(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានស្នើក្រុមហ៊ុនដែលសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺក្រុមហ៊ុន China Road and Bridge Corporation (CRBC) សូមពិនិត្យលើលទ្ធភាពលើគម្រោង អាទិភាពសម្រាប់អភិវឌ្ឍខេត្តព្រៃវែង ព្រមទាំងបានស្នើសុំអាហារូបករណ៍ជូនសិស្សនិស្សិតនៅខេត្តនេះ ដើម្បីបន្តការសិក្សានៅប្រទេសចិនផងដែរ។

ការស្នើបែបនេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាងលោកអភិបាលខេត្ត សួន សុម៉ាលីន ជាមួយលោក ចាង ឈី (Zhang Qi) អនុប្រធានគម្រោង និងលោក វួច ចាវហ្វាន (Wuch Chaofan) ប្រធានតំបន់នៃក្រុមហ៊ុន CRBC ដែលទទួលសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបនោះ លោក ចាង ឈី បានជម្រាបអំពីគម្រោង និងដំណើរការនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយបានស្នើដល់រដ្ឋបាលខេត្តព្រៃវែងផ្ដល់កិច្ចសហការ និងជួយសម្របសម្រួលដល់ក្រុមការងារ របស់គម្រោងផងដែរ។

ជាការឆ្លើយតប លោកអភិបាលខេត្តក៏បានសន្យាផ្ដល់កិច្ចសហការល្អជាមួយក្រុមហ៊ុន ដើម្បីឱ្យការអនុវត្តគម្រោងទទួលបានជោគជ័យ។ លោកអភិបាលខេត្ត សួន សុម៉ាលីន ក៏បានស្នើសុំក្រុមហ៊ុនពិនិត្យលើលទ្ធភាពលើគម្រោងអាទិភាពសម្រាប់អភិវឌ្ឍខេត្តព្រៃវែង និងបានស្នើសុំផ្ដល់អាហារូបករណ៍ជូនសិស្សនិស្សិតខេត្តព្រៃវែង ដើម្បីបន្តការសិក្សានៅប្រទេសចិន។

សូមបញ្ជាក់ថា បណ្តាញផ្លូវល្បឿនលឿនដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅបាវិត មានប្រវែងសរុប១៣៥.១០គីឡូម៉ែត្រ សាងសង់ជា៤គន្លង ដោយឆ្លងកាត់ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ដោយមានរយះពេលនៃការសាងសង់៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាង់សង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT។ ដោយឡែក ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឆ្លងកាត់ភូមិសាស្រ្តខេត្តព្រៃវែងប្រវែង៧១គីឡូម៉ែត្រ ឆ្លងកាត់ក្រុង-ស្រុកចំនួន៤៕