(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទីតាំងគោលរាជធានីភ្នំពេញកាលពីចុងសប្ដាហ៍ទៅនេះបានរៀបចំធ្វើបទបង្ហាញស្តីពីប្រធានបទ «តើអ្វីដែលធ្វើឱ្យព្រះពុទ្ធសាសនាមានលក្ខណៈពិសេស?» ការបកស្រាយអំណះអំណាងរបស់លោក Habermas ដែលត្រូវបានធ្វើបទបង្ហាញដោយលោកសាស្ត្រាចារ្យ បណ្ឌិត WOLFGANG DRECHSLER ដល់សមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

លោកសាស្ត្រាចារ្យ បណ្ឌិត WOLFGANG DRECHSLER គឺជាសាស្ត្រាចារ្យផ្នែកអភិបាលកិច្ចបម្រើការងារនៅដេប៉ាតឺម៉ង់ Ragnar Nurkse នៃនវានុវត្តន៍ និងសាកលវិទ្យាល័យបច្ចេកវិទ្យា TalTech សាស្ត្រាចារ្យកិត្តិយស នៅសាកលវិទ្យាល័យ London និងជាសាស្ត្រាចារ្យរង ប្រចាំមជ្ឈមណ្ឌលទេវវិទ្យា ទទួលបន្ទុកការសិក្សាអំពីRussian and Eurasian Studies នៃសាកលវិទ្យាល័យ Harvard ។

នៅក្នុងបទបង្ហាញ លោកសាស្រ្តាចារ្យបណ្ឌិតបានលើកឡើងពីចំណុច ៦យ៉ាងដែលធ្វើឱ្យព្រះពុទ្ធសាសនាមានលក្ខណៈពិសេសគឺ៖

១- ព្រះពុទ្ធអង្គ គឺជាស្ថាបនិកបង្កើតព្រះពុទ្ធសាសនា
២- មនុស្សគ្រប់រូបអាចត្រាស់ដឹងអរិយសច្ចៈបានដូចគ្នា ដោយមិនប្រកាន់វណ្ណៈ ជាតិ ត្រកូល
៣- សមាធិ គឺអាចជួយឱ្យមនុស្សមានសេចក្តីសុខស្ងប់ពិតក្នុងពេលបច្ចុប្បន្ន ហើយរឹតតែធ្វើឱ្យជីវិតមនុស្សកាន់តែល្អប្រសើរឡើង
៤- សហគមន៍សង្ឃ គឺជាស្ថាប័នមួយដែលមានរចនាសម្ពន្ធដ៏រឹងមាំសម្រាប់ព្រះពុទ្ធសាសនា 
៥- ផ្តល់សិទ្ធិសេរីភាពស្មើគ្នា ដោយមិនប្រកាន់ជាតិសាសន៍វណ្ណៈត្រកូល
៦- ព្រះពុទ្ធសាសនាបង្រៀនមនុស្សឱ្យជឿលើច្បាប់កម្មផល។

បទបង្ហាញនេះ ពិតជាមានសារៈសំខាន់សម្រាប់សមណនិស្សិត និស្សិតធ្វើការពិចារណាឈ្វេងយល់បន្ថែម ពីតម្លៃនៃព្រះពុទ្ធសាសនា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិយើង។

សូមជម្រាបថា បទបង្ហាញនេះត្រូវបានធ្វើឡើងជាលើកទី១ ហើយនឹងនៅតែបន្តធ្វើជាបន្តបន្ទាប់ទៀត ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា៕