(កំពង់ធំ)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានចុះបង្ក្រាបក្រុមអ្នកញៀនល្បែងជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបានចំនួន៦នាក់ រួមទាំងម៉ូតូ២២គ្រឿង មាន់ជល់ចំនួន៦ក្បាល និងសម្ភារៈមួយចំនួន ខណៈអ្នកលេងជាច្រើននាក់ទៀតរត់បាតជើងសព្រាត។

តាមការបញ្ជាក់ពីលោក សួង ថេន អធិការនគរបាលស្រុកបារាយណ៍ ក្នុងការចុះបង្ក្រាបល្បែងជល់មាន់ស៊ីសងខុសច្បាប់ខាងនេះធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងផែនព្រហ្មទណ្ឌបូកកម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍បល្ល័ង្ក កម្លាំងសរុបចំនួន១៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ស ចំរើន ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចផ្ទះរបស់ឈ្មោះ ញ៉ែម ឃឿន នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៦នាក់៖
១. ឈ្មោះ ឈឹម កុសល់ អាយុ៥២ឆ្នាំរស់នៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (មានជំងឺបេះដូង)
២. ឈ្មោះ គ្រី រ៉ាហ្វាត អាយុ៤៣ឆ្នាំ រស់នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រកបារាយណ៍ ខេត្តកំពង់ធំ
៣. ឈ្មោះ ឌុច ឈាន អាយុ៤៣ឆ្នាំ រស់នៅភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ
៤. ឈ្មោះ សេង ចំរើន អាយុ៣៥ឆ្នាំ រស់នៅភូមិឃ្លៃ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ
៥. ឈ្មោះ សំ សឿង អាយុ៥០ឆ្នាំ រស់នៅភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ
៦. ឈ្មោះ អ៊ឹង ម៉េងឃៀង អាយុ៤៩ឆ្នាំ រស់នៅភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោកបានបញ្ជាក់ថា ក្នុងការចុះបង្ក្រាបបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន២២គ្រឿង មាន់ជល់ចំនួន៦ក្បាល ជញ្ចីងថ្លឹងមាន់១គ្រឿង និងវត្ថុតាងមួយចំនួនទៀត ជនសង្ស័យទាំង៦នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ លោកបានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះគឺបានបញ្ជាផ្ទាល់ពីលោក ស៊ីន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការបញ្ជារបស់លោកឧត្តមសេនីទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ

អធិការនគរបាលស្រុកបារាយណ៍បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីប្រទេសយើងមានសុវត្ថិភាពល្អជូនប្រជាពលរដ្ឋ៕