(ភ្នំពេញ)៖ ភាគីកម្ពុជា និងសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រួមគ្នា តាមរយៈការជំរុញឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នាពេលខាងមុខ។

គោលបំណងដែលចង់បង្កើនកិច្ចសហប្រតិបត្តិការនេះត្រូវបានបង្ហាញក្នុងជំនួបពិភាក្សារវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Folakemi Ibidunni Akinleye ឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាប្រចាំកម្ពុជា ដែលមានវេសនដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។

ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយគ្នា ខណៈកត្តាសុខសន្តិភាព និងស្ថិរភាពជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍។

លោករដ្ឋមន្ត្រី សុខ សូកេន បានបង្ហាញពីគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរួមរបស់ក្រសួងទេសចរណ៍ ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើគំនិតផ្តួចផ្តើមថ្មីដែលមានសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា «បង្កើន ៥-Build» ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣-3Ds»។

ពិសេសលើសនេះ លោករដ្ឋមន្ត្រី សុខ សូកេន និងលោកស្រីឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ា បានបង្ហាញពីគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រួមគ្នា តាមរយៈការជំរុញឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នាពេលខាងមុខ៕