(ភ្នំពេញ)៖ ប្រធានប្រតិភូមកពីសហព័ន្ធអន្តរជាតិ (IFRC) ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) និងប្រធានប្រតិភូនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១០ បានស្ងើចសរសើរភាពជាអ្នកដឹកនាំ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការរៀបចំ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ប្រកបដោយភាពរួសរានរាក់ទាក់ ជូនដល់គណៈប្រតិភូដែលបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ នាសណ្ឋាគារសុខា។

តាមរយៈកិច្ចសម្ភាសបូកសរុបលទ្ធផលថ្ងៃទី១ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ដែលធ្វើឡើងនៅធ្វើ នាសណ្ឋាគារសុខា លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា អ្វីជាការចាប់អារម្មណ៍របស់គណៈប្រតិភូ តាំងពីនាទីដំបូងមកដល់ទឹកដីកម្ពុជា (នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ) ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ ប្រតិភូកម្ពុជាបានចាំទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងរួសរានរាក់ទាក់។ ជាពិសេសក្នុងឱកាសមកទស្សនកិច្ចនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឃើញថាការមានរៀបចំបានយ៉ាងល្អ ហើយមានការបែងចែកការងារប្រកបដោយប្រសិទ្ធភាព។

លោកស្រីបានបន្ដថា «អ្វីដែលកាន់តែពិសេសនោះ គឺក្នុងថ្ងៃបើកជាផ្លូវការនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០នៅថ្ងៃនេះ គណៈប្រតិភូដែលបានចូលរួម បានស្ងើចសរសើរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាប្រធានដឹកនាំកិច្ចប្រជុំ បានរៀបចំ និងបដិសណ្ឋារកិច្ច ប្រកបដោយភាពកក់ក្ដៅ ។លើសពីនោះទៀត គឺកាន់តែកក់ក្ដៅពេលបានទទួលស្វាគមន៍ដោយផ្ទាល់ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត»។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ហើយក្នុងឱកាសនោះ កាកបាទក្រហមកម្ពុជា ក៏ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ផងដែរ ចាប់ពីថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីសមាគមជាតិអឌ្ឍចន្ទក្រហមព្រុយណេ ធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២២។

ដូច្នេះមុនដំណើរការកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០នេះ ក៏បានរៀបចំវេទិកាយុវជនអាស៊ីអាគ្នេយ៍លើកទី២ ដែលមានប្រតិភូយុវជន មកពីសមាគមជាតិទាំង១១ និងមន្ត្រីសម្របសម្រួលមកពីសហព័ន្ធអន្តរជាតិ និងយុវជនកាកបាទក្រហមកម្ពុជា ជា អិល.អូ សរុប ៥៥នាក់។ វេទិកាយុវជននេះ បានផ្ដោតសំខាន់លើការកសាងសមត្ថភាពនៃការប្រាស្រ័យទាក់ទង និងដោះស្រាយបញ្ហារបស់យុវជន ដោយប្រើបច្ចេកវិទ្យាឌីជីថល និងវេទិកាផ្សេងៗ ដោយការអនុវត្តវិធីសាស្ត្រ ច្នៃរកដំណោះស្រាយថ្មី ក្នុងការងារមនុស្សធម៌។

សម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំ ធ្វើឡើងក្នុងយគោលបំណង ពិភាក្សា ពិគ្រោះយោបល់ ស្វែងរកដំណោះស្រាយថ្មី ក្នុងវិស័យមនុស្សធម៌ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការក្នុងចលនាអន្ដរជាតិ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

គួររម្លឹកថា មុនមួយថ្ងៃនៃកិច្ចប្រជុំថ្នាក់ដឹកនាំ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ បានគណៈប្រតិភូយុវជនទាំងអស់ ទៅដាំដើមឈើចំនួន ជិត២ពាន់ដើម លើផ្ទៃដីជាង ២ហិកតា និងនៅកសិណ ជុំវិញព្រះចុល្លាមុនីចេតិយ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ក្នុងឧទ្យានជាតិសុរាម្រឹតព្រះកុសុមៈគិរីរម្យ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីដំណោះស្រាយដោយផ្អែកលើធម្មជាតិ ក៏ដូចជាលើកទឹកចិត្តដល់ការចូលរួមរបស់យុវជនក្នុងការដាំដើមឈើ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ៕