(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់លោក ឈាង​ រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និងតាមការណែនាំពីលោក ឃួង​ ស្រេង​ អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ​, មន្ទីរ​សុខាភិបាល​រាជធានីភ្នំពេញ បានចុះអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីវិធីបង្ការជំងឺ គ្រុនឈាម ​និងបានចុះបាញ់ថ្នាំសម្លាប់មូសនៅតាមសហគមន៍នានាក្នុងរាជធានីភ្នំពេញ។

លោក ងី មានហេង បានឲ្យដឹងថា មន្ទីរ​សុខាភិបាល​រាជធានីភ្នំពេញ បានបាញ់ថ្នាំសម្លាប់មូសតាមសហគមន៍។ ការចុះបាញ់ថ្នាំមូស និងចុះផ្សព្វផ្សាយអំពាវនាវ ដើម្បីធានាសុវត្ថិភាពសុខភាព ជូនប្រជាពលរដ្ឋ គ្មានជំងឺគ្រុនឈាម ហើយលោកបន្តជំរុញតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកតាមខណ្ឌ បន្តចុះបាញ់ថ្នាំមូស និងដាក់ថ្នាំអាល់ប៊ែត លុបបំបាត់ជម្រកមូសខ្លា ក្នុងសហគមន៍ ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាមឲ្យជាប់ជាប្រចាំផងដែរ។

ដើម្បីទប់ស្គាតនៃជំងឺនេះ លោកបានឲ្យដឹងថា យុទ្ធនាការនេះនឹងធ្វើឡើងជាបន្តបន្ទាប់ទូទាំងរាជធានី ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ យល់ជ្រួតជ្រាបកាន់តែច្បាស់បន្ថែមទៀត អំពីវិធីសាស្ត្រការពារខ្លួនកុំឱ្យឆ្លងជំងឺគ្រុនឈាម។ ម៉្យាងទៀតយុទ្ធនាការនេះដែរ ក៏មានការដាក់ថ្នាំអាលប៊ែតតាមផ្ទះប្រជាពលរដ្ឋ និងមានបាញ់ថ្នាំសម្លាប់មូសខ្លា តាមទីសាធារណៈ ដើម្បីចូលរួមទប់ស្កាត់ការពារជំងឺមួយនេះកុំឲ្យ កើតមានឡើងជាបន្តទៀត។

លោកបន្តថា ដូចនេះមូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម បានយ៉ាងឆាប់រហ័ស តាមរយៈទឹកដក់ ជាជម្រកមូសខ្លា (ទឹកដក់ក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ ទឹកភ្លៀងជាជម្រកមូសខ្លា)។ សូមកុំទុកដាក់សំបកកង់ឡាន កង់ម៉ូតូហាលភ្លៀង នៅក្នុងសហគមន៍ ព្រោះជាការបង្កើតជម្រកមូសខ្លា ក្រោយពេលភ្លៀងធ្លាក់។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថា ចាប់ពីខែមករា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានការកើនឡើងករណីជំងឺគ្រុនឈាមគួរឱ្យកត់សម្គាល់។ តាមរយៈ បទពិសោធន៍ ការសិក្សាស្រាវជ្រាវ និងការតាមដានជំងឺរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនាពេលកន្លងមក បានបង្ហាញថា ស្ថានភាពជំងឺគ្រុនឈាម តែងតែមានវដ្ដនៃជំងឺកើនឡើងខ្ពស់ ខុសប្រក្រតីនៅរៀងរាល់៥ ទៅ៦ឆ្នាំម្តង។

គួរកត់សំគាល់ថា ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយ វីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹក ដក់រងថ្លាគ្មានក្លិនដូចជា៖ ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលទុកឬបោះចោលពាសវាលពាសកាលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមណែនាំក្រើនរំលឹកដល់ប្រជាជនគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្នប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម និងដើម្បីចូលរួម ទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព៕