(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បង្ហោះសារបញ្ជាក់ពីមនោសញ្ចេតនា ដែលជាក្តីបារម្ភរបស់សម្តេចចំពោះកូន នៅពេលដែលកូនធ្វើដំណើរចេញក្រៅប្រទេសម្តងៗ។

សម្តេចតេជោលើកឡើងថា ការបារម្ភពីកូននេះ គឺជាទឹកចិត្តឪពុក ហើយឪពុករបស់សម្តេច ក៏ធ្លាប់បារម្ភពីសម្តេចដូចគ្នា ពេលសម្តេចចេញបំពេញភារកិច្ចនៅក្រៅប្រទេសម្តងៗ។

ក្តីបារម្ភរបស់សម្តេចនេះ សំដៅដល់ការបារម្ភចំពោះកូនប្រុស គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៤ថ្ងៃ នៅប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «ទឹកចិត្តឪពុក ! កាលមុនពេលឪពុករបស់ខ្ញុំមរណភាពទៅ គាត់តែងតែរង់ចាំខ្ញុំ ពេលខ្ញុំចេញទៅក្រៅប្រទេសម្តងៗ។ ពេលខ្លះគាត់មិនសម្រាកទេ រហូតដល់ពេលខ្ញុំត្រឡប់មកដល់ផ្ទះវិញ ទើបគាត់ឈប់បារម្ភ។ បើទោះជាគាត់ដឹងថា ខ្ញុំជាអ្នកដឹកនាំរដ្ឋដែលមានអំណាច តែគាត់នៅព្រួយបារម្ភពីសុខទុក្ខយើងជាកូន។

រឿងដដែលបានកើតចំពោះខ្ញុំម្តង បើទោះដឹងថា កូនកំពុងកាន់អំណាចកំពូល មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ តែក៏នៅបារម្ភពីសុវត្ថិភាពរបស់កូន។

ខ្ញុំស្រឡាញ់កូន និងចៅដូចៗគ្នា ខ្ញុំតែងតែព្រួយបារម្ភនៅពេលពួកគេធ្វើដំណើរចេញទៅក្រៅប្រទេសម្តងៗ៕

Father's heart !

Before my father passed, he was always waiting for me when I had mission abroad. Sometimes he did not rest until I got home; only then did he stop worrying. Even though he knew I was a powerful leader of the state, he was still worried about our well-being as children. The same thing happened to me now. Though I know my son is holding top power and has any means of transportation, yet I am still concerned about my son’s safety.

I love children and grandchildren alike. I am always worried every time they travel abroad.»

សូមជម្រាបថា តបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន, សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសចិន កាល​ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

នៅយប់ថ្ងៃទី១៧ ខែកញ្ញានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់កម្ពុជា បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងការអញ្ជើញចូល​រួមពិ​ព័រណ៍​ចិន-អាស៊ាន​លើកទី២០ នៅក្នុងប្រទេសចិន ប្រកបដោយផ្លែផ្កាខ្ពស់៕