(ក្រចេះ)៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ និងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ រួមសហការជាមួយក្រុមប្រឹក្សាឃុំ និងសហគមន៍នេសាទ ដឹកនាំដោយលោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបបទល្មើសជលផលនៅកន្លែងនេសាទក្នុងបឹងកញ្ជនជ័យ ទួលសោយ និងនៅតាមទំនាបលិចទឹក ក្នុងភូមិថ្មីទី១-ទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ដោយរឹបអូសវត្ថុតាងជាច្រើនដុតបំផ្លាញចោល។

យោងតាមរបាយការណ៍ខណ្ឌរដ្ឋបាលជលផលក្រចេះ ក្នុងប្រត្តិបត្តការបង្រ្កាបទល្មើសនេសាទ សមត្ថកិច្ចបានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ រួមមាន របាំងស្បៃមុងចំនួន២៩ខ្សែ មានប្រវែង១៦៤០ម, លូស្បៃមុងចំនួន ៣២មាត់លូ, របាំងសាច់អួននីឡុង ចំនួន០១ខ្សែ ប្រវែង១៥០ម ក្រលា០២សម,លបរ៉ាវចំនួន៤គ្រឿង ក្រឡាទំហំ២ស.ម បង្គោលចម្រឹងឫស្សីចំនួន២៥០ដើម និងចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ៣៥០គ.ក្រចូលទៅក្នុងបឹងធម្មជាតិវិញ វត្តុតាងបទល្មើសនេសាទដែលសមត្ថកិច្ចរឹបអូសបានត្រូវបានដុតបំផ្លាញចោលនៅកន្លែង៕