(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា «យុទ្ធសាស្ត្របញ្ចកោណ» គឺជាគោលនយោបាយពន្លឿនសន្ទុះឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព (SDG)។

លោកថ្លែងបែបនេះ ក្នុងវេទិកានយោបាយកម្រិតខ្ពស់ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព (SDG) នៅក្រោមការគាំទ្រនៃមហាសន្និបាត (កិច្ចប្រជុំកំពូល SDG) ពេលកិច្ចពិភាក្សាទី៤ របស់ថ្នាក់ដឹកនាំ (Leaders' Dialogue 4) ស្តីពី ការពង្រឹកគោលនយោបាយសមហរណកម្ម និងស្ថាប័នសាធារណៈដើម្បីសម្រេចឱ្យបាននូវ SDG នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

លោក អ៊ុច បូររិទ្ធ បានលើកឡើងពីចំណុចមួយចំនួន ស្ដីពីអ្វីដែលសម្រេចបាននៅក្នុងប្រទេសកម្ពុជា ដែលបានប្ដេជ្ញា ដើម្បីធ្វើបន្ថែមរហូតដល់ក្រោយឆ្នាំ២០៣០ ក្នុងនោះរួមមាន៖

* ទី១៖ ប្រទេសកម្ពុជាបានផ្ដល់សារៈសំខាន់យ៉ាងធំធេង ដើម្បីតម្រឹមដល់គោលនយោបាយជាតិជាមួយគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG) ដើម្បីពន្លឿនវឌ្ឍនភាពនៃការអភិវឌ្ឍជាតិ។ ដូចគ្នាទៅនឹងគោលដៅអភិវឌ្ឍសហសវត្សរ៍ MGD SDG ត្រូវបានបញ្រ្ជាបយ៉ាងល្អប្រសើរនៅក្នុង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រនានា។

* ទី២៖ ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ភាពចាំបាច់សម្រាប់ការពង្រឹងស្ថាប័នសាធារណៈបន្ថែម ក្នុងគោលបំណងពន្លឿនសន្ទុះឆ្ពោះទៅរក SDG។ ដើម្បីសម្រេច គោលដៅនេះ ការធ្វើកំណែទម្រង់អភិបាលកិច្ចឱ្យកាន់តែខ្លាំងក្លាត្រូវបានដាក់ជាស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់យើង នោះគឺ «យុទ្ធសាស្ត្របញ្ចកោណ» ដែលត្រូវ បានប្រកាសដាក់ចេញកាលពីខែសីហាកន្លងទៅនេះ។ នេះជាយុទ្ធសាស្ត្រអភិវឌ្ឍដ៏ទូលំទូលាយ និងសមាហរណកម្មដែលគ្របដណ្ដប់លើគ្រប់វិស័យដែលបង្កើតជា កម្លាំងជំរុញទាំង៥ គឺ កម្លាំងជំរុញទី១ គឺការអភិវឌ្ឍមូលធនមនុស្ស ទី២ ការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់យើង និងការបង្កើនភាពប្រកួតប្រជែង ទី៣ ការអភិវឌ្ឍវិស័យឯកជន និងការងារ ទី៤ ការកសាងភាពធន់ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន និងទី៥ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គម។ គោលបំណង ដើម្បីសម្រេចកម្មវត្ថុដ៏ទូលំទូលាយទាំង៥នេះ គឺកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព ការងារ សមធម៌ សមត្ថភាព និងនិរន្តរភាព។

* ទី៣៖ កម្ពុជាក៏កំពុងផ្ដោតផងដែរលើការពង្រឹងភាពជាដៃគូដើម្បីសម្រេច SDG។ ដើម្បីសម្រេចគោលដៅនេះ រដ្ឋាភិបាលរបស់ខ្ញុំ បាន និងកំពុងប្រឹងប្រែងពង្រឹង ដំណើរការនៃការប្រឹក្សាយោបល់គោលនយោបាយជាមួយ និងនៅក្នុងចំណោមភាគីពាក់ព័ន្ធទាំងក្នុងតំបន់ និងអន្តរជាតិ។ នេះមិនត្រឹមតែធានាថាគោលនយោបាយ នានាត្រូវបានធ្វើសមាហរណកម្មយ៉ាងល្អប្រសើរប៉ុណ្ណោះទេ តែក៏ពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលនៅក្នុងដំណាក់កាលអនុវត្តផងដែរ។

លោក អ៊ុច បូររិទ្ធ បន្តថា កិច្ចសន្ទនាស្ដីពីការពង្រឹងការធ្វើសមាហរណកម្មគោលនយោបាយ និងស្ថាប័នសាធារណៈ ដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព (SDG) ពិតជាមានជាប់ពាក់ព័ន្ធ និងទាន់ពេលវេលា ខណៈទាំងអស់គ្នា ត្រូវការបង្កើនកិច្ចខិតខំប្រឹងប្រែង និងចាត់វិធានការផ្លាស់ប្ដូរ ដើម្បីបិទបញ្ចប់ភាពក្រីក្រ ព្រមទាំងធានាឱ្យបានថាមនុស្សគ្រប់ៗរីករាយជាមួយ វិបុលភាព និងការរួមរស់នៅជាមួយក្នុងសុខដុមរមនាជាមួយគ្នាទៅវិញទៅមក និងជាមួយធម្មជាតិ។

លោកបន្ថែមថា SDG គឺជាអន្តរទំនាក់ទំនង ដែលត្រូវការដើម្បីអនុម័តការធ្វើសមាហរណកម្មគោលនយោបាយដ៏ល្អប្រសើរ។ ស្ថាប័នសាធារណៈ ត្រូវតែមានប្រសិទ្ធភាព សមត្ថភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ដើម្បីសម្រេចចិត្តជាលទ្ធផលល្អ។

បើតាមលោក អ៊ុច បូររិទ្ធ ប្រទេសកម្ពុជាបានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍទាំងអស់ ក្នុងនោះរួមមានប្រព័ន្ធ UN សង្គមស៊ីវិល និងវិស័យឯកជនដើម្បី ប្រមែរប្រមូលធនធាន និងពង្រឹងគោលនយោបាយស៊ីសង្វាក់គ្នា។ កម្ពុជា បានប្ដេជ្ញាបង្កើនការជឿជាក់បន្ថែម និងទំនុកចិត្តនៅក្នុងស្ថាប័នសាធារណៈដើម្បីសម្រេច លទ្ធផល SDG ដោយជោគជ័យ និងជំរុញប្រទេសជាតិរបស់យើងបន្តិចម្ដងៗ ឆ្ពោះទៅរកប្រទេសមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសមានប្រាក់ចំណូលមធ្យម នៅឆ្នាំ២០២៧៕