(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាលើយន្តការតម្រង់ទិសយុវជន ក្នុងការទទួលយកការបណ្ដុះបណ្ដាលចំណេះដឹងទូទៅ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបចេ្ចកទេស ដោយធានានូវភាពបត់បែននៃជម្រើសក្នុងការតម្រង់ទិស ដែលឆ្លើយតប តម្រូវការទីផ្សារការងារ។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យពង្រឹងការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់សាធារណជនអំពីវឌ្ឍនភាព នៃការរៀបចំយន្តការអនុវត្តនូវកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញ និងសន្យាចំពោះប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង ស្ថាប័នដែលពាក់ព័ន្ធផ្ទាល់ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ត្រូវពន្លឿនបន្ថែមនូវរបៀបវារៈរបស់ខ្លួន ស្របតាមយន្តការអនុវត្តដែលបានដាក់ចេញ ឲ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដល់សាធារណជន ឲ្យបានទូលំទូលាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវខិតខំស្វែងរកទីផ្សារកសិផល សម្រាប់ប្រជាកសិករ ជាពិសេស នៅក្នុងរដូវច្រូតកាត់ ដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខ ព្រមទាំងផ្ដល់ការពិគ្រោះយោបល់ អំពីដំណាំសក្ដានុពលសម្រាប់រដូវបន្ទាប់ផងដែរ៕