(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ម៉ែន គុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បានជំរុញយុវជនត្រូវខិតខំរៀនសូត្រដើម្បីទទួលបាននូវចំណេះដឹងពិត ជំនាញពិត ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ ឲ្យរីកចម្រើនបន្ថែមទៀតនៅថ្ងៃអនាគត។

ការលើកឡើងបែបនេះរបស់លោក ម៉ែន គុង ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ដែលកំពុងរៀនវគ្គបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ ក្នុងសាលាវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង។

ក្នុងឱកាសនោះ លោក ម៉ែន គុង បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់លោកគ្រូ អ្នកគ្រូ ជាពិសេសសិស្សានុសិស្សទាំងអស់ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។ លោកថា នេះជាដំណាក់កាលនៃការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យអប់រំ ដោយធ្វើការរឹតបន្តឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីជ្រើសរើសសិស្សានុសិស្សដែលមានសមត្ថភាព និងចំណេះដឹងពិតប្រាកដ ហើយការរឹតបន្តឹងការប្រឡងនេះដែរ ក៏បានកំពុងពញ្ញាក់ស្មារតីរបស់សិស្សានុសិស្សទាំងអស់ឲ្យខិតខំរៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹងពិត ជំនាញពិត ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិរបស់យើងឲ្យរីកចម្រើនបន្ថែមទៀតនៅថ្ងៃអនាគត។

លោកប្រធាន បានបញ្ជាក់បន្ថែមថា ការសិក្សារៀនសូត្រ គឺមានសារៈសំខាន់ណាស់ ក្នុងការផ្តល់នូវធនធានមនុស្សសម្រាប់ការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសគឺការប្រកួតប្រជែងលើគ្រប់ផ្នែក គ្រប់វិស័យ ជាមួយប្រជាជនបណ្តាប្រទេសនានានៅក្នុងសកលលោក ក៏ដូចជានៅក្នុងតំបន់អាស៊ានផងដែរ។ លោកបានចែករំលែកនូវបទពិសោធន៍ក្នុងការៀនសូត្រ ដែលកាលជំនាន់លោកការរៀនសូត្រមានលំបាកណាស់ ដូចនេះស្របពេលដែលប្រទេសយើង មានសុខសន្តិភាព មានសិទ្ធិសេរីពេញលេញ ត្រូវខិតខំរៀនសូត្រឲ្យបានខ្លាំងពូកែដើម្បីអនាគត់ខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ែន គុង បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា ដែលបានខិតខំសម្របសម្រួលដល់ក្រុមការងារបច្ចេកទេស ស.ស.យ.ក ក្នុងការបើកនូវវគ្គបំប៉នដល់សិស្សានុសិស្ស ជាបេក្ខជនត្រៀមប្រឡង ហើយក្រុមការងារមានការរួមចំណែកធ្វើការជាមួយគណៈគ្រប់គ្រងសាសា លោកគ្រូ អ្នកគ្រូ ដើម្បីដំណើរការវគ្គបំប៉ននៅក្នុងឆ្នាំសិក្សាឆ្នាំ២០២២ ២០២៣នេះ ឲ្យសិស្សានុសិស្ស សម្រេចបានគោលដៅ នៅថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខនេះ ទទួលជោគជ័យ និងប្រលងជាប់ទាំងអស់គ្នា៕