(ប៉ៃលិន)៖ ក្រោមការដឹកនាំរបស់លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងតាមការណែនាំពីសំណាក់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នារយៈពេលប៉ុន្មានថ្ងៃមកនេះ មន្ទីរសុខាភិបាលខេត្តបានចុះអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីវិធីបង្ការជំងឺគ្រុនឈាម និងបានចុះបាញ់ថ្នាំសម្លាប់មូសនៅតាមសហគមន៍នានា ដើម្បីចូលរួមចលនាកាត់បន្ថយនិងទប់ស្កាត់ការកកើតសត្វមូស។

លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា ក្រុមការងាររបស់មន្ទីរបានចុះបាញ់ថ្នាំសម្លាប់មូសតាមសហគមន៍ និងធ្វើការផ្សព្វផ្សាយដើម្បីធានាសុវត្ថិភាពសុខភាពជូនប្រជាពលរដ្ឋគ្មានជំងឺគ្រុនឈាម ព្រមទាំងជំរុញតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្តបន្តចុះបាញ់ថ្នាំមូស និងដាក់ថ្នាំអាល់ប៊ែត លុបបំបាត់ជម្រកមូសខ្លាក្នុងសហគមន៍ ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាមឲ្យជាប់ជាប្រចាំផងដែរ។

លោកប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់ថា យុទ្ធនាការនេះនឹងធ្វើឡើងជាបន្តបន្ទាប់ទូទាំងខេត្ត ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ជ្រួតជ្រាបកាន់តែច្បាស់បន្ថែមទៀតអំពីវិធីសាស្ត្រការពារខ្លួនកុំឱ្យឆ្លងជំងឺគ្រុនឈាម។ ម៉្យាងទៀត យុទ្ធនាការនេះដែរក៏មានការដាក់ថ្នាំអាលប៊ែតតាមផ្ទះប្រជាពលរដ្ឋ និងមានបាញ់ថ្នាំសម្លាប់មូសខ្លាតាមទីសាធារណៈ ដើម្បីចូលរួមទប់ស្កាត់ការពារជំងឺមួយនេះកុំឲ្យកើតមានឡើងជាបន្តទៀត។

លោក ស្លេះ យូ បានបន្តថា មូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមបានយ៉ាងឆាប់រហ័សតាមរយៈទឹកដក់ជាជម្រកមូសខ្លា (ទឹកដក់ក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ ទឹកភ្លៀងជាជម្រកមូសខ្លា) ដូច្នេះសូមកុំទុកដាក់សំបកកង់ឡាន កង់ម៉ូតូហាលភ្លៀងនៅក្នុងសហគមន៍ ព្រោះជាការបង្កើតជម្រកមូសខ្លាក្រោយពេលភ្លៀងធ្លាក់។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានប្រកាសដែរថា ចាប់ពីខែមករា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានការកើនឡើងករណីជំងឺគ្រុនឈាមគួរឱ្យកត់សម្គាល់។ តាមរយៈបទពិសោធន៍ ការសិក្សាស្រាវជ្រាវ និងការតាមដានជំងឺរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនាពេលកន្លងមកបានបង្ហាញថា ស្ថានភាពជំងឺគ្រុនឈាមតែងតែមានវដ្ដនៃជំងឺកើនឡើងខ្ពស់ខុសប្រក្រតីនៅរៀងរាល់៥ ទៅ៦ឆ្នាំម្តង។

គួរកត់សម្គាល់ថា ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយវីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹក ដក់រងថ្លាគ្មានក្លិន ដូចជា៖ ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលទុកឬបោះចោលពាសវាលពាសកាលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលក៏បានណែនាំក្រើនរំលឹកដល់ប្រជាជនគ្រប់រូបត្រូវបន្តប្រុងប្រយ័ត្នប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម និងដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព៕