(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលលើការបង្កបង្កើនផលស្រូវមិនប្រកាន់រដូវ របស់បងប្អូនប្រជាកសិករ និងពិនិត្យស្ថានភាពទឹកស្ទឹងស្ទោង នៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។

នាឱកាសនោះលោក សាយ គឹមឡម បានសាទរយ៉ាងក្រៃលែងចំពោះទិន្នផលស្រែស្រូវរបស់បងប្អូនប្រជាកសិករ ដែលទទួលបាននូវទិន្នផលខ្ពស់ ហើយតម្លៃទៀតសោត ក៏មានតម្លៃខ្ពស់សមរម្យផងដែរ ដែលជាការជួយចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ និងសេដ្ឋកិច្ចជាតិមួយកម្រិតថែមទៀត។

លោកបានអំពាវនាវប្រជាកសិករសូមរូតរះក្នុងការប្រមូលផលដើម្បីជៀសវាងនូវការជន់លិចពីជំនន់ទឹកស្ទឹងស្ទោង និងជំនន់ទឹកភ្លៀងរដូវវស្សា ហើយប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកស្ទោងទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលរស់នៅសងខាងស្ទឹង សូមមានការប្រុងប្រយ័ត្នជំនន់ទឹកស្ទោងដែលអាចហក់ឡើងខ្ពស់ និងបង្កគ្រោះមន្តរាយផ្សេងៗដោយពុំបានដឹងមុនជាដើមពីព្រោះការហក់ឡើងខ្ពស់ នៅទឹកស្ទឹងស្ទោងផ្នែកខាងក្រោមអាងទឹក ៣០កញ្ញា គឺនឹងឡើងខ្ពស់និងបង្កគ្រោះលិចលង់នៅពេលណាដែលទឹកធ្លាក់ពីអាងទឹក ៣០កញ្ញា មកខ្លាំង។

លោក សាយ គឹមឡម ក៏បានណែនាំដល់ប្រធានគណៈកម្មការគ្រប់គ្រងទឹកគ្រប់ឃុំ ត្រូវធ្វើការគ្រប់គ្រងនិងតាមដានជំនន់ទឹកស្ទឹងស្ទោង ក៏ដូចជាការគ្រប់គ្រងទ្វារទឹកឲ្យបានត្រឹមត្រូវក្នុងការបើករំដោះឲ្យបានទាន់ពេលវេលា នៅពេលមានទឹកជំនន់ខ្លាំង និងត្រូវធ្វើការបិទជាបន្ទាន់នៅពេលដែលស្ថានភាពស្រកចុះលឿន ឬក៏ស្ថានភាពទឹកភ្លៀងឆាប់រាំងស្ងួត។

គួរបញ្ជាក់ថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកស្ទឹងស្ទោងក៏ដូចជា អាងទឹក ៣០កញ្ញា ពុំទាន់ស្ថិតដល់ក្នុងស្ថានភាពប្រកាសអាសន្ននៅឡើយទេ ហើយស្ថានភាពទឹកគឺពុំមានហក់ឡើងខ្ពស់ ថែមទៀតដែរគឺនៅនឹង៕