(ភ្នំពេញ)៖ ក្រោមការឧបត្ថម្ភគាំទ្រ ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មន្រ្តីជំនាញវិស័យមីននៃសាធារណរដ្ឋកូឡុំប៊ី នឹងបំពេញទស្សនកិច្ចសិក្សានៅកម្ពុជាចំនួន ១សប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីស្វែងយល់អំពីស្ថានភាពចម្ការមីន និងកិច្ចប្រតិបត្តិការបោសសម្អាតមីន របស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ព្រមទាំងចុះស្វែងយល់ដោយផ្ទាល់ នៅចម្ការមីនដែលអង្គភាព CMAC កំពុងប្រតិបត្តិការដែលស្ថិតក្នុងខេត្តពោធិសាត់ និងខេត្តបាត់ដំបង។

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នេះនៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយមន្រ្តីជំនាញវិស័យមីននៃសាធារណរដ្ឋកូឡុំប៊ី ។

លោកបញ្ជាក់ឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សារបស់មន្ត្រីកូឡុំប៊ីនេះ មានគោលបំណងដើម្បីទទួលបានពុទ្ធិថ្មីៗ បច្ចេកទេស និងបទពិសោធន៍យកទៅអនុវត្ត ក្នុងការបោសសម្អាតមីន និងការដោះស្រាយវិបត្តិសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបានប្រសើរបន្ថែមទៀត។
លោកបន្តថា ក្រោយពីបញ្ចប់ការពិនិត្យ និងសិក្សាពីស្ថានភាពចម្ការមីន ក៏ដូចជាកិច្ចប្រតិបត្តិការបោសសម្អាតមីន អង្គភាព CMAC និងមន្រ្តីជំនាញរបស់កូឡុំប៊ី និងក្រុមការងារនឹងបន្តធ្វើសិក្ខាសាលារួមគ្នាមួយ ដោយមានការចូលរួមពីអង្គភាព CMAC ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិជប៉ុន (JICA) និងអង្គភាពមួយចំនួនរបស់ប្រទេសកូឡុំប៊ី ដូចជាកងទ័ពជើងគោក កងទ័ពជើងទឹក មន្រ្តីមកពីការិយាល័យប្រធានាធិបតីដើម្បីសន្តិភាព (OACP) និងអង្គការ OAS និងមន្រ្តីជាន់ខ្ពស់មួយរូបមកពីប្រទេសប្រេស៊ីលផងដែរ។

ប្រទេសនិងប្រជាជនកូឡុំប៊ី កំពុងប្រឈមមុខចំពោះបញ្ហា គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ដែលជាមរតកក្រោយសង្គ្រាមស៊ីវិលជាង ៥០ឆ្នាំកន្លងមក ហើយអង្គភាព CMAC ក្រោមការសម្របសម្រួលនិងគាំទ្រដោយJICA ធ្លាប់បានផ្តល់ការហ្វឹកហ្វឺនជំនាញវិស័យសកម្មភាពមីន ដល់មន្រ្តីជំនាញវិស័យមីននៃប្រទេសកូឡុំប៊ីចំនួន ២ដំណាក់កាលរួចមកហើយ ដោយដំណាក់កាលទី១ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១១ មានចំនួន៣វគ្គ និងដំណាក់កាលទី២ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ មានចំនួន៧វគ្គដែលមានសិក្ខាកាមសរុបចំនួន១៧៥នាក់៕