(ភ្នំពេញ)៖ តំណាងកូនចៅសព លោក រ័ត្ន សារិន ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតថ្លែងអំណរព្រះគុណចំពោះសម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងភ្ញៀវទាំងអស់ ដែលបានយាង និមន្ត និងចូលរួមពីធីបុណ្យសព លោកស្រី ហ៊ុល សូភី ត្រូវជាភរិយា។

លិខិតថ្លែងអំណរគុណ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ លោក រ័ត្ន សារិន បានថ្លែងយ៉ាងដូច្នេះថា៖ «តាងនាមឱ្យគ្រួសារសព លោកជំទាវ ហ៊ុល សូភី សូមគោរពថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅ ថ្វាយចំពោះសម្តេច ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមគោរពជូនសម្តេចអតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម ជា សុផារ៉ ឯកឧត្តម ហ៊ីង ប៊ុនហៀង ឯកឧត្តម លោកឧកញ៉ អស់លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងញាតិមិត្តជិតឆ្ងាយ ដែលបានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តម តាមរយៈសាររំលែកទុក្ខក្តី បច្ច័យក្តី និងបានអញ្ជើញចូលរួមរំលែកទុក្ខ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងចូលរួមក្នុងពិធីបូជាសព និងកម្មវិធីបុណ្យ ៧ថ្ងៃ លោកជំទាវ ហ៊ុល សូភី ដែលត្រូវជាភរិយា ម្តាយ ម្តាយក្មេក និង ជីដូន នៃក្រុមគ្រួសាររបស់យើងខ្ញុំទាំងអស់គ្នា។

ជាមួយគ្នានេះដែរ យើងខ្ញុំទាំងអស់គ្នាក៏សូមថ្លែងអំណរគុណដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជួយរៀបចំ និងចាត់ចែងធ្វើបុណ្យជាច្រើនថ្ងៃកន្លងមកនេះ ដែលញ៉ាំងឱ្យពិធីបុណ្យទាំងមូលចាប់តាំងពីថ្ងៃដំបូងរហូតមក ដល់ថ្ងៃបញ្ចប់ប្រព្រឹត្តទៅបានដោយរលូន»៕