(ភ្នំពេាញ)៖ មន្ទីរពេទ្យកុមារហ៊ូណាននៃប្រទេសចិន បានជួយពង្រឹងនិងពង្រីកការផ្តល់សេវាសុខភាពកុមារទារក និងសម្ភពដល់នៅមន្ទីរពេទ្យកុមារជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។

ថ្លែងក្នុងពិធីបើកដំណើរការ បន្ទប់ Hunan Telemedicine និងការប្រគល់ទទួលសម្ភារៈបរិក្ខាវេជ្ជសាស្ត្រ នៅព្រឹកថ្ងៃទី២០កញ្ញានេះ នៅមន្ទីរពេទ្យកុមារជាតិ លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកុមារហ៊ូណាន ប្រទេសចិន បានជួយពង្រឹងនិងពង្រីកការផ្តល់សេវាសុខភាពកុមារទារក និងសម្ភពនៅមន្ទីរពេទ្យកុមារជាតិឲ្យកាន់តែពេញលេញតាមតម្រូវការរបស់ប្រជាជនកម្ពុជា ក្នុងការប្រើប្រាស់សេវាសុខាភិបាលសាធារណ និងជួយបណ្តុះបណ្តាលបន្តដល់និស្សិតធ្វើកម្មសិក្សាព្រមទាំងបុគ្គលិកសុខាភិបាលតាមបណ្តាខេត្តផ្សេងៗផងដែរ។

លោកសាស្ត្រាចារ្យបានបន្តថា កាលពីឆ្នាំ២០២០ មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកុមារហ៊ូណាន បានចុះកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីពង្រឹង និងពង្រីកសមត្ថភាពមន្ទីរពេទ្យកុមារជាតិឱ្យកាន់ប្រសើរដើម្បីផ្តល់ជូននូវសេវាថែទាំព្យបាលទារកនិងកុមារដ៏គួជាទីទុកចិត្ត របស់អតិថិជន។

លើសពីនេះបានបណ្តុះបណ្តាលបុគ្គលិកដោយផ្តោតលើជំនាញបច្ចេកទេសថែទាំព្យាបាលទារក រួមបញ្ចូលទាំងបញ្ហាផ្សេងៗដែលទាក់ទង និងសុខភាពទារកផងដែរ។ សិក្សាជាមួយអ្នកជំនាញឯកទេសនៃមន្ទីរពេទ្យកុមារហ៊ូណាន តាមរយៈអនឡាញ និង សិក្សាដោយផ្ទាល់ រួមទាំងការជ្រើសរើសបុគ្គលិកមួយចំនួនទៅសិក្សាដោយផ្ទាល់នៅមន្ទីរពេទ្យហ៊ូណានទៀតផង។

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស បានបន្តទៀតថាបន្ថែមលើសពីនេះមានការផ្តល់ជូនសម្ភារៈបរិក្ខាវេជ្ជសាស្ត្រសម្រាប់ជួយសម្រួលដល់ការផ្តល់សេវាប្រកបដោយគុណភាពនិងសុវត្ថិភាពស្របតាមបច្ចេកវិទ្យា។  

លោកសាស្ត្រាចារ្យបានបញ្ជាក់ថាការបំពាក់ឧបករណ៏រៀបចំ បន្ទប់Telemedicineនេះគឺស្របតាមបច្ចេកវិទ្យាសម័យឌីជីថល ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលបាននិងកំពុងជំរុញដើម្បីឆ្ពោះទៅប្រព័ន្ធមន្ទីរពេទ្យឌីជីថល។

លោកនាយកមន្ទីរពេទ្យកុមារជាតិជឿជាក់ថា សកម្មភាពនៃកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និង មន្ទីរពេទ្យកុមារហ៊ូណាន នឹងជួយពង្រឹងនិងពង្រីកការផ្តល់សេវាសុខភាពកុមារទារកនិងសម្ភពនៅមន្ទីរពេទ្យកុមារជាតិឱ្យកាន់តែពេញលេញ តាមតម្រូវការរបស់ប្រជាជនកម្ពុជាក្នុងការប្រើប្រាស់សេវាសុខាភិបាលសា ធារណ និងការជួយបណ្តុះបណ្តាលបន្តដល់និស្សិតធ្វើកម្មសិក្សា ព្រមទាំងបុគ្គលិកសុខាភិបាលតាមបណ្តាខេត្តផ្សេងៗផងដែរ។

លោកស្រីសាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិកាក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យកុមារជាតិ បានកោតសើសើរចំពោះសណ្តានចិត្តរបស់ភាគីនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសមន្ទីរពេទ្យហ៊ូណាន ដែលបានប្រឹងប្រែងយ៉ាងសកម្មក្នុងការរួមចំណែកពង្រឹងសមត្ថភាពផ្នែកទារក និងកុមារនៃមន្ទីរពេទ្យកុមារជាតិ ទាំងការផ្តល់នូវចំណេះដឹង និង ជំនួយជាសម្ភារៈផងដែរ ដើម្បីគាំទ្រដល់ដំណើរការនៃការផ្តល់សេវាតាមតម្រូវការក្នុងពេលបច្ចុប្បន្ន។

មិនតែប៉ុណ្ណោះ គឺទស្សនវិស័យសម្របតាមបច្ចេកវិទ្យា ដូចដែលបានជួយរៀបចំបន្ទប់ Telemedicine ព្រមទាំងបំពាក់នូវសម្ភារអោយដំណើរការផងដែរ។

លោកស្រីសាស្ត្រាចារ្យបានបន្តថា នេះគឺជាចំនុចអភិវឌ្ឍថ្មីមួយទៀតដែលមន្ទីរពេទ្យកុមារជាតិពុំធ្លាប់មានពីមុន។ ការអភិវឌ្ឍនេះគឺស្របពេលជាមួយនឹងទស្សនវិស័យរបស់ក្រសួងសុខាភិបាល ក៏ដូចជាការការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងតែប្រឹងប្រែងពន្លឿន និងលើកកម្ពស់បច្ចេកវិទ្យាទំនើបក្នុងវិស័យសុខាភិបាល និងជាចំនុចអាទិភាពរបស់រាជរដ្ឋាភិបាលអណត្តថ្មីផងដែរ។

លោកស្រីសាស្ត្រាចារ្យបានបន្តថា សក្តានុពលរបស់មន្ទីរពេទ្យកុមារជាតិនឹងជួយសម្រួលដល់ប្រជាជនកម្ពុជា ក្នុងការប្រើប្រាស់សេវាសុខាភិបាលសាធារណ និងការបណ្តុះបណ្តាលបន្តនូវធនធានមនុស្សក្នុងវិស័យសុខាភិបាលផងដែរ ជាពិសេសលើជំនាញថែទាព្យាបាលកុមារនិងទារក ដែលឈានទៅរកការកាត់បន្ថយអត្រាមរណភាពកុមារ និងទារក កាន់តែប្រសើរ៕