(ភ្នំពេញ)៖ លោក​ នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នាសាលចតុម្មុខមង្គល បានអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយទីប្រឹក្សាក្រសួងព័ត៌មានដើម្បីពិនិត្យមើលពីសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមក ក្តោបក្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយឆ្លើយតប ព្រមទាំងគិតគូរួមគ្នាពីចក្ខុវិស័យវែងឆ្ងាយ ក្នុងគោលដៅប្រែក្លាយក្រសួងព័ត៌មាន ឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលដែល សកម្ម បុរេសកម្ម អន្តរសកម្ម ហើយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ។

លោក នេត្រ ភក្ត្រា បានគួសបញ្ជាក់ថា ការណ៍ដែលជួបប្រជុំគ្នាជាទីប្រឹក្សាដែលមានគ្នាច្រើន នាឱកាសនេះ ដើម្បីពិនិត្យការងារឡើងវិញ ហើយរួមគ្នាធ្វើសម្រេចអោយបានលទ្ធផលការងារបានកាន់តែច្រើនឡើង តាមរយៈផែនការដែលត្រូវអនុវត្តន៍នាពេលខាងមុខ។

លោកបានរំលឹកឡើងវិញ ពីព្រះរាជក្រឹត្យស្តីពីគោលការណ៍សម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ ដោយក្នុងព្រះរាជក្រឹត្យនេះ កំណត់អំពីគោលការណ៍ លក្ខខណ្ឌ និងបែបបទសម្រាប់ការតែងតាំងទីប្រឹក្សា និង ជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ ក្នុងគោលបំណងពង្រឹងគោលការណ៍ឋានានុក្រមរដ្ឋបាល សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ទីប្រឹក្សា និងជំនួយការនៅក្នុងអង្គការ នីតិប្រតិបត្តិ។

ចំណុចសំខាន់ៗមួយចំនួន អំពីព្រះរាជក្រឹត្យ នៃការតែងតាំង ទីប្រឹក្សា ឬជំនួយការ៖

១​៖ មន្ត្រីក្នុងមុខតំណែងនយោបាយ៖ អាចបន្ថែម ជាទីប្រឹក្សា ឫជំនួយការ ទទួលឋានៈស្មើ
២៖ មន្ត្រីរាជការ ដែលកំពុងស្ថិតនៅក្នុងក្របខ័ណ្ឌ៖ មិនអាចបន្ថែមជាទីប្រឹក្សា ឬជំនួយការ ទទួលឋានៈស្មើបានទេ (លើកលែងតែសុំលាលែង ឫដាក់ឱ្យនៅក្រៅក្របខ័ណ្ឌដើម) និងអាចជាទីប្រឹក្សា ឫជំនួយការ គ្មានឋានៈស្មើ (ប៉ុន្តែបានតែក្នុងស្ថាប័នដែលខ្លួនកំពុងមានក្របខ័ណ្ឌប៉ុណ្ណោះ)
៣៖ មេធាវី៖ មិនប្រកបវិជ្ជាជីវៈ អាចជា ទីប្រឹក្សា ឬជំនួយការមានឋានៈស្មើ និងកំពុងប្រកបវិជ្ជាជីវៈ អាចជា ទីប្រឹក្សា ឬជំនួយការ គ្មានឋានៈស្មើ
៤៖ ឧកញ៉ា, សមាជិកក្រុមប្រឹក្សា និងប្រធានក្រុមហ៊ុនឯកជន អាចជាទីប្រឹក្សាគ្មានឋានៈស្មើប៉ុណ្ណោះ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រៅពីការបែងចែកភារកិច្ចតាមមុខជំនាញដល់ថ្នាក់ដឹកនាំជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទាំងអស់រួចមក ដោយឡែកចំពោះ ទីប្រឹក្សា និងជំនួយការក្រសួងព័ត៌មាន ក៏ត្រូវបែងចែកភារកិច្ចផងដែរ ព្រោះជាការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ។

សម្រាប់មន្រ្តីរាជការដែលបានបំពេញកិច្ចការងារតាំងពីគ្រាលំបាកឆ្នាំ១៩៧៩ រហូតមកចូលនិវត្តន៍ គឺមនុស្សសំខាន់សម្រាប់មន្រ្តីជំនាន់ក្រោយនេះដកស្រង់បទពិសោធន៍ការងារ ជាជន្ទល់រឹងមាំ បើសិនជាគាត់មិននៅជាទីប្រឹក្សាក្នុងការផ្តល់យោបល់ផ្នែកបច្ចេកទេសនោះទេគឺនឹងជួបការលំបាក។ លោករដ្ឋមន្រ្តី បានចាត់ទុកអ៊ុំ ពូ មីង អ្នកជំនាន់ដែលនៅមកដល់បច្ចុប្បន្ននេះ គឺជាបេតិកភណ្ឌរស់ ជាវចនានុក្រមបច្ចេកទេសរបស់ក្រសួងព័ត៌មាន ដែលរស់ ព្រោះក្មេងៗជំនាន់ក្រោយអាចសួរ មតិយោបល់របស់គាត់ នោះការងារនឹងដំណើរការទៅលឿន។

លោកថា​ ការរក្សាទុកអ្នកជំនាន់មុនជាទីប្រឹក្សា គឺដើម្បីផ្ទេរចំណេះនឹងជំនាញរបស់ អ៊ុំ ពូ មីង ដែលមានវ័យចំណាស់ មកអោយក្មេងជំនាន់ក្រោយ ដែលជាការរក្សានូវអ្វីដែលជាចំណេះជំនាញនៅក្នុងក្រោមខណ្ឌក្រសួងព័ត៌មាន ពីជំនាន់មួយ ទៅជំនាន់មួយទៀត ។ ការផ្តល់ងារជាទីប្រឹក្សានេះដែរ គឺជាការផ្តល់នូវកិត្តិយសដល់ អ្នកជំនាន់មុនដែលបានបំពេញការងារតាំងពីឆ្នាំ១៩៧៩ មកបានលះបង់គ្រប់បែបយ៉ាង តស៊ូរហូតមកពេលនេះ ដើម្បីផលប្រយោជន៍ប្រទេសជាតិ ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ដែរថា ការងារអាទិភាពដែលត្រូវធ្វើក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មាន ផ្ដោតជាសំខាន់ គឺធ្វើការទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជា ស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។ ដូច្នេះ ត្រូវមានការចូលរួមទាំងអស់គ្នា ក្នុងការបំពេញតូនាទី អោយមានប្រសិទ្ធិភាព តាមរយៈចក្ខុវិស័យ គឺធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មាន ឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលមួយដែលប្រកបដោយ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព។ ស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល គឺសំដៅទៅលើច្រកចេញចូលនៃទំនាក់ទំនងព័ត៌មានរវាងរដ្ឋាភិបាល និងសាធារណជន គឺសំដៅទៅលើប្រជាពលរដ្ឋទូទៅ ៕