(ភ្នំពេញ)៖ ក្រោយពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជ្រើសយកប្រទេសចិន ជាប្រទេសបំពេញទស្សនកិច្ចផ្លូវការលើកដំបូងក្រោយឡើងកាន់អំណាច នាំឱ្យមានការជជែកច្រើនលើនយោបាយការបរទេសរបស់សម្តេច។ ចម្ងល់បានលើកឡើងថា តើដំណើរទស្សនកិច្ចនេះ ជានយោបាយការបរទេស ដែលមានទំនោធ្ងន់ទៅកាន់ប្រទេសចិនឬយ៉ាងណា?
លោក តាន់ ហ្សង់-ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសរបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មានក្រោយដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសចិននាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថា នយោបាយការបរទេសរបស់កម្ពុជា គឺជានយោបាយការបរទេសមានទិសដៅច្បាស់លាស់ មានសកម្មភាពច្បាស់ ដែលសុទ្ធសឹងជាបន្ទាត់នយោបាយ ដែលត្រូវបានអនុវត្តន៍មកយូរអង្វែងនៅចំពោះមុខពិភពលោក និងនៅចំពោះមុខប្រទេសចិនដាច់ដោយឡែក។
លោកបន្តថា ចំពោះនយោបាយការបរទេសជាមួយចិន គឺនយោបាយការបរទេសដែលតមកតាំងពីសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំកំពូលរបស់ចិន គឺលោក ជូ អេនឡាយ និងលោក ម៉ៅ សេទុង។ លោក ហ្សង់-ហ្វ្រង់ស័រ បន្តថា តាប់ចាប់តាំងពីឆ្នាំ១៩៩៨មក នយោបាយការបរទេសកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំចិន បានសាកល្បងពង្រឹងទំនាក់ទំនងរហូតក្លាយជាមិត្តភាពដែកថែប។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលទទួលបន្ទុកកិច្ចការការបរទេសអន្តរជាតិរូបនេះ បានគូសបញ្ជាក់ដូច្នេះ «នយោបាយការបរទេសរបស់កម្ពុជា មិនមែនជាបាយឡុកបាយឡទេ គឺជាសកម្មភាពនយោបាយដែលអនុញ្ញាតឱ្យរដ្ឋមួយដូចប្រទេសកម្ពុជា សម្របសម្រួលខ្លួន សម្របសម្រួលឥរិយាបថទៅក្នុងឆាកតំបន់ និងអន្តរជាតិ សុទ្ធសឹងជានយោបាយការបរទេស ដែលត្រូវការជាចាំបាច់នូវពេលវេលា និងការអនុវត្តន៍ជាក់ស្តែងក្នុងន័យទាញប្រយោជន៍ជាអតិបរមាសម្រាប់ប្រជាជាតិកម្ពុជា»។
លោក ហ្សង់-ហ្វ្រង់ស័រ ក៏បានគូសបញ្ជាក់ថា នយោបាយការបរទេសកម្ពុជា មិនមែនជានយោបាយការបរទេសដាច់ដោយឡែករបស់បុគ្គលនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត នោះឡើយ តែជានយោបាយការបរទេស ដែលត្រូវរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។ ដូច្នេះនាយករដ្ឋមន្ត្រីដឹកនាំរាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា ត្រូវតែអនុវត្តន៍តាមបន្ទាត់គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា៕