(ស្វាយរៀង)៖ ប្ដីប្រពន្ធពីរនាក់កំពុងច្រូតស្មៅ ក៏ត្រូវរន្ទះបាញ់ស្លាប់ប្រពន្ធ រីឯប្ដីរងរបួសធ្ងន់កាលពីវេលាម៉ោង១២ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា នៅមុនពេលកើតហេតុមានប្ដីប្រពន្ធពីរនាក់កំពុងតែច្រូតស្មៅនៅឯវាលស្រែ ស្រាប់តែមានភ្លៀងធ្លាក់នឹងផ្លេកបន្ទោល ផ្គររន្ទះផាំងបាញ់ត្រូវប្ដីប្រពន្ធពីរនាក់បណ្ដាលឲ្យប្រពន្ធស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ រីឯប្តីរងរបួសធ្ងន់ផងដែរ។

សមត្ថកិច្ចនគរបាលបានបន្តថា ជនរងគ្រោះជាប្ដីមានឈ្មោះ ពៀម រ៉ា អាយុ៣២ឆ្នាំ រស់នៅភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង និងប្រពន្ធឈ្មោះ ជូ សុវណ្ណដារ៉ា អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំណែកអ្នកស្លាប់ត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី។

ពាក់ព័ន្ធនឹងករណីបាតុភូតគ្រោះធម្មជាតិនេះ អាជ្ញាធរស្រុករំដួលអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលដែលមានភ្លៀងខ្យល់កន្ត្រាក់ផ្គររន្ទះ ត្រូវទៅរកទីទួលដែលមានសុវត្ថិភាព ដើម្បីការពារកុំឲ្យគ្រោះថ្នាក់ជាយថាហេតុ៕