(ណាននីង-ចិន)៖ នាទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Zhang Shaogang អនុប្រធានក្រុមប្រឹក្សាដើម្បីលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិចិន (CCPIT) និងលោកស្រី Yang Yan Yan ប្រធាន CCPIT ប្រចាំតំបន់ស្វ័យតក្វាងស៊ី។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឲ្យ CCPIT ធ្វើការចែករំលែកការអនុវត្តល្អៗ ក្នុងការប្រើប្រាស់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាមួយធុរកិច្ចនៅក្នុងអាស៊ាន និងរិះរកកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា ហិរញ្ញវត្ថុឌីជីថល អាកាសចរណ៍ ជីវវិទ្យាសាស្ត្រ ជាដើម។

នៅព្រឹកដដែលនេះ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន-ចិន លើកទី២០។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចែករំលែកពីវិស័យសំខាន់ៗ ដែលសហគមន៍ធុរកិច្ចអាចដើរតួនាទីសំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ដូចជា ការតភ្ជាប់ច្រវ៉ាក់ផ្គត់ផ្គង់ ឌីជីថលូបនីយកម្ម និងសេដ្ឋកិច្ចបៃតងជាដើម។

លុះនៅពេលរសៀល លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់បាឋកថាពិសេស នៅសាកលវិទ្យាល័យក្វាងស៊ី ស្តីពី «អនាគត នៃភាពជាដៃគូអាស៊ាន-ចិន»

លោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ជាថ្មីថា ទំនាក់ទំនងអាស៊ាន-ចិន គឺជាកិច្ចសហប្រតិបត្តិការដែលមានភាពស្វាហាប់ មានសារៈសំខាន់ និងផ្តល់ទៅវិញទៅមកបំផុតមួយ ដូចដែលកិច្ចសហការគ្របដណ្តប់ទាំងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌៕