(ស្វាយរៀង)៖ លោក ប៉េង​ ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានចុះពិនិត្យទីតាំងរៀបចំផែនការអភិវឌ្ឍកែលម្អរសោភ័ណភាពក្នុងក្រុងស្វាយរៀង​ មាន​ដូចជា​ ទីតាំងសាងសង់អគារធ្វើការ​របស់រដ្ឋ មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍​ ស្ថានីយបូមទឹកឆៅ និងសួនច្បារច្រាំងទន្លេ​បែកខាងជេីងផ្លូវជាតិលេខ១​ ពិនិត្យទីតាំងគម្រោងស្តាព្រែកនៀល​ ពិនិត្យទីតាំងកំពង់ផែអូស្មាច់​ និងពិនិត្យទីតាំងស្នើសុំបណ្ណកម្មសិទ្ធរបស់ប្រជាពលរដ្ឋ​។ 

ការពិនិត្យនេះដែរក៏ មានការចូលរួមអមដំណើរពីអភិបាលរងខេត្ត នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ លោក​ លោកស្រីនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត​ ទីចាត់ការផែនការវិនិយោគ​ និងលោកប្រធានមន្ទីរ-អង្គភាព​ពាក់ព័ន្ធនានាក្នុងខេត្តផងដែរ។

សូមបញ្ជាក់ថា លោក ប៉េង ពោធិ៍សា ធ្លាប់បានប្តេជ្ញាចិត្តថា និងរៀបចំកសាង និងអភិវឌ្ឍន៍វិស័យនានាក្នុងខេត្ត បន្តនិរន្តរ៍ភាពពីថ្នាក់ដឹកនាំជំនាន់មុនៗ ដោយអនុវត្តតាមអភិក្រមថែរក្សាការពារសមិទ្ធផលវិជ្ជមានរបស់អ្នកជំនាន់មុន និងបន្តបង្កើនសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត ផ្អែកលើផែនការអភិវឌ្ឍន៍ខេត្ត៥ឆ្នាំ កម្មវិធីវិនិយោគ បីឆ្នាំរំកិល និងគម្រោងអភិវឌ្ឍន៍ខេត្តប្រចាំឆ្នាំ ដែលឆ្លើយតបទៅនឹងការវិវត្តន៍ និងតម្រូវការ ជាក់ស្តែងនៅមូលដ្ឋាន ដើម្បីរួមចំណែកលើកកម្ពស់គុណភាព ជីវភាពរស់នៅ និងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ប្រកបដោយផាសុកភាព និងសុខុមាលភាព ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ក្រោមមគ្គទេសក៍ ដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ប្រជាពលរដ្ឋខេត្តស្វាយរៀង និងសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកអភិបាលខេត្តថ្មី សមិទ្ធផលថ្មីៗនិងរីកដុះដាលជាបន្តបន្ទាប់ទៀតផងដែរ៕