(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ​ នរោត្ដម​ មុនិនាថ​ សីហនុ ជាព្រះប្រធានកិត្តិយស​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន ​បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

មុនដំណើរការកិច្ចប្រជុំថ្នាក់ដឹកនាំ គឺមានរៀបចំវេទិកាយុវជនអាស៊ីអាគ្នេយ៍លើកទី២ ដែលវេទិកានេះ ប្រារព្ធធ្វើចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញា ដែលមានប្រតិភូយុវជន មកពីសមាគមជាតិទាំង១១ និងមន្ត្រីសម្របសម្រួលមកពីសហព័ន្ធអន្តរជាតិ និងយុវជនកាកបាទក្រហមកម្ពុជា ជា អិល.អូ ចូលរួមផងដែរ។

សម្រាប់នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី២នៃវេទិកាយុវជនលើកទី២។ តាមការបញ្ជាក់របស់លោកស្រី ឌួង​ ទេពសុគន្ធា​ តំណាងប្រតិភូយុវជនកាកបាទក្រហមកម្ពុជា បានឲ្យដឹងថា ថ្ងៃទី២នៃកម្មវិធីវេទិកាយុវជនលើកទី២ ដែលប្រតិភូយុវជនទាំង ១១ សមាគមជាតិទទួលបានឱកាសពិនិត្យ ពិភាក្សាលើការអនុវត្តនៃសេចក្ដីថ្លែងការណ៍ នៃវេទិកាយុវជនលើកទី១ ដែលបានកសាងឡើងនៅប្រទេសព្រុយណេ កាលពីឆ្នាំ២០២២។

ប្រតិភូយុវជនទាំងអស់បានធ្វើការបង្ហាញអារម្មណ៍តាមរយៈការគូរបង្ហាញទឹកមុខទៅលើចំណុចនីមួយៗ នៃសេចក្ដីថ្លែងការណ៍យុវជនឆ្នាំ២០២២ ដោយធ្វើការឆ្លុះបញ្ចាំងនូវចំណុចទាំងនោះជាមួយនឹងការអនុវត្តជាក់ស្ដែងរបស់សមាគមជាតិពួកគាត់។

ក្នុងនោះក៏បានធ្វើការពិភាក្សាជាក្រុម ដើម្បីរិៈរកគន្លឹះថ្មីៗ។ បន្ទាប់ពីនោះ ក៏មានការបែងចែកជាការពិភាក្សាតាមក្រុម ទៅតាមប្រធានបទខុសៗគ្នាដូចជា៖ ក្រុមទី១ ពិភាក្សាលើប្រធានបទ ការអភិវឌ្ឍន៍យុវជន, ក្រុមទី២ ពិភាក្សាលើប្រធានបទ ការការពារ យេនឌ័រ និងបរិយាប័ន្ន, ក្រុមទី៣ ពិភាក្សាលើប្រធានបទ ការប្រែប្រួលអាកាសធាតុ, ក្រុមទី៤ ពិភាក្សាលើប្រធានបទ គ្រោះមហន្តរាយ, និងក្រុមទី៥ ពិភាក្សាលើប្រធានបទ សុខភាពផ្លូវចិត្ត និងការគាំទ្រចិត្តសាស្ត្រសង្គម។
ក្រុមនីមួយៗបានធ្វើការពិភាក្សាស្វែងរកនូវបញ្ហាប្រឈមដែលទាក់ទងទៅនឹងប្រធានបទរបស់ខ្លួន។

«ជាលទ្ធផល ប្រតិភូយុវជនទាំង ១១ សមាគមជាតិ បានពិនិត្យ និងពិភាក្សារួមគ្នាយ៉ាងស៊ីជម្រៅទៅលើសេចក្ដីថ្លែងការណ៍យុវជនឆ្នាំ២០២២ និងបញ្ហាដែលកើតមានឡើងចំពោះមុខ ដែលទាក់ទងទៅនឹងប្រធានបទទាំង ៥ក្រុមខាងលើ និងចេះវាយតម្លៃរកភាពខ្លាំង ភាពខ្សោយ នៃបញ្ហាទាំងនោះ ព្រមទាំងសិក្សាពីឱកាស និងភាពគំរាមកំហែងមួយចំនួនដែលធ្វើឱ្យបញ្ហាទាំងនោះកើតមានឡើង»។ នេះជាការបញ្ជាក់របស់លោកស្រី ឌួង​ ទេពសុគន្ធា​។

លោកស្រីបន្តថា សម្រាប់កិច្ចពិភាក្សានៅថ្ងៃនេះ នឹងលើកទៅបង្ហាញនៅថ្ងៃស្អែក ដើម្បីសិក្សាស៊ីជម្រៅបន្ថែមទៀត កំណត់យកបញ្ហាតែមួយគត់ក្នុងចំណោម ៥ប្រធានបទខាងលើ ដើម្បីពិភាក្សាបន្ថែមរកនូវដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌ និងដើម្បីកសាងសេចក្ដីថ្លែងការណ៍រួមថ្មីមួយ សម្រាប់វេទិកាយុវជនលើកទី២ ឆ្នាំ២០២៣ និងដើម្បីយកទៅបង្ហាញជូនថ្នាក់ដឹកនាំទាំង ១១សមាគមជាតិ នៅថ្ងៃទី១ នៃកិច្ចប្រជុំថ្នាក់ដឹកនាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

សូមជម្រាបថាថ្ងៃទី២នៃវេទិកានេះ ប្រតិភូយុវជនទាំងអស់ទទួលបានការបង្ហាញ និងពន្យល់យ៉ាងក្បោះក្បាយអំពីកម្មវិធីដាំដើមឈើ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ នៃវេទិកាយុវជនលើកទី២ ពីសំណាក់ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដើម្បីឱ្យមានការចូលរួមបានផុសផុលពីសំណាក់ប្រតិភូយុវជនជាតិ និងអន្តរជាតិ និងដើម្បីកម្មវិធីដាំដើមឈើដំណើរការទៅបានដោយរលូន និងជោគជ័យក្នុងការលើកកម្ពស់ការការពារបរិស្ថាន ការលើកកម្ពស់ការដាំដើមឈើ ដើម្បីបរិស្ថានពណ៌បៃតង និងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ។

គួររម្លឹកថា វេទិកាយុវជនលើកទី២នេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់យុវជននៃសមាគមជាតិទាំង​ ១១​ ទទួលបានការបណ្ដុះបណ្ដាលជំនាញទំនាក់ទំនង​ និងការនិយាយជាសាធារណៈ ក្នុងភាពជាអ្នកដឹកនាំវ័យក្មេងនាពេលបច្ចុប្បន្ន​ និងអនាគត៕