(ភ្នំពេញ)៖ ក្រុមហ៊ុនរបស់អាមេរិក ជប៉ុន និងចិន ដែលកំពុងវិនិយោគនៅកម្ពុជា ទទួលបានជោគ​ជ័យ និងការវិវឌ្ឍន៍ល្អប្រសើរ ព្រមទាំងត្រៀមការវិនិយោគនៅជំហានបន្តបន្ទាប់របស់ពួកគេ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះទៅពិនិត្យច្រវាក់ផលិតកម្ម និងការវិនិ​យោគរបស់ក្រុមហ៊ុនចំនួន៣ ដែលកំពុងដំណើរការច្រវាក់ផលិតកម្មនៅតំបន់សេដ្ឋកិច្ចពិសេស​រ៉ូ​យ៉ាល់​​គ្រុបភ្នំពេញ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺជាស្ថាប័នមួយរបស់រដ្ឋ មានតួនាទី​ភារ​កិច្ចគ្រប់គ្រង​ការវិនិយោគ​នៅ​កម្ពុជា​។ ការធ្វើដំណើរចុះទៅពិនិត្យច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុននានានៅតំបន់សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់គ្រុបភ្នំពេញនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចង់ស្វែងយល់ពីស្ថានភាពនៃ​ការវិនិ​យោគ ជាពិសេសបញ្ហាទាំងឡាយដែលក្រុមហ៊ុនកំពុងជួបប្រទះ។

ក្រុមហ៊ុន ក៏ដូចច្រវាក់ផលិតកម្មដែលឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះទៅពិនិត្យដោយ​ផ្ទាល់​នាព្រឹកមិញនេះ រួមមាន៖

១៖ ក្រុមហ៊ុន Marvel Garment Co., Ltd. ជាក្រុមហ៊ុនកាត់ដេរ​សម្លៀក​បំពាក់ម៉ាកណៃគី Nike, ប៉ូឡូ Polo, លូលូឡេម៉ុន Lululemon។ ក្រុមហ៊ុននេះ បាន​បង្កើត​​ការងារបានចំនួន ១៣,៣០០កន្លែង។ ក្រុមហ៊ុននេះ ចាប់ផ្តើមវិនិយោគនៅកម្ពុជាឆ្នាំ២០១៩ ក្នុងទុនវិនិយោគ ២៥០លាន​ដុល្លារ​អាម៉េរិក លើផ្ទៃដីទំហំ ៤៥ហិកតា។

ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. ជាក្រុមហ៊ុនផលិតម៉ូទ័រខ្នាតតូច, ម៉ូទ័រកង្ហារ, គ្រឿងបំណែកម៉ាស៊ីន, ឧបករណ៍អុបទិច​សម្រាប់ទូរ​ស័ព្ទ, ប៊ិកអេឡិចត្រូនិក, ឧបករណ៍​រំញ័រ​សម្រាប់ហ្គេមកុំព្យូទ័រ, គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក, ផ្ទាំង​បញ្ចេញពន្លឺ LED, ឧបករណ៍វាស់​ជាតិ​ស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ។ ក្រុមហ៊ុននេះ បង្កើតការ​ងារបាន​ចំនួន​ប្រមាណ ៦,៦៥០កន្លែង។ ក្រុមហ៊ុននេះ បានវិនិយោគនៅ​កម្ពុជា​តាំងពីរឆ្នាំ​២០១១ ក្នុងទំហំទុនវិនិយោគ​ប្រមាណ ៧០លានដុល្លារអាម៉េរិក នៅលើផ្ទៃដីទំហំ ២០ហិកតា។

ក្រុមហ៊ុនមួយទៀត គឺក្រុមហ៊ុន Cambodia Beverage Company., Ltd. ជាក្រុមហ៊ុន​ផលិត​ផលិតផលភេសជ្ជៈ (Coca-Cola, តែ, ភេសជ្ជៈប៉ូវកម្លាំង, ភេសជ្ជៈបំពេញជាតិទឹក...)។ ក្រុមហ៊ុននេះបានបង្កើតការងារចំនួន ២៣០កន្លែង។ ក្រុមហ៊ុន Cambodia Beverage Company., Ltd. របស់សហរដ្ឋអាមេរិកនេះ បានបោះ​ទុន​វិនិយោគចំនួន ១០០លានដុល្លារ​អាម៉េរិក លើផ្ទៃដីទំហំ ១២,៥ហិកតា។

តាមរយៈការជួបជជែកដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនទាំង៣ខាងលើនេះ លោកឧបនា​យក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានកត់សម្គាល់ឃើញថា ច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនមាន​ភាព​ល្អ​ប្រសើរ ហើយត្រូវបានពង្រីកជាបន្តបន្ទាប់។ ក្នុងនោះក្រុមហ៊ុនមីនីបៀ បានចាប់ពីរោងចក្រតែមួយ តែបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ៣ រីឯក្រុមហ៊ុន Marvel ក៏បាននិងកំពុងពង្រីករោងចក្រ​របស់​ខ្លួនលើផ្ទៃដីទំហំ៤០ហិកតាបន្ថែមទៀត។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ចាត់ទុកការ​វិនិ​យោគ​របស់វិស័យឯកជន គឺជាកិច្ចការដ៏ចាំបាច់ដែល​ត្រូវយកចិត្តទុកដាក់ និង​ផ្តល់​កិច្ចគាំពារខ្ពស់។ ក្នុង​នាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើផ្នែកវិនិយោគ លោកឧបនាយករដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល បានដាក់ផែនការចុះជួប និងពិនិត្យដោយផ្ទាល់នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ដែលកំពុងវិនិយោគនៅកម្ពុជា។

កាលពីសប្តាហ៍កន្លងទៅលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះទៅតំបន់សេដ្ឋកិច្ច​ពិសេសនៅក្នុងខេត្តព្រះសីហនុ និងត្រៀមចុះទៅតាមតំបន់សេដ្ឋកិច្ចពិសេសដទៃទៀតផងដែរ។

ក្នុងដំណើរចុះទៅតំបន់សេដ្ឋកិច្ចពិសេសរ៉ួយ៉ាល់គ្រុបភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណវិនិយោគិន ជាអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក៏ដូចជាវិនិយោគិននៃបណ្តាក្រុមហ៊ុន ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងបានពង្រីកគម្រោងវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ក៏ក្រុមហ៊ុននៅតែបន្តដំណើរការវិនិយោគរបស់ខ្លួន ដែលនេះជាការបង្ហាញអំពីជំនឿ​ទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមទៀតថា ក្រុមហ៊ុនទាំងអស់ដែលមកបណ្តាក់ទុននៅកម្ពុជា គឺជាការចូលរួមចំណែកមួយដ៏សំខាន់ ក្នុងការជំរុញកំណើនសង្គមសេដ្ឋកិច្ចកម្ពុជា និងចូលរួមដល់ការធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងលើកឡើងអំពីតួនាទីដ៏មាន​សារៈសំខាន់​របស់​យន្ត​ការច្រកចេញចូលតែមួយនៅនឹងកន្លែងនៃរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ដែលមានមន្ត្រី​តំណាង​ក្រសួងស្ថាប័នពាក់ព័ន្ធប្រចាំការជាប់ជាប្រចាំ ក្នុងគោលបំណងផ្តល់កិច្ចសម្រួល​វិនិយោគគ្រប់​រូប​ភាព ទាំងនីតិវិធីរដ្ឋបាល ការនាំចេញនាំចូលទំនិញ និងការលើកកម្ពស់ជីវភាពរស់នៅរបស់​កម្មក​រ​និយោជិត ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ កិច្ចសម្រួលវិនិយោគប្រកបដោយ​ប្រសិទ្ធ​ភាព​​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ជាឧទាហរណ៍ដ៏ល្អ និងជាផ្នែកមួយនៃការផ្តល់សេវាថែ​ទាំ​វិនិយោគដូចមានចែងនៅក្នុងច្បាប់ និងអនុក្រឹត្យស្តីពីវិនិយោគនៅកម្ពុជា។

ចំពោះសកម្មភាពផ្សព្វផ្សាយទាក់ទាញវិនិយោគមកកម្ពុជា នាពេលខាងមុខ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញឆន្ទៈខ្ពស់ អញ្ជើញទៅពន្យល់ និងផ្សព្វផ្សាយដោយផ្ទាល់ អំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា នៅក្រៅប្រទេស ជាពិសេសផ្សព្វផ្សាយអំពី​គោល​នយោ​បាយ និងផែនការសកម្មភាពចំពោះមុខរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ ក្នុងការទាក់ទាញវិនិយោគមកកម្ពុជា៕