(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពី «យុវជន ៤.០» ក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ វេទិកានេះមានការអញ្ជើញចូលរួមពីតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានសិក្សា វិស័យឯកជន និងយុវជន សរុបប្រមាណ២៧០នាក់។

វេទិកានាថ្ងៃនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ និងការចូលរួមក្នុងការជំរុញ និងបំផុសផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងឲ្យកាន់តែទូលំទូលាយ អំពីការប្រើប្រាស់បច្ចេកវិទ្យាជាដំណោះស្រាយ ដើម្បីទទួលបានជាប្រយោជន៍វិជ្ជមាន ជួយដល់សេដ្ឋកិច្ច សង្គម។

នាឱកាសថ្លែងសុន្ទរកថាគន្លឹះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់អំពីគោលបំណង នៃការរៀបចំវេទិកានេះ គឺដើម្បីប្រមូលផ្តុំអ្នកជំនាញ និងភាគីពាក់ព័ន្ធ រួមមាន អ្នកជំនាញមកពីវិស័យរដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកទស្សនៈ ជុំវិញប្រធានបទសំខាន់ៗ ទាក់ទងនឹងការកសាងសេដ្ឋកិច្ច សង្គមឌីជីថល។

ប្រធានបទនៃកិច្ចពិភាក្សានៅក្នុងវេទិកាកម្ពុជា ៤.០ លើកទី១ ផ្តោតសំខាន់លើយុវជនក្នុងយុគសម័យឌីជីថល ដោយហេតុថា យុវជនជាកម្លាំងចលករដ៏មានសារៈសំខាន់ សម្រាប់កម្ពុជានាថ្ងៃអនាគត ក្នុងការជំរុញការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ព្រោះថាពួកគេជាកម្លាំងពលកម្មសកម្មដ៏មានសក្តានុពល និងជាក្រុមមនុស្សដែលងាយក្នុងការសម្របខ្លួនទៅនឹងបរិបទថ្មីៗ និងជាអ្នកដែលនិយមក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យា។

លោកបានវាយតម្លៃថា វេទិកាកម្ពុជា ៤.០ លើកទី១ នេះ បានបង្ហាញឲ្យឃើញពីតួនាទី និងសារៈសំខាន់ នៃការចូលរួមរបស់យុវជននៅក្នុងដំណើរការបរិវត្តកម្មឌីជីថលនៅកម្ពុជា ដោយសារយុវជន ជាកម្លាំងចលករប្រកបដោយថាមភាពក្នុងការជំរុញការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។

លោក ហ៊ុន ម៉ានី បានចែករំលែកនូវទស្សនៈជាធាតុចូលអំពីទំនាក់ទំនងរវាងយុវជន និងបដិវត្តន៍ឧស្សាហកម្ម ៤.០, សក្តានុពលរបស់យុវជន និងការអភិវឌ្ឍមូលធនមនុស្ស, ការទាញយកប្រយោជន៍ពីអត្ថិភាព និងសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល, ការប្រើប្រាស់បច្ចេកវិទ្យា និងសុខភាពផ្លូវចិត្ត។

ចំពោះកិច្ចពិភាក្សាវគ្គទី១ គឺមានការអញ្ជើញចូលរួមពីវាគ្មិនតំណាងក្រសួងអប់រំ យុវជន និងកីឡា សភាពាណិជ្ជកម្មកម្ពុជា និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា ដោយក្នុងនោះបានរំលេចពីតួនាទីរបស់វិស័យអប់រំ និងគ្រឹះស្ថានបណ្តុះបណ្តាល ក្នុងការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងសកម្មភាពគន្លឹះបន្ថែម ដើម្បីពង្រឹងការអប់រំឌីជីថល និងការអភិវឌ្ឍជំនាញឌីជីថល ព្រមទាំងឈានទៅការជំរុញយុវជនក្នុងការចាប់យកអាជីពឌីជីថល។

លើសពីនេះទៀត នៅក្នុងកិច្ចពិភាក្សាក៏បានលើកពីទំនាក់ទំនងរវាងយុវជន ជាមួយការអប់រំឌីជីថល ជំនាញឌីជីថល ក៏ដូចជាអាជីពឌីជីថល ដែលជាភាពចាំបាច់ និងមានសារៈសំខាន់សម្រាប់យុវជន ដោយហេតុថាការកសាងមូលធនមនុស្សចាំបាច់ណាស់ត្រូវចាប់ផ្តើមពីការអប់រំដែលមានគុណភាព និងចេះប្រើប្រាស់បច្ចេកវិទ្យាជាជំនួយក្នុងការអប់រំ និងការសិក្សា សំដៅឆ្លើយតបនឹងតម្រូវការជាក់ស្តែង នៃអាជីពនាពេលបច្ចុប្បន្ន ដែលទាំងនេះជាកត្តាកំណត់នូវភាពជោគជ័យ នៃការចាប់យកនូវកាលានុវត្តភាពពីការរីកចម្រើននៃបច្ចេកវិទ្យា។

សម្រាប់កិច្ចពិភាក្សាវគ្គទី២ មានការអញ្ជើញចូលរួមពីវាគ្មិនតំណាងក្រសួងសុខាភិបាល ក្រុមហ៊ុនម៉េងលី ជេ.គួច អេឌ្យូខេសិន និងក្រុមហ៊ុនស្មាត អាស្យាតា ដោយបានពិភាក្សារួមគ្នាលើប្រធានបទស្តីពីការប្រើប្រាស់បច្ចេកវិទ្យា និងសុខភាពផ្លូវចិត្តរបស់យុវជន។

នៅក្នុងកិច្ចពិភាក្សាមានការលើកឡើងអំពីអត្ថប្រយោជន៍ នៃការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ ក្នុងការដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត ព្រមទាំងវិធីសាស្រ្ត ដើម្បីរក្សាលំនឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឲ្យមានប្រសិទ្ធភាព ចំគោលដៅ និងមិនប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នកប្រើប្រាស់ ជាពិសេសយុវជន។

បន្ថែមពីនេះ ក៏មានការរំលេចពីតួនាទីរបស់ស្ថាប័នពាក់ព័ន្ធ ក្នុងការដាក់ចេញនូវសកម្មភាពបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យា និងការការពារពីហានិភ័យ នៃការប្រើប្រាស់បច្ចេកវិទ្យាលើសកម្រិត និងខុសគោលដៅ។

ជាកិច្ចបញ្ចប់នៃអង្គវេទិកានេះ គណៈអធិបតី បានប្រគល់លិខិតថ្លែងអំណរគុណជូនវាគ្មិនកិត្តិយស និងអ្នកសម្របសម្រួល ដែលបានចូលរួមចែករំលែកទស្សនៈ បទពិសោធន៍ និងគំរូអនុវត្តល្អៗ ជុំវិញប្រធានបទនៃអង្គវេទិកាដែលផ្តោតលើយុវជននៅក្នុងយុគសម័យឌីជីថល ដែលបានធ្វើឲ្យវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពី «យុវជន ៤.០» ប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយផ្លែផ្កា៕