(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ រសៀលថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងស្ទោង នៅក្នុងឃុំបន្ទាយស្ទោង និងឃុំរុងរឿង។

នាឱកាសនោះដែរ លោក ​សាយ គឹមឡម បានណែនាំដល់មេឃុំគ្រប់ឃុំត្រូវធ្វើការតាមដាន និងរាយការណ៍ជាបន្ទាន់ និងជាប្រចាំនៅស្ថានភាពបច្ចុប្បន្នភាពទឹកជំនន់នៅក្នុងមូលដ្ឋានរបស់ខ្លួនមករដ្ឋបាលស្រុកឱ្យបានទៀងទាត់ និងទាន់ពេលវេលា។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានត្រូវមានការប្រុងប្រយ័ត្នខ្ពស់នូវទឹកជំនន់ដែលអាចបង្កគ្រោះភ័យគ្រប់ពេលវេលាដូចជា ការលិចលង់ផលដំណាំផ្សេងៗ ការធ្វើឱ្យខូចផ្លូវលំ ផ្លូវជាតិ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ឬអាចធ្វើឲ្យមនុស្សលង់ក៏មានដែរ ជាពិសេសត្រូវធ្វើការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នមើលថែកូនចៅតូចៗដែលចូលចិត្តលេងទឹកផ្ដេសផ្ដាស ឬទុកដាក់កូនចៅក្មេងៗនៅផ្ទះតែឯងដោយពុំមានមនុស្សចាស់នៅជាមួយដែលអាចរងហានិភ័យនូបការលង់ទឹកជាយថាហេតុ។

អភិបាលស្រុកស្ទោង ក៏បានណែនាំដល់គ្រប់បណ្ដាឃុំត្រូវធ្វើការត្រួតពិនិត្យនូវប្រព័ន្ធលូដែលអាចកកស្ទះដោយសារសំរាមផ្សេងៗ ត្រូវធ្វើ ការស្ដារ និងកាយបើកឡើងវិញឱ្យបានទូលំទូលាយដើម្បីរំដោះទឹកឱ្យបានស្រកចុះលឿនក្នុងការជួយសង្គ្រោះផលដំណាំ និង
ហេដ្ឋារចារចនាសម្ព័ន្ធផ្សេងៗជាពិសេសស្រែស្រូវរបស់ប្រជាពលរដ្ឋដែលកំពុងជនលិចឱ្យបានទាន់ពេលវេលា។

លោក សាយ គឹមឡម បានណែនាំដល់គ្រប់ឃុំដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជន់ ត្រូវធ្វើការស្រង់ស្ថិតិ និងផលប៉ះពាល់ផ្សេងៗជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ស្រូវរបស់កសិករ និងផលប៉ះពាល់ផ្សេងៗដោយសារទឹកជំនន់ និងធ្វើការរាយការណ៍ជាបន្ទាន់មករដ្ឋបាលស្រុក។

គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅស្ថានីយស្ទឹងស្ទោង ទឹកស្ទឹងស្ទោងមានកំពស់ ៥។៥៥ម៉ែត្រ ខ្ពស់ជាងពីថ្ងៃម្សិលមិញ ០.០១ម៉ែត្រ ហើយចំណុចត្រូវប្រកាសអាសន្នគឺ ៥.៨០ម៉ែត្រ។