(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលឧបករណ៍បំភ្លឺផ្លូវ Pikalotto និងឧបករណ៍សម្រាប់ខួងដំឡើងពីក្រុមហ៊ុន Fuji Construction Works Co., Ltd. ដោយមានការចូលរួមពីលោក Sanui Kazumasa ប្រធានទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា។

ឧបករណ៍បំភ្លឺផ្លូវ Pikalotto នេះគឺសម្រាប់បំពាក់ទៅលើទ្រូងផ្លូវថ្នល់ ឬស្ពាន ត្រង់កន្លែងដែលងាយបង្កគ្រោះថ្នាក់ ដូចជា៖ កន្លែងផ្លូវកោងជាដើម ដើម្បីដាស់ស្មារតីអ្នកបើកបរនៅពេលយប់ ឱ្យមើលឃើញពីស្ថានភាពផ្លូវបានច្បាស់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់។

ឧបករណ៍បំភ្លឺផ្លូវដែលទទួលបានពីក្រុមហ៊ុនមានចំនួន ៣ ១០០គ្រាប់ ដែល ២ ៦៦៩គ្រាប់ ត្រូវបានដំឡើងរួចរាល់ក្នុង ៧៥ទីតាំង តាមបណ្តោយផ្លូវជាតិលេខ ២, ៥, ៦ និងលេខ៦១។ ដោយឡែកឧបករណ៍ដែលនៅសល់ និងឧបករណ៍ខួងដំឡើង ២គ្រឿង បានយកមកប្រគល់ជូនក្រសួង ដើម្បីទុកប្រើប្រាស់ក្នុងពេលបន្ទាប់៕