(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ មានមោទនភាព និងក្តីសោមនស្សរីករាយជាទីបំផុត និងបានចូលរួមរៀបចំពិធីទូងស្គរជ័យអបអរសាទរ ការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅខាងមុខបរិវេណទីស្តីការក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងមុខងារសាធារណៈ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ និងក្រុមការងារ រួមទាំងប្រជាជនកម្ពុជាទាំងអស់ ដែលបានរួមកម្លាំងគ្នា ក្នុងស្មារតីខ្មែរតែមួយ និងខ្មែរធ្វើបាន ក្នុងការការពារ ថែរក្សាសម្បត្តិវប្បធម៌ បូរណភាពទឹកដី និងអធិបតេយ្យភាព ហើយរួមគ្នាជ្រោងទង់កម្ពុជាឲ្យកាន់តែមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។

រមណីដ្ឋានបុរាណវិទ្យា ប្រាសាទកោះកេរ មានទីតាំងនៅក្នុងខេត្តព្រះវិហារ ហើយរមណីដ្ឋាននេះ ស្ថិតនៅលើផ្ទៃដីប្រមាណ ៨ពាន់ហិកតា ដែលមានប្រាសាទជាង៧០ ក្នុងនោះមានប្រាសាទធំមួយ ដែលត្រូវបានចាត់ទុកជាពីរ៉ាមីតនៅអាស៊ីអាគេ្នយ៍។ កោះកេរជាអតីតរាជធានីរបស់ខ្មែរក្នុងសតវត្សរ៍ទី១០ ដែលមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ ហើយត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកតំបន់កោះកេរ។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន៖ ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។

បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕

http://image.freshnewsasia.com/2021/id-022/fn-2023-09-20-10-01-45-0.JPG http://image.freshnewsasia.com/2021/id-022/fn-2023-09-20-10-01-47-1.JPG http://image.freshnewsasia.com/2021/id-022/fn-2023-09-20-10-01-49-2.JPG http://image.freshnewsasia.com/2021/id-022/fn-2023-09-20-10-01-51-3.JPG