខណ្ឌនេះផងដែរ ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលឱ្យមានវិសាលភាពកាន់តែទូលំទូលាយ។
ទី៣៖ យើងត្រូវទទួលស្គាល់ថា វិស័យឯកជន គឺជាតួអង្គគន្លឹះក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ និងជាអ្នកជួយចែកចាយផលលាភសេដ្ឋកិច្ចឱ្យបានទូលំទូលាយទៅដល់ប្រជាជន។ ដូច្នេះយើងត្រូវបន្តបញ្ជ្រាបពីសារៈសំខាន់របស់អាសិបដល់វិស័យឯកជន ព្រមទាំងជំរុញនិងគាំទ្រលទ្ធភាពរបស់ពួកគេក្នុងការចូលរួមអនុវត្តអាសិប ជាពិសេសសហគ្រាសធុរកិច្ចថ្មី ធុនតូច និងមធ្យម។
ទី៤៖ យើងគួរចាប់ផ្តើមពន្លឿនការបញ្ចប់នីតិវិធី សម្រាប់ការស្នើសុំចូលជាសមាជិកអាសិបថ្មីៗថែមទៀត និងគិតគូរពីការពង្រីកសមាជិកភាព។ នេះគឺជាគោលនយោបាយរួមរបស់អាស៊ាន ដើម្បីជំរុញសមាហរណកម្ម ទៅក្នុងសេដ្ឋកិច្ចសកលលោក ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដែលមានសក្តានុពល។
ទី៥៖ ការធានាបរិយាប័ន្នភាពនៃកិច្ចព្រមព្រៀងអាសិប មានសារៈសំខាន់ក្នុងការបង្កើតភាពទាក់ទាញ និងបង្ហាញពីអត្ថប្រយោជន៍នៃការចូលរួមពាណិជ្ជកម្មពហុភាគី។ ក្នុងន័យនេះ ខ្ញុំលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃជំពូកស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ដែលនឹងជួយឱ្យសមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួចអាចមានលទ្ធភាពចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួន៕