(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សា ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ និងសាទរចំពោះការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការ យូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារាំប៊ី សាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

តាមរយៈសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ, លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា៖ «ថ្នាក់ដឹកនាំ និងជាសមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានបន្តសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជូនជាតិ និងប្រជាជនកម្ពុជា នាឱកាសដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី ៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង ១២:២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង ៤:២៨នាទី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ»

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែបានលើកកម្ពស់មោទនភាពជាតិ និងប្រជាជនកម្ពុជាប៉ុណ្ណោះទ ប៉ុន្តែថែមទាំងបានបង្ហាញឱ្យឃើញពីភាពប្រាកដនិយម ក្នុងកិច្ចដំណើរការចាត់តាំងអនុវត្តដ៏មានប្រសិទ្ធភាព និងនិរន្តរភាពនៃការដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៦ និងទី៧ នៃរដ្ឋសភា ក្រោមព្រះរាជកិច្ចដឹកនាំគាំទ្ររបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះមហាវររាជមាតាជាតិខ្មែរ។

លោក ឃួង ស្រេង បានប្ដេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្តបេសកកម្មដ៏ឧត្ដុង្គឧត្តមថែរក្សាការពារ «សន្តិភាព និងស្ថិរភាពនយោបាយ» និងដើម្បីការពារតម្លៃបេតិកភណ្ឌសកលនេះ ឱ្យបានឋិតថេរ ព្រមទាំងថែរក្សាជាសម្បត្តិវប្បធម៌ ទុកជាកេរ្តិ៍មរតកសម្រាប់មនុស្សជំនាន់ក្រោយៗទៀត»