(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា ការហ្វឹកហ្វឺនបំប៉នជំនាញ គឺជាមធ្យោបាយគន្លឹះនៃការធានាសមត្ថភាពកងទ័ព និងនិរន្តភាពនៃប្រៀបកិច្ចការពារជាតិ ពង្រឹងការគោរពវិន័យ សីលធម៌ក្នុងការរស់នៅ ជាងនេះត្រូវអនុវត្តបទបញ្ជា បង្ការ បង្រ្កាប សង្រ្គោះ សាកសមជាមន្ត្រីអនុវត្តច្បាប់។

ការលើកឡើងបែបនេះរបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានធ្វើឡើងក្នុងឱកាសបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថឆមាសទី២ឆ្នាំ២០២៣ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញដល់មន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឆមាសទី២ ឆ្នាំ២០២៣នេះ គឺជាការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលយោធិនអាជីព និងការបង្កើនគុណភាពហ្វឹកហ្វឺនបំប៉នជំនាញឯកទេស ស្របទៅតាមស្ថានភាព និងតម្រូវការនៃសំណូមពរភារកិច្ចចំពោះមុខរបស់អង្គភាព ក៏ដូចជាទិសដៅទស្សនវិស័យនៃដំណើរការកែទម្រង់ទាំងមូលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈកងទ័ព ដើម្បីធានាការពារប្រកបដោយប្រសិទ្ធភាពនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា  អនុលោមតាមរដ្ឋធម្មនុញ្ញ, គោលការណ៍ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា និងជាអនុសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងនាមជាកម្លាំងរបស់ជាតិនិងប្រជាជន គឺមានកាតព្វកិច្ចមិនអាចខ្វះបានប្រទេសជាតិត្រូវតែការពារប្រជាពលរដ្ឋ ត្រូវតែបម្រើច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។

មួយវិញទៀត ត្រូវរក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងមានភាពដាច់ខាតក្នុងការធានាការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និងបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដើម្បីធានាការពារសន្តិភាព និរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ៕