(ភ្នំពេញ)៖ លោក ហែម ថេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលជាឪពុករបស់ លោក ហែម ប៊ុនធឿន ហៅ ប៊ុន សច្ចៈ បានចេញវីដេអូ សុំអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ក្រោយកូនរបស់លោក បានប្រើប្រាស់ពាក្យសម្តីប្រមាថដល់កិត្តិយសរបស់សម្តេច។

ជាមួយនឹងការសុំអភ័យទោសនេះ លោក ហែម ថេង បានប្រកាសកាត់កាលកូនរបស់លោក ឈ្មោះ ហែម ប៊ុនធឿន នេះហើយស្នើដល់សមត្ថកិច្ចតាមចាប់កូនរបស់លោក មកផ្តន្ទាទោសទៅតាមច្បាប់។

លោក ហែម ថេង បានរៀបរាប់ថា ខ្លួនខិតខំអប់រំ លោក ហែម ប៊ុនធឿន ឱ្យរៀនតាមលំដាប់លំដោយតាំងពីថ្នាក់បឋម រហូតដល់សកលវិទ្យាល័យ។ នៅឆ្នាំ២០០១ ដោយសារតែមានមិត្តភក្តិមិនល្អ រូបលោកក៏បានបញ្ជូនកូនប្រុសទៅនៅសហរដ្ឋអាមេរិក។ ប៉ុន្តែផ្ទុយទៅវិញ កូនរបស់លោក បានសែបគប់មនុស្សមិនល្អនៅក្នុងសង្គម ប្រព្រឹត្តអំពើមិនត្រឹមត្រូវ រហូតដល់បម្រើការងារឱ្យទូរទស្សន៍ និងវិទ្យុមនសិកា ដែលបង្កើតឡើងដោយក្រុមប្រឆាំងជ្រុលនិយម ហើយផ្សាយបំផ្លើសបំប៉ោង បំភ្លៃការពិតពីប្រទេសកម្ពុជា ព្រមទាំងជេរប្រមាថថ្នាក់ដឹកនាំ ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ជួយប្រទេសជាតិ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ រំដោះប្រជាពលរដ្ឋ អភិវឌ្ឍប្រទេសតាំងពីបាតដៃទរទេ រហូតដល់មានការរីកចម្រើនដល់ពេលនេះ៕

សូមស្តាប់ការលើកឡើងរបស់ លោក ហែម ថេង ដូចតទៅ៖