(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អនុញ្ញាតឱ្យលោក Supakit Phucharoeunsilp នាយកមជ្ឈមណ្ឌលឧត្តមភាព របស់កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) នៃ SCG ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

លោក Supakit Phucharoeunsilp បានរាយការណ៍អំពីសាវតារបស់គម្រោង និងផែនការយុទ្ធសាស្រ្ត ក្នុងការអនុវត្តគម្រោង ដែលសំដៅលើការកែច្នៃសំរាម នៅខណ្ឌដង្កោ ទៅជា RDF ( Refusal Derived Fuel ) ដើម្បីប្រើប្រាស់ ជំនួសឱ្យធ្យូងថ្មប្រមាណ២០ភាគរយ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានគាំទ្រដល់គម្រោងការងាររបស់ក្រុមហ៊ុន ដែលសមស្របទៅនឹងផែនការយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ដែលកំពុងឆ្លើយតបយ៉ាងសកម្មលើទិសដៅអាទិភាព ៣ចំណុចនៃយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានយុទ្ធនាការកាត់បន្ថយប្លាស្ទិកជាមួយសិស្សានុសិស្ស ដែលទទួលបានលទ្ធផលល្អ គួរឱ្យកត់សម្គាល់ ហើយជាគម្រោងនឹងមានផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស មានអាវយឺត កន្លាស់អាវ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើនទៀត ដែលគាំទ្រដល់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

ការប្រែប្រួលអាកាសធាតុ Climate change ក្រសួងនឹងមានផ្តល់ជូនកូនឈើចំនួន ១លានដើម រៀងរាល់ឆ្នាំ ជូនចំពោះប្រជាពលរដ្ឋដែលមានតម្រូវការដើមឈើ និងលើកកម្ពស់អេកូទេសចរណ៍ ដែលក្រសួងបានជំរុញ ឱ្យសហគមន៍និមួយៗ មានភាព unique ដើម្បីទាក់ទាញភ្ញៀវទេសចរ លើសពីនេះ ក្រសួងបានផ្តល់ឱកាសឱ្យក្រុមហ៊ុនធ្វើការវិនិយោគ ដើម្បីជំរុញឱ្យប្រជាសហគមន៍ទទួលបានចំណូល ក្នុងទិសដៅអភិវឌ្ឍដោយចីរភាព៕