(ព្រៃវែង)៖ លោកឌុច គន្ធា អភិបាលរងខេត្តព្រៃវែង បានថ្លែងណែនាំដល់កងកម្លាំង មន្ទីរ អង្គភាព និងអាជ្ញាធរក្រុង ស្រុក ឲ្យយកចិត្តទុកដាក់ខ្ពស់អំពីតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការត្រៀមបង្ការ ឆ្លើយតប និងស្ដារឡើងវិញ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ ខូចខាត បាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធនានា និងដើម្បីឲ្យការអភិវឌ្ឍមាននិរន្តរភាព។

ការថ្លែងលើកឡើងបែបនេះរបស់លោក ឌុច គន្ធា ពេលតំណាងលោក សួន សុម៉ាលីន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់សៀវភៅផែនការសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ ឆ្នាំ២០២៣នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

លោក ឌុច គន្ធា បានលើកឡើងថា ការងារគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងារមួយដែល មានលក្ខណៈជាវដ្ត តាមដំណាក់កាលនីមួយៗ ក្នុងការអនុវត្តសកម្មភាព ត្រៀមបង្ការមុនពេលកើត មានគ្រោះមហន្តរាយ, ការឆ្លើយតបក្នុងពេលមានគ្រោះមហន្តរាយ និងការស្ដារ ឬកសាងឡើងវិញ ក្រោយ ពេលគ្រោះមហន្តរាយ។

លោកអភិបាលរងខេត្ត បន្តថា  ចំណែកនៅឆ្នាំ២០២២កន្លងទៅ ទឹកជំនន់មានកម្រិតមធ្យម ដែលបានធ្វើឲ្យប៉ះពាល់ ខូចខាតនូវដំណាំ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ប៉ុន្តែក្នុងឆ្នាំ២០៣នេះ ទឹកជំនន់មានកម្រិតទាប នៅឡើយ តែវានឹងអាចបង្ករឲ្យមានហានិភ័យដល់ការងារកសិកម្ម កង្វះខាតទឹក កើតជំងឺឆ្លង កើតសត្វល្អិតចង្រៃដើម។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ក៏មានបទបង្ហាញ របស់លោក សិត សុំ នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានលេខាធិការ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អំពីគោលបំណង ដំណើរការរៀបចំ និងអត្ថប្រយោជន៍សៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ខេត្តព្រៃវែងបានរងគ្រោះមហន្តរាយទឹកជំនន់ខ្លាំងកាលពីឆ្នាំ២០០០ ដែលបណ្តាលឲ្យប៉ះបាល់ដល់ប្រជាពលរដ្ឋប្រហែល ១៧.២៨១គ្រួសារ (ស្លាប់៦៨នាក់) និងឆ្នាំ២០០១ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ១៥.០៦០គ្រួសារ (ស្លាប់ ៣៥ នាក់) និងអាយុជីវិត មនុស្ស សត្វ ខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ផលដំណាំ ហេដ្ឋារចនាសម្ព័នសាធារណៈ និង ប៉ះពាល់ដល់សន្តិសុខ ស្បៀង អាហាររូបត្ថម ការអប់រំ និងសន្តិសុខសង្គមជាដើមផងដែរ៕