(ព្រះសីហនុ-តាកែវ)៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានបើកវគ្គបណ្ដុះបណ្ដាល ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់ ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ នៃខេត្តព្រះសីហនុ និង ខេត្តតាកែវ ចំនួន ១២៩ នាក់ ។ វគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ចំណេះដឹង ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត សឹង រេត អនុរដ្ឋលេខធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពីអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ, ថ្នាក់ដឹកនាំមន្ទីសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃខេត្តតាកែវ និង ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងគ្រូបង្គោល និង សិក្ខាកាមគោលដៅ ។

លោកបណ្ឌិតអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងបានយកចិត្តទុកដាក់ខ្ពស់លើការកសាង និង ការអភិវឌ្ឍសមត្ថភាព សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាសេនាធិការលើមុខងារបណ្តុះបណ្ដាល និង វិក្រឹតការ ។ លើសពីនេះ, ច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មីបានកំណត់ថា មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈ តាមប្រភេទមុខតំណែងការងារនីមួយៗ ។

លោកបណ្ឌិត បានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ ត្រូវបានរៀបចំឡើងស្របតាមការចង្អុលបង្ហាញដោយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៣ កន្លងទៅនេះ, ដើម្បីបន្តជំរុញការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ជាពិសេសជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ សំដៅចូលរួមចំណែកឱ្យកាន់តែមានប្រសិទ្ធភាពដល់ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចបានជោគជ័យខ្ពស់ ។ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាការងារអាទិភាពមួយក្នុងចំណោមកម្មវិធីកែទម្រង់គន្លឹះៗរបស់រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យ «ប្រែក្លាយប្រព័ន្ធថវិកាកម្ពុជាទៅជាប្រព័ន្ធមួយផ្ដោតលើលទ្ធផល ឬ សមិទ្ធកម្ម និង វិមជ្ឈការ» ហើយ បច្ចុប្បន្ននេះ បានឈានដល់ដំណាក់កាលចុងក្រោយ គឺដំណាក់កាលទី ៤ ដែលផ្តោតលើ «គណនេយ្យភាពសមិទ្ធកម្ម» ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ កន្លងទៅនេះ ។

ការណ៍នេះទាមទារឱ្យគ្រប់ក្រសួងស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ចាំបាច់ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមថែមទៀត លើការពង្រឹងពង្រីកសមត្ថភាព និង ជំនាញវិជ្ជាជីវៈ ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ដោយហេតុថា ការផ្ទេរសិទ្ធអំណាច, ភាពជាម្ចាស់, និង ការទទួលខុសត្រូវ កាន់តែច្រើន ត្រូវបានផ្ទេរទៅដល់ក្រសួងស្ថាប័ន និង មន្ទីរអង្គភាពជំនាញក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំ និង ការអនុវត្តថវិកាកម្មវិធីពេញលេញ និង អង្គភាពថវិកា៕