(ភ្នំពេញ)៖ គ្រួសារមួយធ្លាប់តែមានភាពកក់ក្តៅ និងសុភមង្គលក្នុងគ្រួសារ បានប្រែក្លាយទៅជាមានភាពសោកសៅ ដោយកូន៣នាក់ ត្រូវកំព្រារឪពុក ស្ត្រីធ្លាប់មានស្វាមីនៅក្បែរ ត្រូវក្លាយជាស្ត្រីមេម៉ាយ និងទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរ រាប់រងចឹញ្ចឹមកូន៣នាក់តែម្នាក់ឯង ហើយពេលនេះពួកគាត់កំពុងដង្ហើយរកយុត្តិធម៌ជូនប្តី និងឪពុក ឈ្មោះ ច័ន្ទ ប៊ុនណា ដែលបានស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីអំឡុងឆ្នាំ២០២១ ដែលមកដល់ពេលនេះ មានរយៈពេលជិត ៣ឆ្នាំមកហើយ។

បើតាមការបញ្ជាក់ឱ្យដឹងរបស់អ្នកស្រី ចេង សុលក្ខិណា ស្ត្រីមេម៉ាយចិញ្ចឹមកូន៣នាក់ ដែលដង្ហើយរកយុត្តិធម៌ជូនប្តីរបស់ខ្លួនបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ សាលាឧទ្ធរណ៍ភ្នំពេញ នឹងប្រកាសសាលដីកាសំណុំរឿងប្តីរបស់អ្នកស្រី។ ដូច្នេះអ្នកស្រី សូមអំពាវនាវដល់តុលាការ សូមបន្តផ្តល់យុត្តិធម៌ឱ្យក្រុមគ្រួសារលោកស្រីផង។

គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលបានបង្កឡើងដោយរថយន្តម៉ាក TOYOTA PRIUS ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2BH-7044 ដែលមានអ្នកបើកបរឈ្មោះ ម៉ែន អង។

អ្នកស្រី ចេង សុលក្ខិណា ដែលត្រូវជាភរិយាជនរងគ្រោះ បានរៀបរាប់ពីដំណើររឿងដូចខាងក្រោម៖

កាលពីអំឡុងឆ្នាំ២០២១ ប្តីរបស់នាងខ្ញុំ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងគោលបំណង ដើម្បីទៅផ្ទះ។ លុះមកដល់ចំណុចកើតហេតុ ប្ដីរបស់នាងខ្ញុំ បានជួបគ្រោះថ្នាក់ចររាចរណ៍ ដែលបង្កឡើងដោយរថយន្តម៉ាក TOYOTA PRIUS ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2BH-7044 ដែលមានឈ្មោះ ម៉ែន អង ជាអ្នកបើកបរ។

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទៀតសោតប្ដីរបស់នាងខ្ញុំបាន បាត់បង់ជីវិតយ៉ាងអាណោចអាធម័ ជារឿងដែលគួរឲ្យសោកស្តាយបំផុត ចំពោះក្រុមគ្រួសារ និងសង្គមជាតិ នៃការទទួលមរណភាពរបស់ប្តីនាងខ្ញុំ ដែលបានបាត់បង់ធនធានមនុស្សដ៏ល្អនៅក្នុងសង្គម និងជាមេគ្រួសារដែលមានទំនួលខុសត្រូវ ដែលបានបណ្តាលមកពីការបើកបរធ្វេសប្រហែស និងមិនមានទំនួលខុសត្រូវ របស់បុគ្គលខាងលើនេះ។

ជាក់ស្ដែងបានធ្វើឲ្យគ្រួសារបស់នាងខ្ញុំ ដែលធ្លាប់មានភាពកក់ក្តៅ និងសុភមង្គល បែរជាបន្សល់ទុកនូវកូនកំព្រា៣ (បី)នាក់ និងស្ត្រីមេម៉ាយ។ នៅក្នុងស្ថានភាពបើកបរនោះដែរ ប្ដីរបស់នាងខ្ញុំពុំបានស្ថិតក្នុងស្ថានភាពស្រវឹង ឬបំពានគំនូសចរាចរណ៍ណាមួយនៅលើដងផ្លូវ ដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បាននៅចំណុចកើតហេតុនោះទេ។ បែរជាឈោ្មះ ម៉ែន អង ដែលជាអ្នកបើកបររថយន្ត ដោយស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បានបើកបរធ្វេសប្រហែសមិនមានការប្រុងប្រយ័ត្ន សូម្បីបន្តិច ហាក់បីដូចជាមើលស្រាលអាយុជីវិតមនុស្ស ដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ។

បន្ទាប់ពីនោះមកឈ្មោះ ម៉ែន អង ដែលជាជនបង្កក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានធ្វើការរត់គេចខ្លួនបាត់ស្រមោលអស់រយៈពេលជាច្រើនឆ្នាំ ដោយមិនអើពើចំពោះទង្វើរបស់ខ្លួននោះទេ។ ចេតនារបស់ឈ្មោះ ម៉ែន អង បានស្តែងចេញអំពីចេតនាទុច្ចរិត មិនទទួលខុសត្រូវយ៉ាងជាក់ច្បាស់ លុះក្រោយមកមន្ត្រីនគរបាលយុត្តិធម៌ បានស្វែងរក និងឈានដល់ធ្វើការចាប់ខ្លួនឈ្មោះខាងលើនេះ។ ប៉ុន្តែឈ្មោះនេះ នៅតែមិនព្រមសងសំណង នៃការខូចខាត និងទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះអំពើរបស់ខ្លួន ដែលបានធ្វើមកលើប្ដីរបស់នាងខ្ញុំ ជាជនរងគ្រោះទាល់តែសោះ។

ស្រាប់តែពេលថ្មីនេះ នាងខ្ញុំបានលឺដំណឹងថា ឈ្មោះ ម៉ែន អង បានឲ្យគេមកអន្តរាគម៍ជាបន្តបន្ទាប់ ដើម្បីដាក់សម្ពាធលើតុលាការក្នុងការសម្រេចសេចក្តី ឲ្យដោះលែងរូបគេឱ្យមានសេរីភាព និងផ្តន្ទាទោសកម្រិតស្រាល ដោយមិនផ្តល់សំណង ជូននាងខ្ញុំជាជនរងគ្រោះខ្លួននោះទេ។

ទង្វើរបស់ឈ្មោះ ម៉ែន អង ពេលនេះហាក់បីដូចជាមិនគោរព និងខ្លាចរអាចំពោះប្រព័ន្ធច្បាប់នៃប្រទេសកម្ពុជា ព្រមទាំងមើលស្រាលទៅលើការអនុវត្តច្បាប់ របស់មន្ត្រីដែលជាអ្នកអនុវត្តច្បាប់ជាខ្លាំង ដោយបុគ្គលឈ្មោះខាងលើនេះ បានរកគ្រប់មធ្យោបាយដើម្បី ឲ្យខ្លួនរួចផុតពីបទចោទ និងព្យសនកម្មរបស់ខ្លួន ដែលបានប្រព្រឹត្តមកលើប្ដីនាងខ្ញុំ។ មិនតែប៉ុណ្ណោះឈ្មោះ ម៉ែន អង បានពឹងពាក់គេមកអន្តរាគម៍នៅក្នុងសំណុំរឿងខាងលើទៀតផង។ នាងខ្ញុំជាស្ត្រីមេម៉ាយ និងជាម្តាយមានកូនក្នុងបន្ទុក ដែលត្រូវមើលថែរក្សាផងនោះ មិនមានសមត្ថភាពឯណាទៅតតាំងដំណើរ ការក្តីក្តាំងជាមួយបុគ្គល ដែលមានមានមាសប្រាក់ មានអំណាចដូចឈ្មោះ ម៉ែន អង នេះ នោះទេ។

នាងខ្ញុំជាពលរដ្ឋស្លូតត្រង់ និងជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុក ថែមទាំងមិនបានរៀនសូត្រជ្រៅជ្រះផងនោះ នាងខ្ញុំមិនមានការយល់ដឹងអំពីបញ្ហាតថភាពផ្លូវច្បាប់ ក៏ដូចជាប្រព័ន្ធនៃការអនុវត្តច្បាប់នោះឡើយ។ ដោយជឿជាក់យ៉ាងក្លាវក្លាលើប្រព័ន្ធច្បាប់ និងអ្នកអនុវត្តច្បាប់ ក្រោមដំបូលសន្តិភាព ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដ៏ឆ្នើមនៃកម្ពុជា ថាអ្នកអនុវត្តច្បាប់ និងមន្ត្រីដែលបម្រើការងារក្នុងស្ថាប័ននានា នឹងមានភាពស្មោះត្រង់ មិនរំលោភបំពានសិទ្ធិ មិនឲ្យជនដែលល្មើស ច្បាប់រួចផុតពីការផ្តន្ទាទោស ឬគេចផុតពីសង់សំណង និងផលប្រយោជន៍របស់ប្រជាជនដែលរស់នៅក្នុងទឹកដី នៃកម្ពុជានោះឡើយ៕