(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា នៅដើមអាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នេះ គឺជាព្រឹត្តិការណ៍ប្រវត្ដិសាស្រ្ដថ្មីមួយទៀត សម្រាប់ប្រជាជាតិខ្មែរយើង ប្រកបដោយក្ដីអំណរសាទរសប្បាយរីករាយយ៉ាងក្រៃលែង ដែលប្រាសាទកោះកេររបស់ដូនតាយើង ត្រូវបានអង្គការយូណេស្កូ សម្រេចចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌរូបីពិភពលោក របស់មនុស្សជាតិ នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត  ។

ទន្ទឹមនឹងអំណរសាទរដ៏សប្បាយរីករាយនេះ ក៏មានសំនួរ លើកទ្បើងថា តើប្រាសាទកោះកេរ ចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោក ផ្អែកលើគុណតម្លៃលេចធ្លោជាសកលអ្វីខ្លះ?

លោក រ័ត្ន សណ្តាប់ បន្ដថា ចំពោះការដាក់បញ្ចូលប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌរូបីពិភពលោក របស់មនុស្សជាតិនេះ គឺផ្អែកលើគុណតម្លៃលេចធ្លោជាសកលចំនួនពីរ គឺ៖ លក្ខណៈវិនិច្ឆ័យទី ២ Criteria Il រចនាបថប្រាសាទកោះកេរ បានបង្ហាញនូវទំនាក់ទំនងដ៏ពិសិទ្ធិនៃតម្លៃរបស់មនុស្សដែលត្រូវបានឆ្លុះបញ្ចាំងចេញពីរូបចម្លាក់ធ្វើអំពីថ្មភក់មានទំហំធំៗ យ៉ាងរស់រវើក និងល្អវិចិត្រដែលជាស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់មុន និងលក្ខណៈវិនិច្ឆ័យទី៤ Criteria iv រាជធានីបុរាណកោះកេរ គឺជាប្លង់គំរូនៃការរៀបចំក្រុងនាសម័យបុរាណ ដែលបានរៀបចំឡើងនៅក្នុងទម្រង់សំណង់ប្រាសាទ សាសនា និងបដិមាធំៗ ដោយប្រើប្រាស់ថ្មភក់ធំៗ ហើយសិល្បៈនេះបានជះឥទ្ធិពលដល់ស.វ.ក្រោយៗបន្តមកទៀត។

ប្រាសាទកោះកេរ កសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៤ស.វ.ទី១០ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ មានរាងជាពីរ៉ាមីត៧ជាន់ និងមានកម្ពស់៣៥ម៉ែត្រ ចម្លាក់ទោលធំៗ មិនជាប់នឹងជញ្ជាំងដូចប្រាសាទនានានៃតំបន់អង្គរឡើយ គឺជារាជធានី ពុំមានកំពែងព័ទ្ធជុំវិញ ជាទីក្រុងចំហ ដែលបណ្ដុំដោយ សិល្បៈ សាសនា នយោបាយ រដ្ឋបាល ព្រមទាំងមានការកសាងទំនប់ទឹកជាច្រើនកុំឲ្យជន់លិចរាជធានីយ៉ាងខ្វាត់ខ្វែង និងជាស្នាដៃដ៏ល្អឯករបស់បុព្វបុរសខ្មែរ។

លោក រ័ត្ន សណ្តាប់ បន្ដថាស្ថិតក្នុងន័យនេះ បើយើងនិយាយអំពីប្រវត្ដិឈ្មោះ "កោះកេរ" នេះទៀតសោត ជាភាសាសំស្ក្រឹតគឺ " លិង្គបុរ: " ឈោ្មះដើមនៃរាជធានីនេះក្នុង
សិលាចារឹក K.៣១ ប្រាសាទភ្នំជីសូរ ឆ្នាំ១០១៩នៃគ.ស. ; សិលាចារឹក K.៧២ ស.វ.ទី៩នៃគ.ស. សិលាចារឹកស្ដុកកោះធំ ជាដើមហៅថា "ឆោកគគ៌្យ-ឆោកគគីរ" ។

ពាក្យខ្មែរបុរាណដែលមានន័យថា "បឹងគគីរ / ស្រះគគីរ /អូរគគីរ" ឬ "ព្រៃគគីរ " រីឯពាក្យថា "ឆោក " មានន័យថា "បឹង ឬស្រះ " ឬមានន័យម្យ៉ាងទៀតថា " ព្រៃគគីរ " បើពោល ឲ្យចំ កោះកេរ គឺជាកោះនៃកេរ្ដិ៍ឈ្មោះដ៏បវររុងរឿង ។

ដូច្នេះចំពោះរមណីដ្ឋានប្រាសាទកោះកេរ ដែលបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកថ្ងៃនេះ គឺ៊ពិតជាមានតម្លៃ​ខ្លាំង​ណាស់ មិន​អាច​កាត់​ថ្លៃ​បាន ជា​តំណាង​ឲ្យ​អត្តសញ្ញាណជាតិ ជា​ដួង​ព្រលឹង​របស់​ជាតិ​ខ្មែរ មិន​អាច​កាត់​ថ្លៃ​បាន​ ពីព្រោះជា​ស្នាដៃនិងជាកេរមរតក​របស់បុព្វបុរសខ្មែរជំនាន់​មុនដែល​បាន​កសាង​ទុកជា​យូរលង់តរៀងមក ៕