(ភ្នំពេញ)៖ នគរបាលខណ្ឌដង្កោ ដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីកាប់ និងធាក់ប្លន់ នៅវេលាម៉ោង ៥ទៀបភ្លឺថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវព្រៃស កែងផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានប្រាប់ថា ដោយមានការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ រួមទាំងអភិបាលខណ្ឌ លោកដឹកនាំកម្លាំងចេញល្បាតពួនស្ទាក់បង្ក្រាបក្រុមជនសង្ស័យដែលធ្វើសកម្មភាព លួច ឆក់ ប្លន់ បង្កភាពអនាធិបតេយ្យនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធករណីកាប់ និងធាក់ប្លន់, លោកបានដឹកនាំបញ្ជាកម្លាំងល្បាតទាំងថ្ងៃទាំងយប់ រហូតកំណត់មុខសញ្ញាបាននៅវេលាទៀបភ្លឺថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលក្រុមជនសង្ស័យ បានជិះម៉ូតូប្រុងធ្វើសកម្មភាព ពេលនោះកម្លាំងសមត្ថកិច្ចបានស្ទាក់ចាប់ឆែកឆេររកឃើញវត្ថុតាងមួយចំនួន ដោយដកហូតម៉ូតូ២គ្រឿង ហើយឈានទៅដល់ការឃាត់មុខសញ្ញា៥នាក់ជាបន្តបន្ទាប់។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យចំនួន៥នាក់រួមមាន៖

*ទី១៖ ឈ្មោះ ញ៉ែម ពន្លក ហៅ រតនា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិបាគូ សង្កាត់ដង្កោ
*ទី២៖ ឈ្មោះ ហេន រ៉ាឌី ហៅ ឌី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក
*ទី៣៖ ឈ្មោះ ហនទិត្យ ច័ន្ទដារ៉ា ហៅ រ៉ា អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
*ទី៤៖ ឈ្មោះ លី ធា អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ (អ្នកយកម៉ូតូទៅលក់០៣គ្រឿង)
*ទី៥៖ ឈ្មោះ ប៉ែន សុខគា ហៅ ហួ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ និងបាននាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីសួរនាំ ពួកគេបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ពិតជាបានធ្វើសកម្មភាព កាប់ និងធាក់ប្លន់ម៉ូតូនៅក្នុងមូលដ្ឋានខណ្ឌដង្កោប្រាកដមែន ចំណែកឯជនរងគ្រោះក៏បានមកចង្អុលចំមុខជនសង្ស័យផងដែរ។

ដោយយោងទៅតាមចម្លើយសារភាពរបស់ជនសង្ស័យ និងពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចខណ្ឌដង្កោ ក៏សម្រេចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ៥នាក់ និងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕