(កំពង់ឆ្នាំង)៖ អាជ្ញាធរឃុំជ្រៃបាក់ មន្រ្តីសាខាកាកបាទក្រហមស្រុករលាប្អៀរ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង និងក្រុមការងារ ដឹកនាំដោយលោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បាននាំយកអំណោយមានគ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភដល់ក្រុមគ្រួសារសពកុមារ៉ារងគ្រោះ ដែលបានស្លាប់ដោយសារការ លង់ទឹក កាលពីថ្ងៃទី១៨ ខែកញ្ញា ម្សិលមិញនេះ ស្ថិតក្នុងភូមិបាញ់ឆ្កោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។

ថ្លែងក្នុងឱកាសលោក ឈាង ចន្ធី បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកអភិបាលខេត្តកំពង់ឆ្នាំងជូនដល់ក្រុមគ្រួសារនៃសព ពិសេសក្នុងនាមថ្នាក់ដឹកនាំទាំងអស់មានការសោកស្ដាយយ៉ាងក្រៃលែង និងសូមចូលរួមមរណៈទុក្ខ ដ៏ក្រៀមក្រំជាទីបំផុតចំពោះគ្រួសារនៃសព។

ថ្នាក់ដឹកនាំឃុំ មន្ត្រីសាខាកាកបាទក្រហមស្រុក និងលោកប្រធានមន្ទីរ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាមានការប្រុងប្រយ័ត្នដោយត្រូវមើលថែទាំកុមារ ដែលនៅតូចៗសូមកុំបណ្ដែតបណ្ដោយឲ្យពួកគេដើរលេង ឆ្ងាយពីផ្ទះ ជាពិសេសកុំឱ្យពួកគេចុះលេងទឹកស្ទឹង ទឹកអូរ បឹងត្រពាំង ជាដើម ដែលនាំឲ្យជួបគ្រោះថ្នាក់ជាយថាហេតុដូចករណីខាងលើនេះ។

ក្នុងឱកាសនោះ ក្រុមគ្រួសារសពក៏ដូចជាអាជ្ញាធរភូមិ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំឃុំ ក្រុមការងារសាខាកាកបាទក្រហមស្រុករលាប្អៀរ ពិសេសលោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង និងក្រុមការងារដែលលោកបានអញ្ជើញមកចូលរួមក្នុងកម្មវិធីបុណ្យសពកុមាររងគ្រោះនាឱកាសនេះ នឹងនាំមកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនមកឧបត្ថម្ភ នៅក្នុងកម្មវិធីបុណ្យសពផងដែរ។

សូមរំលឹកថា សពកុមាររ៉ារងគ្រោះឈ្មោះ សាំង លាភសុខរិទ្ធ អាយុ៦ឆ្នាំ ជាកូនពៅក្នុងចំណោមបងប្អូន ៣នាក់ បានលង់ទឹកស្លាប់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅចំណុចស្ពានមុខវត្តបាញ់ឆ្គោល ស្ថិតក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។ ខណៈដែលរូបគេពីរនាក់បងប្អូនបានទៅកន្លែងខ្ទមអ្នកតាមួយកន្លែងស្ថិតនៅមុខវត្ត ដើម្បីរកមើលនំចំណី ដែលពុទ្ធបរិស័ទតែងយកទៅសែននៅទីនោះដូចសព្វមួយដង តែចៃដន្យអាក្រក់កុមារ៉ារងគ្រោះក៏បានរអិលជើងធ្លាក់ចូលទៅក្នុងទឹកស្ទឹងអស់រយៈពេលជាង៣ម៉ោង ទើបរកសពឃើញ៕