(ព្រៃវែង)៖ ប្រជាកសិករដែលតែងតែនិយមចិញ្ចឹមកង្កែបនៅខេត្តព្រៃវែង បានសម្ដែងការសប្បាយរីករាយ ខណៈសាច់កង្កែបបានតម្លៃថ្លៃជាងមុន បើប្រៀបធៀបទៅការចំណាយលើចំណីកង្កែបវិញ គឺបានប្រាក់ចំណេញគួរសម ដែលធ្វើឲ្យកសិដ្ឋានមួយកន្លែងនៅស្រុកស្វាយអន្ទរ អាចលក់សាច់កង្កែប ចេញក្នុងមួយខែចន្លោះ ចាប់ពី១តោនទៅ២តោន ទៅទីផ្សាររាជធានីភ្នំពេញនិងលក់កូនកង្កែបចេញបានចាប់ពី១ម៉ឺនទៅ២ម៉ឺនក្បាលផងដែរ។

លោក រី វុទ្ធី ដែលជាប្រជាកសិកររស់នៅក្នុងភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងម្ចាស់កសិដ្ឋានមាគ៌ាជលសា ដែលសព្វថ្ងៃគាត់ប្រកបមុខរបរអាជីវកម្មចិញ្ចឹមកង្កែប និងចិញ្ចឹមត្រីបាននិងកំពុងទទួលបាននូវប្រាក់ ចំណូលបានសមរម្យ ក្នុងមួយខែៗពីការចិញ្ចឹមសត្វកង្កែប និងការលក់នៅមេបាពូជកង្កែបសាច់និងកូនកង្កែបដល់កសិករដទៃទៀតដែលមានបំណងចង់ចិញ្ចឹមកង្កែបនៅតាមផ្ទះផងដែរ។

លោករី វុទ្ធី បានថ្លែងឲ្យដឹងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ថា សព្វថ្ងៃនេះលោកបាននឹងកំពុងផ្គត់ផ្គង់កង្កែបសាច់ទៅលើទីផ្សារនៅក្នុងខេត្ត និងជាពិសេសទៅទីក្រុងភ្នំពេញដោយក្នុងមួយខែ អាចផ្គត់ផ្គង់បាន១ទៅ២តោន កង្កែបសាច់ ដោយក្នុងមួយគីឡូលក់ក្នុងតម្លៃប្រមាណ៧,៥០០រៀល បើធៀបនិងតម្លៃពីមុនតម្លៃត្រឹមតែ៤៥០០រៀលប៉ុណ្ណោះ ដូច្នេះគឺអាចលក់បានប្រាក់ចំណេញច្រើន ចន្លោះពី១៥០០ ទៅ ២០០០រៀល។

លោកបានបញ្ជាក់ថា កត្តាដែលធ្វើឲ្យកង្កែបឡើងថ្លៃនេះក៏ដោយសារ មានតម្រូវការនៅទីផ្សារច្រើនជាងមុន មួយវិញទៀតប្រទេសជិតខាង ក្នុងរដូវវស្សានេះក៏ពុំសូវសម្បូរកង្កែបសាច់លក់នៅលើទីផ្សារច្រើនទេ ដូច្នេះជាឱកាសមួយសម្រាប់អ្នកចិញ្ចឹមកង្កែបសាច់ក្នុងស្រុក អាចរកប្រាក់ចំណេញបាន។

ជាមួយគ្នានេះ លោកក៏បានបន្តទៀតថា សព្វថ្ងៃកន្លែងកសិដ្ឋានចិញ្ចឹមកង្កែបរបស់លោក គឺមានតម្រូវការកូនកង្កែបច្រើនជាងសាច់កង្កែប ហើយក៏បានតម្លៃសមរម្យដែលកូនកង្កែបមួយក្បាលមានតម្លៃចាប់ពី២៥០ទៅ៥០០រៀល ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជាតាមបណ្តាស្រុកផ្សេងៗទៀត មកទិញកូនកង្កែប ដើម្បីយកទៅចិញ្ចឹមតាមផ្ទះ។

លោកបានបន្តថា ចំពោះបច្ចេកទេសក្នុងការចិញ្ចឹមកង្កែបសព្វថ្ងៃ លោកបានសហការជាមួយគម្រោងដៃគូ របស់សហភាពអឺរ៉ុបដើម្បីធ្វើការបណ្ដុះបណ្ដាលដល់កសិករក្នុងការចិញ្ចឹមត្រី ដូច្នេះលោកមានឱកាសច្រើន​ ក្នុងការទទួលបានចំណេះដឹងថ្មីៗ ដែលកម្មវិធីនេះរៀបចំឡើងដោយក្រសួងកសិកម្មនិងរដ្ឋបាលជលផលផងដែរ។

លោក រី វុទ្ធី បានថ្លែងបញ្ជាក់ថា ចំពោះផ្ទៃដីដែលលោករៀបចំចិញ្ចឹមកង្កែបនេះមានប្រមាណជាង៣ហិកតា ហើយការចិញ្ចឹមកង្កែបរបស់លោកនេះគឺប្រើរយៈពេល៨ឆ្នាំមកហើយ ដោយលោកចាប់ផ្ដើមការចិញ្ចឹម តាំងពីឆ្នាំ២០១៦មកម្ល៉េះ។

លោកបានលើកឡើងទៀតថា មិនត្រឹមតែជាអ្នកជំនាញក្នុងការចិញ្ចឹមកង្កែបលក់នោះទេ គាត់ក៏ជាគ្រូបង្រៀននៅជំនាញបច្ចេកទេសនៃការចិញ្ចឹមកង្កែបផងដែរ ប្រសិនបើប្រជាពលរដ្ឋ ប្រជាកសិករទាំងអស់ដែលគាត់មានបំណង ចង់ចិញ្ចឹមកង្កែបតាមស្តង់ដាបច្ចេកទេសនោះ ឬក៏ប្រជាពលរដ្ឋដែលត្រូវការកង្កែបយកទៅធ្វើជាម្ហូប ដើម្បីលក់នៅក្នុងភោជនីយដ្ឋាន ឬអាហារដ្ឋាន អាចទំនាក់ទំនងមកបានគ្រប់ពេលវេលា គឺនៅទីតាំងម្ចាស់កសិដ្ឋាន មាគារ៍ជលសាក្នុងភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕