(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានយាងអញ្ជើញ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងចូលរួមជាភ្ញៀវកិត្តិយសពិសេសសម្រាប់ពិធីបើកការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ដែលនឹងប្រារព្ធធ្វើឡើង នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មុនអមដំណើរលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធាន NOCC និងជាប្រធានប្រតិភូកីឡាកម្ពុជា ចាកចេញពីមាតុភូមិទៅប្រទេសចិន ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងខាងលើ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ។

អនុប្រធានប្រតិភូកីឡាកម្ពុជាដដែលថា ព្រះរាជវត្តមានព្រះមហាក្សត្រកម្ពុជា ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ី នៅចិន ជាចំណងការទូតភ្ជាប់នឹងកីឡា គឺជាការទូតដ៏ល្អបរិសុទ្ធមួយ ហើយពិតជានាបមហាកិត្តិយសណាស់ ដែលម្ចាស់ផ្ទះកីឡាអាស៊ី សាធារណរដ្ឋប្រជាមានិតចិន បានយាងព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាភ្ញៀវកិត្តិយសពិសេសរបស់ម្ចាស់ផ្ទះ នៅក្នុងពិធីបើកកីឡាអាស៊ី លើកទី១៩ នាថ្ងៃទី២៣ ខែកញ្ញា។

លោកបន្ដថា «ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រកម្ពុជា គឺជាកិត្តិយសជាតិផង និងជាការលើកទឹកចិត្តដល់ប្រតិភូកីឡាកម្ពុជាយើងផង។ យើងទាំងអស់គ្នានឹងត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដែលនឹងបង្ហាញចេញនូវភាពថ្លៃថ្នូរ ក្នុងពិធីបើក ដែលមានព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ។ យើងខ្ញុំទាំងអស់គ្នា ពិតជាមានក្តីរំភើបរីករាយខ្លាំងណាស់ ដែលមានព្រះរាជវត្តមានរបស់អង្គព្រះមហាក្សត្រ គឺជាការលើកកិត្តិយសជាតិ ក្នុងចំណោម ៤៥ប្រទេស ដែលនឹងចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសចិន»

«ការងារការទូតភ្ជាប់គ្នានឹងការងារកីឡានេះ គឺជាការទូតដ៏ល្អបរិសុទ្ធមួយ ក្នុងចំណាប់អារម្មណ៍របស់បណ្តាប្រទេសផ្សេៗ ។ ប្រតិភូ កីឡាករ-កីឡាការិនីកម្ពុជា ដែលត្រូវជាកូនចៅរបស់ព្រះអង្គ នឹងខិតខំប្រឹងប្រែង និងធ្វើបដិសណ្ឋារកិច្ច ព្រមទាំងគោរពប្រតិបត្តិនូវព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ទ្រង់នៅទីណោះ ជាមួយនឹងការត្រៀមគោរពថ្វាយបង្គំព្រះអង្គទៅតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ក្នុងពិធីដង្ហែក្បួនប្រតិភូកីឡា ដើម្បីលើកបង្ហាញដល់មិត្តអន្តរជាតិ ឲ្យបានមើលឃើញពីការគោរពប្រតិបត្តិប្រកបដោយកិត្តិយសយ សេចក្តីថ្លៃថ្នូរ ចំពោះព្រះរាជវត្តមានរបស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទៀតផង» ។ លោក វ៉ាត់ ចំរើន បន្ថែម ។

សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ី លើកទី១៩ នៅទីក្រុង Hangzhou ដែលលើកពេលពីឆ្នាំ២០២២ មករៀបចំនៅឆ្នាំ២០២៣ នេះ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលាខាងមុខ ដោយកម្ពុជា បានបញ្ជូនអត្តពលិក ១៧ប្រភេទកីឡាទៅចូលរួម រួមមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ, បាល់បោះ, ជឺជីតស៊ូ, តេក្វាន់ដូ WT, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ការ៉ាតេ, ទូកក្ដោង, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ ។ មកទល់ពេលនេះ មានកីឡាមួយចំនួន បានធ្វើដំណើរដល់ទីតាំងប្រកួតហើយ ពិសេសក្រុមបាល់ទះបុរសក្នុងសាល ដែលត្រូវបន្ដការប្រកួតទី២ របស់ខ្លួន ជាមួយកូរ៉េខាងត្បូង នារសៀលនេះ ក្រោយប្រកួតបើកឆាកពូលC ចាញ់ឥណ្ឌា ៣-០សិត កាលពីថ្មីៗ ៕