(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានជំរុញដល់មន្ដ្រីរាជការគ្រប់ស្ថាប័នទាំងអស់ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងមូលដ្ឋានខេត្ត ត្រូវចូលរួមសម្អាតអនាម័យបរិស្ថាន ដើម្បីជាចំណែកលើកស្ទួយមុខមាត់ខេត្ត សំដៅទាក់ទាញទេសចរណ៍ឲ្យកាន់តែច្រើនបន្ថែមទៀត។

ការលើកឡើងរបស់លោកស្រីអភិបាលខេត្ត ធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធី «ទិវាពិភពលោកស្អាត-World Cleanup Day» លើកទី៦ ឆ្នាំ២០២៣។

បើតាមលោកស្រី មិថុនា ភូថង ប្រទេសកម្ពុជាបានចូលរួមជាមួយពិភពលោកចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះក្នុងការរៀបចំ «ទិវាពិភពលោកស្អាត-World Cleanup Day» នេះ ហើយសម្រាប់ឆ្នាំ២០២៣នេះ ខេត្តកោះកុង ក៏បាននិងកំពុងរៀបចំ ទិវាដ៏មានសារៈសំខាននេះផងដែរ សំដៅដើម្បីបន្តការចូលរួមចំណែក ជាមួយពិភពលោក ក្នុងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង អំពីអនាម័យ និងចូលរួមសម្អាតបរិស្ថានជុំវិញខ្លួនយើង។

ដូចនេះដើម្បីឲ្យការរៀបចំនិងផ្សព្វផ្សាយ «ទិវាពិភពលោកស្អាត-World Cleanup Day» បានទូលំលាយ លោកស្រីអភិបាលខេត្ត សូមអំពាវនាវដល់ ស្ថាប័នរដ្ឋ ស្ថាប័នឯកជន គ្រឹះស្ថានអប់រំ អង្គការសង្គមស៊ីវិល សមាគមទេសចរណ៍ សហគមន៍ទេសចរណ៍ ប្រតិបត្តិករទេសចរ ភោជនីយដ្ឋាន អាហារដ្ឋាន វត្តអារាម សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមក្នុងការសម្អាតអនាម័យ បរិស្ថានឲ្យបានជាប្រចាំ និងត្រូវចេះទុកដាក់ វិចខ្ចប់សំរាមឲ្យបានត្រឹម ដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់បុគ្គលិកអនាម័យ ពេលចុះទៅយកសំរាមនៅតាមខ្នងផ្ទះ តាមបណ្តាមន្ទីរ អង្គភាព សាលារៀន ភោជនីយដ្ឋាន អាហារដ្ឋាន និងនៅតាមទីតាំងសាធារណៈជាដើម៕