(ភ្នំពេញ)៖​ លោក​ យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំណែនាំបន្ថែមអំពីខ្លឹមសាព្រះរាជក្រឹត្យ ស្តីពីគោលការណ៍សម្រាប់ការ តែងតាំងទីប្រឹក្សា និងជំនួយការ នៅក្នុងស្ថាប័ននីតិប្រតិបត្តិ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីអស់លោក លោកស្រី តំណាងមកពីក្រសួង ស្ថាប័ន នានា ជាច្រើនរូប នៅសាលាភូមិន្ទរដ្ឋបាល។

ថ្លែងនាឱកាសនោះ លោក យក់ ប៊ុនណា បានឱ្យដឹងថា​ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើការពិភាក្សាអំពីទីប្រឹក្សា និងជំនួយការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង និងរដ្ឋលេខាធិការដ្ឋាននានា ព្រមទាំងទីប្រឹក្សា និងជំនួយការរបស់នាយរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រី ។

លោក យក់ ប៊ុនណា​ បានបញ្ជាក់ទៀតថា ព្រះរាជក្រឹត្យនេះ កំណត់អំពីគោលការណ៍ លក្ខខណ្ឌ និងបែបបទសម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ ក្នុងគោលបំណងពង្រឹងគោលការណ៍ឋានានុ ក្រមរដ្ឋបាល សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ។

លោកអះអាងទៀតថា​ ព្រះរាជក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះទីប្រឹក្សា និងជំនួយការទាំងអស់នៅក្នុងអង្គការនីតិប្រតិបត្តិ លើកលែងតែទីប្រឹក្សា និងជំនួយការរបស់ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ ឬយន្តការនានា របស់រាជរដ្ឋាភិបាល ដែលត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក​ ហើយយព្រះរាជក្រឹត្យនេះមិនមានវិសាលភាពអនុវត្តចំពោះខុទ្ទកាល័យនាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ដែលត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក។

គូរបញ្ជាក់ថា នៅក្នុងជំពូកទី៣ អន្តរប្បញ្ញត្តិ មាត្រា១១ នៃព្រះរាជក្រឹត្យ បានបញ្ជាក់ថា ក្នុងរយៈពេល ៦ខែ គិតចាប់ពីថ្ងៃចូលជាធរមាននៃព្រះរាជក្រឹត្យនេះ ទីប្រឹក្សា ជំនួយការ ឬលេខាធិការ នៅក្នុងអង្គការនីតិប្រតិបត្តិ ដែលជាមន្ត្រីរាជការ ដែលត្រូវបានតែងតាំងដោយទទួលបាននូវការផ្តល់ឋានៈស្មើ មុនពេលព្រះរាជក្រឹត្យនេះចូលជាធរមាន ត្រូវដាក់ពាក្យសុំស្ថិតនៅក្រៅក្របខណ្ឌដើម។ ផុតរយៈពេល ៦ខែនេះ ប្រាក់បំណាច់មុខងារជាទីប្រឹក្សា ជំនួយការ ឬលេខាធិការ ត្រូវកាត់ផ្ដាច់ និងជំនួសដោយប្រាក់បំណាច់មុខងារនៅតាមអង្គភាពដើមរបស់មន្ត្រីរាជការនោះវិញ ហើយទីស្តីការគណៈរដ្ឋមន្តី និងក្រសួង-រដ្ឋលេខាធិការដ្ឋានសាមីត្រូវចាត់វិធានការដើម្បីអនុវត្តឱ្យស្រប តាមបទប្បញ្ញត្តិនៃព្រះរាជក្រឹត្យនេះ៕