(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញត្រួតពិនិត្យស្ថានភាពការកើនឡើងទឹកជំនន់ក្នុងភូមិសាស្ត្រឃុំទ្រា ឃុំរុងរឿង និងឃុំបន្ទាយស្ទោង ស្រុកស្ទោង។

នាឱកាសនោះលោក ងួន រតនៈ បានណែនាំអាជ្ញាធរស្រុក មេឃុំគ្រប់ឃុំត្រូវធ្វើការតាមដាន និងរាយការណ៍ជាបន្ទាន់ និងជាប្រចាំនៅស្ថានភាពបច្ចុប្បន្នភាពទឹកជំនន់នៅក្នុងមូលដ្ឋានឱ្យបានទៀងទាត់ និងទាន់ពេលវេលា។

លោកបានអំពាវនាវប្រជាពលរដ្ឋ ក្នុងមូលដ្ឋានត្រូវមានការប្រុងប្រយ័ត្នខ្ពស់នូវទឹកជំនន់ដែលអាចបង្កគ្រោះភ័យគ្រប់ពេលវេលាដូចជា ការលិចលង់ផលដំណាំផ្សេងៗ ការធ្វើឱ្យខូចផ្លូវលំ ផ្លូវជាតិ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ឬអាចធ្វើឱ្យមនុស្សលង់ក៏មានដែរ ជាពិសេសត្រូវធ្វើការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នមើលថែកូនចៅតូចៗដែលចូលចិត្តលេងទឹកផ្ដេសផ្ដាស ឬទុកដាក់កូនចៅក្មេងៗនៅផ្ទះតែឯងដោយពុំមានមនុស្សចាស់នៅជាមួយ ដែលអាចរងហានិភ័យការលង់ទឹកជាយថាហេតុ ពិសេសពិនិត្យការជន់លិចផ្ទៃដីដាំដុះដំណាំ ស្រែចម្ការ ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ ទីវត្តអារាម ផ្ទះសម្បែង និងនៅតាមបណ្តាលសាលារៀន។

លោកអភិបាលខេត្ត បានជំរុញអាជ្ញាធរស្រុក ត្រូវតាមដាននូវស្ថានភាពកម្ពស់ទឹក ស្រង់ទិន្នន័យខ្នងផ្ទះប្រជាពលរដ្ឋដែលរងការជន់លិច រាយការណ៍មកថ្នាក់លើ ដើម្បីរៀបចំជំនួយ និងអំណោយជូនដល់គ្រួសារដែល រងផលប៉ះពាល់។

បន្ថែមពីនេះលោក ងួន រតនៈ បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់នៃការហក់ឡើងទឹកជំនន់នៅពេលនេះ ជាពិសេស ត្រូវមើលថែក្មេងៗឱ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសខាំ ឬទិច ព្រមទាំងជំរុញឱ្យអាជ្ញាធរស្រុក ឃុំ ភូមិបន្តតាមដាននូវស្ថានភាពទឹកជំនន់បន្តទៀត ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួនចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕