(ភ្នំពេញ)៖ ពិព័រណ៍ចិន-អាស៊ាន ជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន។ ការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ ក្នុងឆ្នាំ២០២៣នេះដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុមនិងវាសនាតែមួយ និងជាឆ្នាំគម្រប់ខួបអនុស្សាវរីយ៍លើកទី២០ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ាន។ គណៈកម្មការរៀបចំពិព័រណ៍បានអញ្ជើញប្រទេសជា សមាជិកអាស៊ានទាំងអស់រៀបចំដឹកនាំ ប្រតិភូពាណិជ្ជកម្មដែលមានរួមមានអ្នកតាំងពិព័រណ៍ អ្នកទស្សនាពិព័រណ៍ដើម្បីជួបដៃគូពាណិជ្ជកម្ម ទៅចូលរួមដោយផ្ទាល់ និងចូលរួមក្នុងកម្មវិធីសំខាន់ៗ ដូចជា វេទិធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន វេទិកាធុរកិច្ចនិងវិនិយោគចិន-អាស៊ានជាដើម។

ពិព័រណ៍ចិន-អាស៊ាន ជាពេលវេលាដ៏សមស្របលើដំណើរការដ៏ល្អប្រសើរ នៃសង្គម-សេដ្ឋកិច្ចរបស់ប្រទេសចិន និងអាស៊ានក្នុងការជំរុញបន្ថែម នូវកំណើនទំហំពាណិជ្ជកម្មរបស់អាស៊ាន-ចិន ដែលបានកើនដល់៧២២ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២២ ហើយក៏ជាការលើកទឹកចិត្តដល់បណ្តាសហគ្រាសនានា ចូលរួមជាកម្លាំងកាន់តែសកម្មលើសកម្មភាពពាណិជ្ជកម្ម ថែមទៀតដែរ ជាក់ស្តែងក្នុងឆ្នាំ២០២៣នេះ សហគ្រាសដែលចូលរួមពិព័រណ៍ចិន-អាស៊ានលើកនេះ មានចំនួនជិត២០០០ ហើយទំហំសរុបសម្រាប់តាំងពិព័រណ៍គឺ ១សែន២ពាន់ម៉ែត្រក្រឡា រីឯទំហំតំបន់តាំងពិព័រណ៍បរទេស គឺលើសពី៣០% ក្នុងនោះតំបន់តាំងពិព័រណ៍ទំនិញអាស៊ាន បានទាក់ទាញសហគ្រាសម៉ាកល្បីឈ្មោះទ្រង់ទ្រាយធំ របស់ប្រទេសអាស៊ានចំនួនប្រហែល៦៤០ ចូលរួមពិព័រណ៍លើកនេះ។

ពិព័រណ៍ចិន-អាស៊ាន ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងចិន និងអាស៊ានក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ ដែលអាចឱ្យយើងវាយតម្លៃបានយ៉ាងច្បាស់ថាទំនាក់ទំនងរវាងចិន និងអាស៊ានកាន់តែជិតស្និតនិងរឹងមាំទោះបីជាប្រទេសទាំងអស់ កំពុងហែលឆ្លងកាត់នូវស្ថានភាពលំបាករៀងៗខ្លួនយ៉ាងណាក៏ដោយ ក៏ចិននិងអាស៊ានបានបោះជំហានរួមគ្នា ដើម្បីកសាងសហគមន៍ជោគវាសនារួម ហើយចិននិងអាស៊ានកំពុងបើកទំព័រថ្មីឆ្ពោះទៅរកវិបុលភាពរួមគ្នា។ ការណ៍នេះបានបង្ហាញឱ្យឃើញថាកិច្ចសហប្រតិបត្តិការរួម បញ្ចូលជាមួយនឹងការធ្វើពាណិជ្ជកម្មដោយសេរីនិងបើកចំហ គឺជាវិថីតែមួយគត់ដែលនាំមកនូវសុខសន្តិភាព និងវិបុលភាពរួមយ៉ាងពិតប្រាកដ។

ពិព័រណ៍ចិន-អាស៊ាន បានផ្តល់ជាសក្ខីកម្មដែលមិនអាចប្រកែកបានថា ចិននិងអាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់គ្នាទៅវិញទៅមក ក្នុងរយៈពេល៣ឆ្នាំជាប់គ្នា ជាក់ស្តែងនៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ានលើសពី ៦.៥២ពាន់ពាន់លានយាន់កើនឡើង ១៥% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានបន្តក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរវាងគ្នាទៅវិញ ទៅមកចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២៣នេះ ដោយបានជំរុញពាណិជ្ជកម្មចិន-អាស៊ាន បានឈានដល់ ៤.១១ពាន់ពាន់លានយាន់ កើនឡើង១.៦% ពីមួយឆ្នាំទៅមួយឆ្នាំ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហាញពីទិសដៅខាងមុខ ដែលអាស៊ាននិងចិន ត្រូវបន្តកិច្ចខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងការពឹងពាក់គ្នាទៅវិញទៅមក បន្ថែមទៀតតាមរយៈការបន្តបើកច្រកទីផ្សារ ការពង្រឹងការតភ្ជាប់ ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ការពង្រឹងសមត្ថភាពផលិតកម្ម តភ្ជាប់ទៅនឹងការផ្គត់ផ្គង់ ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងរួមគ្នាជំរុញសកម្មភាពវិនិយោគ ទៅវិញទៅមក។

ពិព័រណ៍ចិន-អាស៊ាន បានលើកទឹកចិត្តដល់ការបង្កើតប្លុកពិព័រណ៍បច្ចេកវិទ្យាឌីជីថលជាលើកដំបូង ដែលជាការបង្ហាញឱ្យឃើញនូវការរួមកម្លាំង រវាងប្រទេសចិនជាមួយអាស៊ានចាប់យកនូវកាលានុវត្តភាព ជាប្រវត្តិសាស្ត្រដែលបានផ្តល់ឲ្យដោយ បដិវត្តន៍ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មី និងការផ្លាស់ប្តូរផ្នែកឧស្សាហកម្ម ផ្លាស់ប្តូរគំរូនៃកំណើនសេដ្ឋកិច្ច ជំរុញកំណើនសេដ្ឋកិច្ចដោយប្រើប្រាស់នវានុវត្តន៍ ហើយបង្កើនប្រសិទ្ធភាពកម្លាំងផលិតកម្ម និងនវានុវត្តន៍បន្ថែមទៀត ដែលក្នុងនោះក្រុមហ៊ុនដ៏ឆ្នើមចំនួន១៦៦ ក្នុងមុខរបរឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលបច្ចេកវិទ្យាថ្មីៗ និងផលិតផលថ្មីៗមួយចំនួនធំត្រូវបានដាក់ បង្ហាញនៅក្នុងពិព័រណ៍បច្ចេកវិទ្យាឌីជីថលលើកនេះ។

ជារួម ពិព័រណ៍ចិន-អាស៊ាន ជាការប្តេជ្ញាចិត្តខ្ពស់រវាងចិននិងអាស៊ាន ដែលតែងបានប្រកាន់ខ្ជាប់នូវច្បាប់នានា របស់អង្គការពាណិជ្ជកម្មពិភពលោក គាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានលក្ខណៈ បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ហើយកសាងសេដ្ឋកិច្ចតំបន់អាស៊ីមួយដែលបើកចំហ។ តាមរយៈពិព័រណ៍ចិន-អាស៊ានរយៈពេល២០ឆ្នាំនេះ បានផ្តល់ផលជាច្រើនក្រោមកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលប្រទេសចិននិងអាស៊ាននឹងបង្កើនកិច្ចគាំទ្រ របស់ខ្លួនទៅលើពហុភាគីនិយម ស្របពេលដែលប្រទេសចិននិងអាស៊ានកំពុងបន្តការអភិវឌ្ឍខ្លួនឯង៕

ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន