(ភ្នំពេញ)៖ ដោយ​គោរព​អនុវត្ត​ន៍​តាម​សេចក្ដី​អំពាវនាវ​របស់​ប្រមុខរាជ​រដ្ឋា​ភិបាល និង​សេចក្ដី​ណែនាំ​របស់រដ្ឋបាលរាជធានីភ្នំពេញនៅវេលាម៉ោង៧:០០ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣  គណៈកម្មាការផ្សារធំថ្មីរួមជាមួយអាជីវករលក់ដូរ នាំគ្នាអបអរសាទរការ​ដាក់​បញ្ចូល​រមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

អបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ នៅក្នុងសម័យប្រជុំលើកទី៤៥ នៅឯទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ 

ពិធីអបអរសាទរនេះធ្វេីឡេីងនៅទីតាំងផ្សារធំថ្មី​ ដែលរៀបចំដោយគណកម្មាការផ្សារនិងអាជីវករលក់ដូរនៅក្នុងផ្សារធំថ្មី​ រាជធានីភ្នំពេញទាំងមូល។

គណៈកម្មាការផ្សារធំថ្មី​ ក៏ដូចជាអាជីវករទាំងអស់នៅទីនេះមានសេចក្តីរីករាយ​ ជាមួយមហាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ជាតិនៅលើឆាកអន្តរជាតិដែល​ត្រូវ​បាន​អង្គការ​យូនីស្កូ​ សម្រេច​ដាក់​បញ្ចូល​រមណី​យដ្ឋាន​ ប្រាសាទ​កោះ​កេរ​ នៅ​ពេល​នេះ។ នេះ​ជា​ការ​កើតចេញមកពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវិរភាព ក្រោមម្លប់នៃសុខសន្តិភាព និងសមិទ្ធផល នៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។

នៅក្នុងឱកាសនោះគណៈកម្មការផ្សារអាជីវករបាននាំគ្នាវាឃ្មោះ លេងឆៃយ៊ាំគ្រវីទង់ជាតិ និងស្រែកជយឃោស ដើម្បីអបអរសាទរយ៉ាងមហោឡារិក ចំពោះជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ  ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពេលនេះផងដែរ៕