(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញទស្សនកិច្ចវគ្គលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមីនមនុស្សធម៌ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្រោមប្រធានបទ «មាតុភូមិដ៏បវរ-ឆ្នាំ២០២៣» នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ខេត្តកំពង់ស្ពឺ។

ពិធីនេះក៏មានការចូលរួមអមដំណើរពីលោកវរសេនីយ៍ឯកពិសេស យ៉ាង ប៊ីនប៊ីន “Yang BinBin” នាយរងសេនាធិការ សម្ព័ន្ធអង្គទ័ពលេខ៧៥ នៃកងទ័ពរំដោះប្រជាជនចិន ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព មួយចំនួនផងដែរ។

នេះជាលើកដំបូងសម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលំហាត់ហ្វឹកហ្វឺននេះ ដោយមានកងទ័ពរំដោះប្រជាជនចិនជាសហប្រធាន។ លំហាត់ហ្វឹកហ្វឺនពហុជាតិនេះ ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅ ក្រោមកិច្ចសហប្រធានជាមួយមិត្តចិន និងកងកម្លាំងពហុសាសន៍សរុប១៤ប្រទេស មកពី៤ទ្វីប អាស៊ី អឺរ៉ុប អូសេអានី និងអាមេរិករួមមាន៖ ប្រទេសអូស្ត្រាលី ប្រ៊ុយណេដារូសាឡឹម កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ឡាវ ហ្វីលីពីន រុស្សី សិង្ហបុរី សហរដ្ឋអាមេរិក វៀតណាម។

លំហាត់នេះនឹងរួមចំណែកមួយយ៉ាងសំខាន់ ក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជាគ្មានមីន ឆ្នាំ២០២៥ ជាពិសេសគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោ «ផ្តល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម»។

អំឡុងពេល១០ថ្ងៃ នៃវគ្គហ្វឹកហ្វឺននេះសិក្ខាកាមនឹងមានដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ទេសចរណ៍ កំពុងមានសក្តានុពលនៅកម្ពុជា រួមទាំងធ្វើកិច្ចការមនុស្សធម៌ បន្ថែមលើការហ្វឹកហាត់នៅទីលាន។ ជាមួយគ្នានោះក៏មានការសម្តែងសិល្បៈរវាងកម្ពុជា-ចិន ដើម្បីបង្ហាញនូវប្រពៃណី ទំនៀមទំលាប់ផងដែរ។

វគ្គលំហាត់ហ្វឹកហ្វឺនក្រោមប្រធានបទ «មាតុភូមិដ៏បវរ-ឆ្នាំ២០២៣» ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងមានមិត្តចិនជាសហប្រធាន ត្រូវបានប្រព្រឹត្តទៅដោយប្រសិទ្ធភាព ប្រកបដោយបច្ចេកទេសល្អ សិក្ខាកាមមានការតស៊ូ អត់ធ្មត់ ​ទោះស្ថិតក្រោមកម្តៅព្រះអាទិត្យក្តៅយ៉ាងណាក្តី ក៏សិក្ខាកាមទាំងអស់តែងតែខិតខំប្រឹងប្រែងហ្វឹកហាត់។

ជាពិសេសកងកម្លាំងពហុសាសន៍ទាំងអស់ រួមទាំងប្រទេសមហាអំណាចចំនួន៣ ដូចជា ចិន សហរដ្ឋអាមេរិក និងរុស្ស៉ី បានហាត់រៀនរួមគ្នាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក បង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងបណ្តាប្រទេសក្នុងអាស៊ាន និងតំបន់ផងដែរ។  

ទន្ទឹមនោះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានអញ្ជើញទស្សនកិច្ចការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់លើទីលានជាក់ស្តែងផងដែរ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី សង្កេតឃើញថា ប្រតិបត្តិការនេះ បានដំណើរការយ៉ាងល្អគ្រប់ជ្រុងជ្រោយ តាមលក្ខណៈបច្ចេកទេស។ ចំពោះការស្នាក់នៅរបស់សិក្ខាកាមទាំងអស់វិញ គឺរស់នៅប្រកបដោយផាសុខភាព សុខដុម អនាម័យខ្ពស់ បរិយាកាសល្អ ក្រោមម្លប់នៃសុខសន្តិភាព។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានគូសបញ្ជាក់ថា បទពិសោធន៍របស់សិក្ខាកាមនៃប្រទេសនីមួយៗដែលបានចែករំលែកគ្នាទៅវិញទៅមក គឺជាធាតុផ្សំសម្រាប់កិច្ចការបោសសម្អាតមីនមនុស្សធម៌ផងដែរ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី លើកឡើងថា «ទោះបីពណ៌សម្បូរ ជាតិសាសន៍ខុសគ្នា ប៉ុន្តែ ក្នុងគោលបំណងតែមួយគឺបោសសម្អាតមីនមនុស្សធម៌ ដើម្បីសន្តិភាព»

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់សិក្ខាកាមយោធាកម្ពុជា និងប្រទេសជាមិត្ត ដែលកំពុងចូលរួមវគ្គលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមីនមនុស្សធម៌ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕