(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល, អាជ្ញាធរជាតិអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ នឹងចេញសេចក្ដីប្រកាសណែនាំលម្អិតមួយ អំពីអត្ថប្រយោជន៍ និងនីតីវិធីនានា ពាក់ព័ន្ធការបញ្ចុះតម្លៃអគ្គិសនីជូនរោងចក្រ សហគ្រាស ប្រមាណ២១,០០០រោងចក្រ សហគ្រាស។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ក្រោយការប្រកាសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា សេចក្ដីជូនដំណឹងដែលនឹងចេញនៅរសៀលនេះ ក៏ភ្ជាប់ជាមួយលក្ខខណ្ឌផ្សេងៗផងដែរ ដើម្បីទទួលបានការអនុគ្រោះនេះពីរាជរដ្ឋាភិបាល។

លោក កែវ រតនៈ បានថ្លែងយ៉ាងដូច្នេះថា «នៅរសៀលនេះ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល, ​ប្រធានអាជ្ញាធរអគ្គិសនី និងអគ្គនាយកអគ្គិសនីកម្ពុជា នឹងធ្វើសេចក្ដីថ្លែងការណ៍អំពីគោលដៅ អត្ថប្រយោជន៍លម្អិត និងនីតិវិធីដើម្បីទទួលបានការអនុវត្តយន្ដការនេះ»។

សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យលោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល សិក្សាលទ្ធភាពក្នុងការបញ្ចុះតម្លៃអគ្គិសនីជូនរោងចក្រ សហគ្រាស ប្រមាណ២១,០០០រោងចក្រ សហគ្រាស ដើម្បីជាចំណែកជួយសម្រួលដល់និយោជក ក្នុងការពង្រីកច្រវាក់ផលិកម្ម និងជំរុញការនាំចេញ។

ក្នុងឱកាសបន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសិក្សាបញ្ចុះលទ្ធភាពនេះ អាចអនុវត្តសាកល្បងចាប់ពីខែតុលា ឆ្នាំ២០២៣នេះ រហូតដល់ដំណាច់ឆ្នាំ២០២៣។

បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, ការបញ្ចុះតម្លៃអគ្គិសនីជូនបណ្ដារោងចក្រ សហគ្រាសនេះ ដើម្បីឲ្យរោងចក្រ សហគ្រាស អាចពង្រីកច្រវាក់ផលិតកម្ម ហើយប្រសិនបើរោងចក្រ សហគ្រាសពង្រីកច្រវាក់ផលិតកម្មហើយនោះ ច្បាស់ណាស់កម្មករ កម្មការិនី នឹងមានការងារធ្វើកាន់តែច្រើនបន្ថែមទៀត។ ដោយម្ខាងអាចធ្វើការថែមម៉ោង ឬម្យ៉ាងទៀត និយោជកអាចនឹងជ្រើសរើសកម្មករ កម្មការិនីថ្មីបន្ថែមទៀតផងដែរ៕