(ភ្នំពេញ)៖ លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា មានហេតុផលធំៗចំនួន៣ ដែលនាំឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសចិន មុនប្រទេសជាមិត្តដទៃទៀតក្រោយឡើងកាន់តំណែង។

តាមរយៈសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី១៧ ខែកញ្ញា​ ឆ្នាំ២០២៣ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា ហេតុផលទាំង​៣ ដែលនាំឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តើមទស្សនកិច្ចនៅប្រទេសចិនរួមមាន៖

១៖ ជាទូទៅពេលមានថ្នាក់ដឹកនាំថ្មីឡើងកាន់តំណែងកំពូលនៃប្រទេស ថ្នាក់ដឹកនាំកំពូល​នោះ តែងតែទៅបំពេញទស្សនកិច្ច នៅប្រទេសជាមិត្ត

២៖ ទស្សនកិច្ចនេះ ជារឿងព្រួញមួយបាញ់បានសត្វ២ ដោយការទៅបំពេញទស្សនកិច្ច​នៅ​ចិនថ្ងៃទី១៤-១៦ និងថ្ងៃ១៦-១៧ ឆ្លៀតចូលទៅណាននីង ដើម្បីចូលរួមពិព័រណ៍ រវាងចិន និងអាស៊ាន
៣៖ ទស្សនកិច្ចនេះ មានលក្ខណៈការទូត ដែលមានប្រវត្តិយូរលង់មកហើយ រវាងកម្ពុជា-ចិន ដែលឆ្នាំនេះជាខួប ៦៥ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ។

លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ ក៏បានបន្ថែមថា សព្វថ្ងៃនេះ ចិនជាប្រទេសដែលផ្តល់ជំនួយ​អភិវឌ្ឍន៍ដល់កម្ពុជាច្រើនជាងគេ ច្រើនលើសជប៉ុន ដែលជាប់លេខ២ និងច្រើនលើសអឺរ៉ុប ដែលចូលលេខ៣ បើប្រមូលផ្តុំគ្នា។ បើគេមើលវិនិយោគទុនបរទេសនៅកម្ពុជា ចិនជាប់​លេខ១ ដែរ។

បន្ថែមលើនេះ បើមើលហេដ្ឋារចនាសម្ព័ន្ធ នៅប្រទេសកម្ពុជា ដែលបាននិងកំពុងបន្ត​អភិវឌ្ឍន៍​​តទៅមុខទៀត​ ភាគច្រើនសុទ្ធសឹងជាជំនួយបានពីប្រទេសចិន។ ហេដ្ឋារចនា​សម្ព័ន្ធ​ទាំងនេះ សុទ្ធសឹងជា ឬនឹងក្លាយទៅជាសសៃឈាម ម៉ាក្រូ ឬមីក្រូ សេដ្ឋកិច្ច សម្រាប់ការ​អភិ​វឌ្ឍ​នៃប្រទេសកម្ពុជា។

«ជាសង្ខេបប្រទេសចិន ដើរតួនាទីធំសម្បើមណាស់ នៅលើមាគ៌ាអភិវឌ្ឍន៍ប្រទេសកម្ពុជា។ តាមខ្ញុំយល់ អ្នកដទៃអាចថា ជាមូលហេតុមិនសាកសម ដែលជំរុញនាយករដ្ឋមន្ត្រីថ្មី​នៃ​កម្ពុជា ទៅបំពេញទស្សនកិច្ចមុនគេនៅប្រទេសចិន។ ប៉ុន្តែសម្រាប់ខ្ញុំមូលហេតុទាំង៣ គឺសាក​សម សម្រាប់ជំរុញឱ្យនាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា ទៅបំពេញទស្សនកិច្ចមុនគេ នៅ​ប្រទេសចិន។ ប៉ុន្តែមិនមែនជាជម្រើសដាច់ខាតទេ»។ នេះបើតាម លោក តាន់ ហ្សង់-ហ្វ្រង់ស្វ័រ។

សូមរំលឹកថា តបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន, សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន កាល​ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នា២០២៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ នេះជាការចេញ​ដំណើរទស្សនកិច្ចផ្លូវការលើកដំបូង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីទទួលបាន​ការ​គាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភា​ឱ្យដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មី៕